សម្ដេចសង្ឃ ទេព វង្ស បដិសេធដឹកឈើ នៅខេត្ដសៀមរាប

ដោយ លោក បូ សាវី​​ | ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 6:00 PM | អំពើពុករលួយ | 0 | 12913 រថយន្ដដឹកឈើសម្ដេចសង្ឃ ទេព្យ វង្ស (បូ សាវី)

សម្ដេចសង្ឃរាជ ទេព វង្ស នៅថ្ងៃទី០៩ខែមិនានេះ បានបដិសេធថា មិនជាប់ពាក់ព័ន្ធការដឹកជញ្ជូនឈើ ធ្វើស្ពាន និងកន្លែងកំសាន្ដ នៅតំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ខេត្ដសៀមរាបនោះទេ។

កាលពីម្សិលមិញសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងមន្ដ្រីបរិស្ថានបានឃាត់រថយន្ដយីឌុប​ដឹក​​ឈើពីរគ្រឿង ដោយចោទថា ដឹកឈើលើសច្បាប់កំណត់។សមត្ថកិច្ចបានដកស្រង់សម្ដីប្រធានសហគមន៍​បឹងពារាំងលោក គង់ មង្គល ថា ឈើនោះជារបស់សម្ដេចសង្ឃ ទេព វង្ស ដឹកចេញពីក្រុមហ៊ុនកូម៉ូលីថិក អិលធីឌី យកទៅអភិវឌ្ឍន៍តំបន់ទេសចរណ៍បឹងពារំាង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។

ប្រធានមន្ទីរព័ត៌មានខេត្ដសៀមរាបលោក​ លីវ សុខុន បានសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៩ខែមិនានេះ ដោយការពារសម្ដេចសង្ឃ ទេព វង្ស ថា ឈើពីររថយន្ដយីឌុបនោះ មិនជាប់ពាក់ព័ន្ធនឹងព្រះអង្គនោះទេ។សេចក្ដីប្រកាសព័ត៌មានបន្ដថា ឈើទាំងនោះជាឈើ​របស់សហគមន៍បឹងពារាំង ដែលដឹកនាំដោយចៅសង្កាត់ជ្រាវ លោក ក្អោប រ៉ន ព្រះចៅអធិការវត្ដព្រិន និងប្រធានសហគមន៍បឹងពារាំងលោក គង់ មង្គល។

សេចក្ដីប្រកាសដដែលអះអាងថា ឈើទាំងនោះដឹកចេញពីក្រុមហ៊ុនរោងម៉ាស៊ីនកែឆ្នៃឈើឈ្មោះ កូម៉ូលីថិក អិលធីឌី ស្ថិតនៅស្រុកគូលែន ខេត្ដព្រះវិហារ មានចំនួន៥៨ម៉ែត្រគូប ខណៈអ្នកដឹកជញ្ជូន ថាមានចំនួន៦៦ម៉ែត្រគូប។

កាលពីថ្ងៃទី០៩ខែមិនានេះ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ដសៀមរាប លោក ម៉ុង ប៊ុនលីម ឲ្យដឹងថា ការឃាត់រថយន្ដដឹកឈើធន់យក្សនេះ បន្ទាប់ពីមន្ដ្រីបរិស្ថានរកឃើញថា បានដឹកឈើលើសច្បាប់កំណត់ចេញពីរោងម៉ាស៊ីនកែឆ្នៃឈើរបស់ក្រុមហ៊ុនមួយឈ្មោះ​កូម៉ូលីថិក អិ​ល​ធីឌី ស្ថិតនៅក្នុងស្រុកគូលែន ខេត្ដព្រះវិហារ ដើម្បីយកទៅធ្វើកន្លែងទស្សនានៅតំបន់ទេសចរនាខេត្ដសៀមរាប។

លោកបន្ដថា តាមការអះអាង របស់អ្នកទទួលខុសត្រូវលើការដឹកការជញ្ជូនឈើនេះ លោកថា ឈើនោះជាឈើរបស់សម្ដេចសង្ឃ ទេព្យ វង្ស។ លោកបន្ថែមថា តាមច្បាប់អនុញ្ញាតពីប្រធានមន្ទីរបរិស្ថានខេត្ដព្រះវិហារ លោក ពឹង ទ្រីដា បានអនុញ្ញាតឲ្យដឹកជញ្ជូនមួយរថយន្ដត្រឹម១៥ម៉ែត្រគូប ប៉ុន្ដែអ្នកទទួ​ល​ខុសត្រូវ បានដឹកលើ​សពីច្បាប់កំណត់។

ទោះជាយ៉ាងណា ក្រោយពីសមត្ថកិច្ចជំនាញត្រួតពិនិត្យ ស្ថាប័នរដ្ឋបាលព្រៃឈើ បានយករថយន្ដទាំងពីរគ្រឿងនឹងឈើមួយចំនួនដែលើសច្បាប់កំណត់ទៅក្សាទុកនៅផ្នែករដ្ឋបាលព្រៃស្រុកបន្ទាយស្រី កាលពីម្សិលមិញ៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required