វិភាគ៖ តើគួរទុកឬដូរចេញ ចំពោះពាក្យ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»?

នៅក្នុងរបបប្រជាធិបតេយ្យ ការប្រកួតប្រជែងខាងសារនយោបាយ គឺជាយុទ្ធសាស្ត្រមួយ​ដែល​អាចទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោត។ ប៉ុន្តែសារនយោបាយឬពាក្យស្លោកនោះ ត្រូវតែ​មាន​មានន័យគ្រប់គ្រាន់ ហើយងាយយល់ ងាយចងចាំនិងអាចអនុវត្តបាននៅពេលបក្សនោះជាប់ឆ្នោត។

គណបក្សសង្រ្គោះជាតិបានបង្កើតសារនយោបាយមួយដែលធ្វើឲ្យម្ចាស់ឆ្នោត​មានការ​ចងចាំនិង​នាំគ្នាទន្ទិញរត់មាត់កាលពីពេលឆ្នោតឆ្នាំ២០១៣នោះគឺ «ដូរឬមិនដូរ»។ ប៉ុន្តែ​ក្រោយ​មក​នៅពេល​ដែលគណបក្សប្រឆាំង​ប្រើ​ពាក្យនេះបន្តទៀត បានធ្វើឲ្យ​មានប្រតិកម្មជាបន្តបន្ទាប់​ពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងរដ្ឋមន្រ្តីក្រសួងការពារជាតិផង ដោយចោទថាការប្រើ​ពាកក្យ​នេះនាំឲ្យ «អសន្តិសុខដល់សង្គម»។

ចំណែករឿងដែលកំពុងត្រូវបានសាធារណៈជនចាប់អារម្មណ៍នៅសប្តាហ៍ចុង​ក្រោយនេះគឺ​ការព្រមានប្តឹងដោយគណបក្សកាន់អំណាចទៅលើបក្សប្រឆាំងដែល​ទើប​បង្កើត​សារនយោបាយ​ថ្មីមួយទៀតដែលថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» សម្រាប់​យុទ្ធ​នា​ការ​បោះឆ្នោតឃុំ-សង្កាត់ថ្ងៃ៤ខែមិថុនាខាងមុខ។

ជាការកត់សំគាល់សារនយោបាយទាំងពីរនេះរបស់បក្សប្រឆាំងបានធ្វើឲ្យមានការ​ទាក់​ទាញ​ច្រើនពីមហាជន ហើយពាក្យនេះត្រូវបានពលរដ្ឋមួយចំនួន និយាយតៗគ្នាពីមាត់មួយទៅមាត់មួយទៀតផង។

ដោយទំនងជាវាយបកទៅលើគួរប្រកួតវិញ អ្នកគាំទ្រគណបក្សកាន់អំណាចបាន​បោះ​ពុម្ពអាវយឺតដោយសរសេរថា «មិនដូរលុះក្ស័យ» និងបង្កើតពាក្យថ្មីឆ្លើយ​បត​ទៅ​នឹង​គណបក្សប្រឆាំងវិញថា «កុំដាក់មេឃុំប្រូ ដូរមេឃុំពិត»។

លើសពីនេះទៀតមនុស្សរបស់គណបក្សប្រជាជនដែលអះអាងថាជាពួកគេជាមេឃុំឬចៅសង្កាត់រាប់រយនាក់បាននាំគ្នាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសារនយោបាយរបស់​គណបក្សប្រឆាំង។ក្នុងសេចក្តីថ្លែងការណ៏ ពួកគេអះអាងថា ខ្លួនបានបម្រើរាស្ត្រច្រើនជាងបម្រើបក្ស។

ក្រុមអ្នកវិភាគ យល់ថា ការប្រើ​ប្រាស់នយោបាយគឺជាយុទ្ធសាស្ត្ររៀងៗខ្លួន​របស់​គណបក្សនីមួយៗដើម្បីទាក់ទាញអ្នកគាំទ្រ ប៉ុន្តែកុំឲ្យតែសារនយោបាយនោះ ប៉ះពាល់ដល់​អង្គព្រះ​មហា​ក្សត្រ​ឬត្រូវបានច្បាប់បោះឆ្នោត​ហាមឃាត់។

ចំពោះសារនយោបាយ «ដូរមេ​​ឃុំ​ប​​ម្រើ​​បក្ស ​ដាក់មេឃុំបម្រើរាស្ត្រ» អ្នកវិភាគមួយចំនួន បង្ហាញទស្សនៈប្រហាក់ប្រហែលគ្នាថាជាការជំរុញឲ្យមានអភិបាលកិច្ច នៅថ្នាក់មូលដ្ឋាន តាមរយៈការជាប់ជា​មេ​ឃុំ​ ឬចៅស​ង្កាត់ ដែលបម្រើរាស្ត្រពិតប្រាកដ។​

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា សារនយោបាយដែលសរសេរថា ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រនោះ លោកថា ហាក់មិនបានសំដៅ​ដល់មេឃុំគ​ណបក្ស​ណាមួយទេ ដោយសារបក្សប្រឆាំងក៏មានមេឃុំ និងចៅសង្កាត់ដែរ​។លោកថា ផ្ទុយទៅវិញ សារនយោ​បាយនោះ បានជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជាតិបង្កើនការយកចិត្តទុក្ខដាក់បម្រើពលរដ្ឋទៅវិញទេ ដើម្បីបា​នជាប់ជាមេឃុំ។

