មន្រ្តីរដ្ឋាភិបាល​ថា​ក្រ​សួង​កំពុង​រៀប​ចំផ្ទេរ​ការ​គ្រប់គ្រង​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

អនុរដ្ឋលេខាធិការក្រ​សួង​មហាផ្ទៃនិង​ជា​អនុប្រ​ធាន​ប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មកាធិការជាតិសម្រាប់​ការអភិវឌ្ឍតាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម​ជាតិ លោក ង៉ាន់ ចំរើន ថ្លែង​ទៅកាន់អ្នក​សារព័ត៌មាន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ​

មន្រ្តី​រដ្ឋាភិបាល​ឲ្យដឹង​ថា​ក្រ​សួងមួយចំនួន​កំពុង​រៀប​ចំផ្ទេរការគ្រប់គ្រងរបស់​ខ្លួន​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ដោយ​ថា​​ដើម្បី​ផ្តល់​​សេវាសាធារណៈនិង​អភិវឌ្ឍមូល​ដ្ឋាន​ឲ្យបានកាន់តែប្រ​សើរនិង​ឆ្លើយ​តប​ទៅ​តាម​សេចក្តីត្រូវការ​របស់​ប្រ​ជាពល​រដ្ឋ។

​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​ចាំឆ្នាំ​របស់​អង្គការគណៈកម្មការសហប្រតិបត្តិការ​ដើម្បី​កម្ពុជា នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ អនុរដ្ឋលេខាធិការក្រ​សួង​មហាផ្ទៃនិង​ជា​អនុប្រ​ធាន​ប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មកាធិការជាតិសម្រាប់​ការអភិវឌ្ឍតាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម​ជាតិ លោក ង៉ាន់ ចំរើន ថ្លែងថាផែន​ការ​អភិវឌ្ឍន៍​៣ឆ្នាំ​ដំណាក់កាលទី​២​របស់​រដ្ឋា​ភិបាល​ចាប់​អនុវត្តពី​ឆ្នាំ​២០១៥ទៅ​២០១៧។ លោក​បន្តថា​ផែន​ការអភិវ​ឌ្ឍន៍​នេះ​ផ្តោតសំខាន់ទៅ​លើ​ការ​ជំរុញឲ្យមានការផ្ទេរ​ភារកិច្ចមុខងារនិង​ធន​ធាន​ទៅ​កាន់​រដ្ឋបាលថ្នាក់​ក្រោម​ជាតិ។

លោក​បន្ត​ការ​ផ្ទេរការគ្រប់គ្រងនេះ​នឹង​ពង្រឹកការ​ដឹកនាំប្រ​កប​ដោយ​ប្រ​សិទ្ធភាព ​គណនេយ្យភាពចំពោះ​ប្រ​ជា​​ពល​រដ្ឋនិង​សង្គមក៏​ដូច​ជា​រដ្ឋា​ភិបាល​ក្នុង​ក្របខណ្ឌច្បាប់។ លោកមានប្រសាសន៍ថា៖ “ការ​ផ្ទេរមុខងារមិន​មែន​ឲ្យទៅ​តែ​មុខងារទទេនោះទេ មាន​ន័យ​ថា​យើង​ឲ្យ​ទៅ​ទាំងធនធាន​ទាំងឡាយ រាប់ទាំងធនធាន​មនុស្សនិង​ធនធាហិរញ្ញ ដើម្បី​ធានាឲ្យ​រដ្ឋបាលថ្នាក់ក្រោម​ជាតិមាន​លទ្ធភាព​សម្រេចបាន​ដែល​ផ្ទេរទៅ​ឲ្យ”

ទោះ​យ៉ាងណា លោក ង៉ាន់ ចំរើន ថា​ការ​ផ្ទេរ​មុខងារទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នេះនៅ​មាន​ភាព​សាំញ៉ាំមួយ​ចំនួន  ដែល​លោក​ថាទាម​ទារ​ឲ្យ​រដ្ឋា​ភិបាលធ្វើ​ឡើង​ដោយ​ប្រុងប្រ​យ័ត្ន។ លោកបញ្ជាក់ថា​យន្ត​ការនៃការ​​ផ្ទេរមុខងារស្ថិតក្នុង​ដំណាក់កាលពិភាក្សា​នៅ​ឡើយសម្រាប់​ក្រ​សួង​មួយចំនួននិង​ក្រ​សួង​ខ្លះ​ទៀត​ក៏​បាន​ធ្វើ​រួ​ចហើយ​ដែរ។​ លោក​បន្ថែមថា៖ “ដើម្បី​ធានាថា​ដើម្បី​ផ្ទេរ​មន្ត្រី​ដែលគាត់​ធ្លាប់នៅ​ក្រោម​ក្រ​សួង ទៅ​នៅ​ក្រោម​ក្រុមប្រឹក្សា​គណៈអភិបាលក្រុងស្រុក រាជធានីខេត្ត នៅពេល​ដែល​ច្បាប់មិនទាន់​អនុម័តត្រឹម​ត្រូវមានបែបផែន​យ៉ាងម៉េចដើម្បី​ធានាផល​ប្រ​យោជន៍​របស់​បុគ្គលិក​មិន​បាត់​បង់”

