លោក ហ៊ុន សែន បន្តលើកពីយុទ្ធសាស្ត្រឈ្នះៗ ខណៈប្រទេសមួយចំនួនកំពុងផ្ទុះសង្គ្រាម

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកឡើងវិញពីយុ​​​ទ្ធ​​សាស្ត្រឈ្នះៗ ដោយថាយុទ្ធសាស្ត្រទាំង​នោះបាន​នាំមកនូវការប​ញ្ច​ប់​​សង្គ្រាមស៊ីវិលនៅកម្ពុជានិងបា​នក្លា​យជាអច្ឆរិយពិ​ភព​លោ​ក បើប្រៀបធៀបនឹង​​ប្រទេស​មួយចំនួ​នដែលកំ​ពុ​​ង​​ផ្ទុះ​​សង្គ្រាមនៅឡើយនោះ។

នៅក្នុងពិធីមួយនៅខេត្តព្រៃវែងនាព្រឹកថ្ងៃសុក្រនេះ លោក ហ៊ុន សែន បានថ្លែងថា នៅពេលមុខឆាប់ៗនេះ លោក​នឹងបញ្ចូនមន្ត្រីរបស់ខ្លួនទៅចែករំលែកបទពិសោធន៍ស្តីពីយុទ្ធសាស្ត្រឈ្នះៗ ដល់ប្រទេសមី​យ៉ាន់ម៉ាឬភូមា​ ដែលលោកថា ​ប្រទេសនោះមិនទាន់មានសន្តិភាពពេលលេញដូចកម្ពុជាទេ។

សន្តិភាពនេះ លោក ហ៊ុន​ សែន ទំនងជាសំដៅដល់ក្រុមប្រដាប់អាវុធមួយចំនួននៅភូមា មិនទាន់​ចូលជ្រ​ក​ក្រោ​​ម​ការដឹកនាំ របស់រដ្ឋាភិបាលដែលទើបឈ្នះឆ្នោត។

បើតាមលោក​ ហ៊ុន សែន ប្រទេសមី​យ៉ាន់ម៉ាមានកម្លាំងប្រដាប់អាវុធ៨ក្រុម ចុះចូលជាមួយរដ្ឋាភិបាលថ្មី តែ៧ក្រុម​ទៀត ​លោក​ថានៅ​ក្រៅ​រដ្ឋា​ភិ​បា​លនៅឡើយ។

លោក ហ៊ុន សែន ថ្លែងទៀតថាការបញ្ចប់សង្គ្រាមស៊ីវិលដែលបក្សច្រើនឲ្យមក​ចូលរួមក្នុង​កម្លាំង​តែមួយដូ​ចបច្ចុប្ប​ន្ន លោកថាតាមរយៈយុទ្ធសាស្ត្រឈ្នះៗរបស់លោកដែលលោក​គិតថាប្រ​ទេសមួ​យចំ​នួន​មិន​អាច​​ធ្វើបា​​នដូចកម្ពុជា។

លោកថា៖ «នេះហើយជារឿងអច្ឆរិយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលនៅលើពិភពលោកនេះ ​មិន​ទាន់​មាន​ច្រើនទេនៅ​ស្ថានភាពបែបនេះ។ នៅ​ប្រទេសស្រីលង្កា ការប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​វាយផ្តា​ច់​ទាំ​​ង​ស្រុង ទៅលើកម្លាំងឧទ្ទាម របស់តាម៉ិលតែម្តង មិនមែនអនុវត្តន៍នូវន​យោបាយឈ្នះៗទេ​។​ នៅ​ហ្វីលីពី​ន​កំពុ​ងបែងចែកកោះម៉ាឌីណាវ។ ឥឡូវហ្នឹង ពួកអាប៊ុលសាយយាត ឲ្យចូលជាមួយអាយស៊ីស៊ី ទៅកាន់​ក្បា​ល​អាលឺម៉ង់ រឿងរ៉ាវមិនធម្មតាពេកទេ។ ប៉ុន្តែនៅកម្ពុជាយើង កាលពីសម័​យហែកហួរដោយសង្គ្រាម យើ​ងមា​នលទ្ធភាពកសាងសន្តិភាព»។

ប្រទេសមី​យ៉ាន់ម៉ាឬភូមាបច្ចុប្បន្ននេះ ដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សា​នសូជី ដែលគណបក្សថ្មីនេះ ទើបបាន​ឡើង​កាន់អំណាច​ជំនួស​របប​យោធានា​និយម​របស់​លោក ថេន សេន តាមរយៈការបោះឆ្នោត។

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គ​ម លោក ប៊ួ បញ្ញា លើកឡើងថា ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា លោក​ថា មួយភាគធំបានពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១។

លោក ប៊ួ បញ្ញា បន្តថា គម្រោងបញ្ជូនមន្ត្រីទៅប្រទេសភូមា ដើម្បីចែករំលែក​បទពិសោធន៍​ពីយុទ្ធសាស្ត្រ​ឈ្នះ​​ៗ ​លោកថាគ្រាន់តែជាការចង់ទាក់ទាញអារម្មណ៍ពលរដ្ឋមុនការបោះឆ្នោត។

