រដ្ឋាភិបាល​សម្រេច​លើក​លែងពន្ធប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិយានជំនិះមួយចំនួន

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 1:29 PM | ពាណិជ្ជកម្មអចលនទ្រព្យ | 0 | 872 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីកន្លង​ទៅ

រដ្ឋាភិបាលបាន​​សម្រេច​លើក​លែ​ងពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​​លើមធ្យោបាយ​ដឹកជញ្ជូននិងយានជំនិះមួយ​ចំនួន រួមមានទោចក្រយានយន្តនិងត្រី​ច​ក្រយាន​​យន្ត​គ្រប់ប្រភេទជាដើម ដែល​រដ្ឋាភិបាល​អះអា​ង​ថា​នឹង​ជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកម្រិត។

នៅ​ក្នុង​សេចក្តីសម្រេចមួយចុះថ្ងៃទី​១០ខែមិនា រដ្ឋាភិបាលបាន​​សម្រេច​លើក​លែ​ងពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​សម្រាប់ទោចក្រយានយន្ត ត្រី​ច​ក្រយាន​​យន្ត​គ្រប់ប្រភេទត្រាក់ទ័រនិង​ជល​យានយន្តគ្រប់ប្រភេទ​​​ដែលមាន​កម្លាំងដល់​១៥០សេះ។

រដ្ឋាភិបាល​បញ្ជាក់​ថា​សេចក្តី​ម្រេច​នេះ​មិន​មា​ន​ប្រតិសកម្ម​ទៅ​លើ​ប្រាក់ពន្ធ​ដែល​បន​បង់រួចហើយ​នោះទេ។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោកនៅរសៀលថ្ងៃ​ព្រហស្បតិ៍នេះ​ថា​៖ “ថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខាលើសេចក្តីសម្រេចស្ដីពីការលើកលែងពន្ធ​ប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ទោចក្រយាន្តយន្ត ត្រីចក្រយាន្តយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយាន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់១៥០សេះ”។ លោក​បន្ត​ថា​៖ “ខ្ញុំសង្ឃឹមថាសេចក្ដីសម្រេចនេះនឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដែលនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនបានធូរស្រាលមួយកម្រិត​ធំផងដែរ”

គួរបញ្ជាក់​ថាជាធម្មតាការផ្ទេរកម្មសិទ្ធិលើ​​ទោចក្រយានយន្ត ត្រី​ច​ក្រយាន​​យន្ត​គ្រប់ប្រភេទ ត្រាក់ទ័រនិង​ជល​យានយន្តគ្រប់ប្រភេទ ត្រូវបង់ពន្ធ​ប្រថាប់ត្រានៅ​អគ្គនាយកដ្ឋានពន្ធដារ​។

បើតាម​ឯកសារ​របស់​អគ្គនាយកដ្ឋានពន្ធដារ រថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកទំនិញធុនស្រាល រថយន្ត ទោចក្រយានយន្តកាណូត សាឡង់និងកប៉ាល់ត្រូវជាប់ពន្ធប្រថាប់ត្រាតាមអត្រាសមាមាត្រ៤ភាគរយ(នៃតម្លៃទីផ្សារ​)ចំពោះការផ្ទេរកម្មសិទ្ធិ។ ការបង់ពន្ធ​ប្រថាប់ត្រាសម្រាប់ការផ្ទេរ​សិទ្ធិនេះ​ជា​បន្ទុក​របស់អ្នក​ទទួល​ផល។​ ប៉ុន្តែ​សម្រាប់ការអនុវត្តនាពេលបច្ចុប្បន្ន​នេះ ភាគីអ្នកលក់និងអ្នកទិញជា​អ្នក​ចរចាជាមួយគ្នា​ថាតើនរណាត្រូវបង់ពន្ធនេះ។​

គួរបញ្ជាក់​ថា​រដ្ឋាភិបាល​បានលុបចោល​​​កា​រ​យក​​ពន្ធផ្លូ​វ​ស​ម្រាប់ ម៉ូតូ រឺម៉ក​កង់បី រួមទាំង​គ្រឿងយន្តកសិកម្ម​ ត្រាក់ទ័រ គោយន្ត កាណូតផ្សេងៗ​ចាប់ពីឆ្នាំ២០១៦នេះ៕​

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required