បើតាម​លោក ង៉ាន់ ចំរើន​ ក្រ​សួង​បរិស្ថាន​បាន​ផ្ទេរមុខងារគ្រប់គ្រង​សំរាមនិងសំណល់​រឹង​នៅទីប្រជុំជនដល់​រដ្ឋ​បាល​រាជធានី ក្រុងស្រុក​ខណ្ឌនៅទូទាំងប្រ​ទេស​រួចរាល់​ហើយនិង​កំពុង​បន្ត​ពិនិត្យ​លទ្ធភាព​ការ​ផ្ទេរ​ការ​គ្រប់គ្រង​សំណល់​រាវបន្ត​ទៀត។ លោក​បន្តថាក្រ​សួ​ងសង្គម​កិច្ចក៏កំពុង​ផ្ទេរបណ្តើរៗនូវមុខងារគ្រប់គ្រងនិងតាម​ដាន​ត្រួតពិនិត្យមណ្ឌលថែទាំកុមារ។

លោក​បន្ថែម​ថា​ក្រ​សួង​អប់រំកំពុងរៀប​ចំលិខិត​បទដ្ឋាន​ផ្ទេរការគ្រប់គ្រងការអប់រំកម្រិត​បឋម​សិក្សា ការអប់រំកុមារតូចនិង​ការ​អប់រំក្រៅប្រ​ព័ន្ធទៅក្រុង​ស្រុក​ខណ្ឌមួយ​ចំនួន​នៅក្នុង​ឆ្នាំ​២០១៦នេះ។ ដោយឡែកលោកថាក្រ​សួង​សុខាភិបាល​ក៏បាន​អនុវត្តសាកល្បង​ផ្ទេរមុខងារមណ្ឌលសុខភាពទៅ​ឲ្យ​រដ្ឋបាល​ស្រុក​គោល​ដៅមួយ​ចំនួ​ន​ផង​ដែរ។

អ្នក​នាំពាក្យ​ក្រ​សួង​សុខាភិបាល លោក លី សូវ៉ាន់ ប្រាប់វីអូឌីតាមទូរស័ព្ទ​ថាតាម​លទ្ធផល​ដែល​អង្គការ​ដៃគូរបាន​សិក្សា​ចំពោះ​ការ​ផ្ទេរ​ការ​គ្រប់គ្រង​មណ្ឌលសុខភាព​នៅ​ក្រោម​រដ្ឋបាល​ថ្នាក់​ក្រុង ស្រុក​ខណ្ឌ បង្ហាញ​ថាគុណភាព​សេវាសុខភាព​ដែល​ផ្តល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​មាន​លក្ខណៈល្អប្រ​សើរជាង​មុន ពេល​ដែលមាន​ការផ្ទេរការគ្រប់គ្រងនេះ។ លោក​បន្តថាក្រោយពី​មាន​ការ​ផ្ទេរ​ការគ្រប់គ្រង ប្រាក់​ខែមន្ត្រីសុខាភិបាលក្នុងមណ្ឌលសុខភាព ធនធាន​ហិរញ្ញវត្ថុនិងការ​ងារប្រ​តិបត្តិផ្សេងទៀតនៅ​តាម​មណ្ឌលសុខភាពក៏​ស្ថិតក្រោមការ​គ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង​ស្រុកខណ្ឌផងដែរ។

លោក​បន្ថែម​ថា៖ “វាយតម្លៃ​ជារួម​ទៅក្រោយពីមានការកំណែរទម្រង់ទៅភាពពេញចិត្ត(ពី​អ្នក​ទទួល​សេវា)មានភាព​ប្រ​សើរឡើងពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយភាព​ពេញចិត្ត​ហ្នឹង​លើស​ពី៩០​ភាគរយ បើ​យើង​ធ្វើ​ជា​មធ្យមភាគ”

លោក​ឲ្យ​ដឹងថា​ក្រ​សួង​សុខាភិបាលជា​អ្នក​តាម​ដាន​ពី​លទ្ធផលដែល​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌនោះ​សម្រេចបាន ជាជាងការត្រួតពិនិត្យ​ទៅ​លើ​ការ​ប្រ​តិបត្តិរបស់​មណ្ឌលសុខភាព​។

គួរបញ្ជាក់​ថា​កាលពីថ្ងៃទី​២៥ ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងព្រមានទៅរដ្ឋមន្រ្តីទាំងអស់ថាកុំអោប​អំណា​ច​​​ឬការគ្រប់គ្រង​មក​ក្នុងក្រសួង​របស់ខ្លួន​តែម្នាក់ឯង។ លោកបញ្ជា​ឲ្យ​រដ្ឋមន្រ្តី​ផ្ទេរមុខងារនិងធ្វើ​ប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