បើ​តា​មលោក ប៊ួ បញ្ញា កម្ពុជា​ទៅវិ​ញទេ ដែ​លត្រូវយកគំរូតាមប្រទេសភូមា ដូចជាក្រោយការបោះឆ្នោត ភូមា បានការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋទាក់ទាញអ្ន​កវិ​និយោ​​​គធំ​ៗ ការផ្សះ​ផ្សាជាតិ មានការផ្ទេ​​​រអំណា​ច​ដោ​​​​យសន្តិវិធី របស់មេដឹកនាំយោធាដែលចាញ់ឆ្នោត លោក ថេន សេន ជា​ដើម ដែលលោកថា មក​ដល់ពេ​ល​នេះ ​អ្នកនយោបាយខ្មែរ ហាក់មិនទាន់បាននិយាយពីកា​រផ្ទេរអំណាចដោយស​ន្តិវិធីណា​មួយ​នៅ​​ឡើយទេ ខ​ណៈការបោះឆ្នោតជាតិជិតមកដល់។

លោកថា៖ «ភូមា ខ្ញុំចាំមិនច្បាប់ពីមុនមានរហូតដល់៣០ក្រសួងជាង ឥឡូវមកនៅតែ ២០ក្រសួងជាងទេ ហើយមានលោក ស្រី អ៊ុង សានស៊ូជី ជាមេដឹកនាំបក្សប្រឆាំងនេះ គាត់កាន់ក្រសួង៤តែឯង។ ព្រោះអី ដើម្បី​កាត់ប​ន្ថយនូវការចំណា​យថវិការជាតិអាហ្នឹ​ងទី២។ ហើយទី៣ យើ​ងមើលគោលនយោបា​យផ្សះផ្សាជា​តិរបស់​គេហ្នឹងម៉េច? ការបោះឆ្នោតរបស់គេ កាលណាគណបក្សកាន់អំណាចចាញ់ឆ្នោត គឺគេផ្ទេរអំណា​ចដោយ​សន្តិវិធីឲ្យទៅបក្សប្រឆាំង»។

យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរំឭកផងដែរថា រដ្ឋាភិបាលនឹងប្រើគ្រប់វិធានការ ដើម្បី​ទ​ប់ស្កាត់​នូវអ្វីដែលលោកគិតថា មិន​​អនុញ្ញាតឲ្យ​ក្រុមណាមួយមកបំផ្លាញសន្តិភាព ដែលរដ្ឋាភិបាលកំពុង​រក្សា​បានដូច​បច្ចុ​ប្បន្ន​នេះទេ។

លោកថា៖ «បញ្ហាសុខសន្តិភាពត្រូវការពារឲ្យបាន បើការពារមិនបានហើយ កុំនិយាយដល់ប្រជាធិបតេយ្យ កុំនិយា​យពីសិទ្ធិមនុស្ស កុំនិយាយដល់អ្វី ដែលទាក់ទងនឹងការអភិវឌ្ឍ។​ យើងពិសោធន៍​ឆ្នាំ១៩៧​០ដ​ល់៧​៥ និ​ងពី៧៥ដល់៧៩ហើយ។ មិនត្រឹមតែមិនបានកសាងទេ តែវាបានបំផ្លា​ញ​​ដ​​ល់​ឫសគល់តែម្តង ទាំងវិ​ស័យពុទ្ធចក្រ ទាំងអាណាចក្រ ដោយសារអាណាចក្រដឹកនាំវា​មិនត្រូ​វៗ។ អញ្ចឹ​ង​ទេ​ ប្រទេ​សមួយត្រូ​វការចាំ​បាច់នូវសន្តិភាព ទើបមានការអភិវឌ្ឍ»។

ប៉ុន្តែ​សម្រា​ប់អ្នកតាមដានសង្គមវិញអះអាងថា កម្ពុជាបានបញ្ចប់សង្គ្រាម​ស៊ីវិលក៏ពិ​តមែន តែសន្តិ​​​​ភាពពិតមិន​ទាន់កើតមានទេសម្រាប់ពលរដ្ឋគ្រប់រូប ដូចជា​ការរំលោភសិទ្ធិមនុស្ស រំលោភ​សិ​ទ្ធិធ្វើ​នយោ​បា​យ ដែល​ធានាដោយរដ្ឋធម្មនុញ្ញ អំ​ពើ​ពុករលួ​យ រំលោភដីធ្លី និងភាពអយុត្តិធម៌សង្គមជាដើម។

ពួ​ក​គេ​ព្រ​មានថាសន្តិភាពបែបនេះជាការផុយស្រួយនៅឡើយសម្រាប់កម្ពុជា បើរដ្ឋាភិបាលមិនធ្វើកំ​ណែ​ទម្រ​​​ង់ឲ្យ​មានប្រសិទ្ធភាពដែលឆ្លើយតបនឹងបញ្ហារបស់ពលរដ្ឋទាន់ពេលនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