លោកថា៖ «ពាក្យស្លោកនឹងវាហាក់មិនចំត្រង់ចំនុចណាដែលថា វាញុះញង់វាអុចអាល ឬក៏វាទៅរំខាន​អ្នកនយោ​​បាយមួយ​ផ្សេងទៀតទេ។អានេះវាគ្រាន់តែជាការលើកទឹកចិត្ត សម្រាប់មេឃុំ ដែលជាប់ឆ្នោត​ហ្នឹងឲ្យគិ​​តប្រយោជន៍ប្រជាពលរដ្ឋហ្នឹងជាធំ កុំគិតពីប្រយោជន៍ប​ក្ខពួក»។​

លោកបន្តថា «ដូច្នេះបើសិនជា​មេឃុំណា​មិនគិ​តបម្រើពលរដ្ឋជាធំទេ អាហ្នឹងពលរដ្ឋមិនបោះឆ្នោតឲ្យ​។ នេះជាយ​ន្តការមួយ​ជួយដល់សេចក្តីត្រូវការ ឬជាបំណងរបស់ពល​រដ្ឋ។​អញ្ចឹងបើចង់ឲ្យ​ដូរពាក្យហ្នឹង​វាប៉ះពាល់ដ​ល់​សេចក្តី​ត្រូវការ របស់ប្រជាពលរដ្ឋទៅវិញ​ទេ»។

លោក ឯម សុវណ្ណារ៉ា វិភាគថា បើបក្សកាន់អំណាចប្តឹងបក្សប្រឆាំងដោយសារតែប្រើសារនយោបាយបែបនេះ លោកថានឹងមិនទទួលបានការគាំទ្រពីម្ចាស់ឆ្នោតទេ។

លោកយល់ថា «ប្រសិ​នបើគណ​បក្សបក្សប្រជា​ជនរៀបចំយ​ន្តការនេះ​ប្តឹ​ងផ្ត​ល់ ជាមួយគណបក្សសង្គ្រោះជាតិមែន អាហ្នឹងយើងឃើញថា បញ្ហានេះជាការខាត់ របស់គ​ណ​ប​ក្សប្រជា​ជន ក្នុងការដណ្តើមប្រជាប្រិយភាព និងរងផលប៉ះពាល់កាន់តែធ្ងន់ទៅវិញទេ។ នេះបើតាមទ​ស្សនៈដែ​លខ្ញុំគិត»។

អ្នកស្រា​វជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី កត់សំគាល់ថា ទាំងមេឃុំគណបក្សប្រឆាំង ទាំងមេ​ឃុំ​បក្សកាន់អំណាច លោកថាពួកគេតែងធ្វើការបម្រើឲ្យបក្សជាធំដូចគ្នា។

ប៉ុន្តែលោកថា សារនយោ​បាយ​​ថា​ «ដូ​​រ​​មេ​ឃុំប​ម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» លោកវិភាគថា ហាក់បាន​ជំរុ​ញ​​​ឲ្យ​​អ្នកនយោបាយ បន្តពង្រឹ​ងប្រ​សិ​ទ្ធភាពកា​​រងារ នៅថ្នាក់មូលដ្ឋាន ដើម្បីឆ្លើយ​តបទៅនឹ​ងតម្រូវការ​របស់​ពលរ​ដ្ឋ​កា​​ន់​តែច្រើន។ ប៉ុន្តែ​លោក​វិភាគថា ជាការខាតទៅវិញទេ បើអ្ន​​កន​យោបា​យណា​ មិនបានបំពេ​ញ​តម្រូវ​ការពលរដ្ឋ ហើយ​បែជា​បង្កើតព្រឹត្តិការណ៏ដើម្បី​ប្រយោ​ជន៍​បក្ស​​​ខ្លួនឯ​ងនោះ។

លោកថា «នៅពេលដែលពលរដ្ឋចាប់ផ្តើមយល់ដឹងច្រើន ទទួលបានព័ត៌មានគ្រប់គ្រាន់ អ្នកនយោបា​យត្រូវតែ​​មានការប្រុយប្រយ័ត្នជាងមុន អាហ្នឹងបានអាចទាក់ទាញទឹកចិត្ត និងបេះដូងគាត់បាន ប៉ុន្តែបើគា​ត់​នូវ​​តែ​គិតថាពលរដ្ឋមិនដឹងអីទេ ការធ្វើឡើងបែបហ្នឹងដោយសារតែមានអ្នកញុះញង់អីអញ្ចឹងទៅ អាហ្នឹ​ងខ្ញុំគិ​ត​ថា អ្នកនយោបាយហ្នឹង បានដើរក្រោយពលរដ្ឋមួយជំហានធំហើយ»

នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថានិចហ្វិច លោក សម គន្ធាមី បញ្ជាក់ថា ក្នុងច្បាប់​បោះឆ្នោតបានចែងទូលំទូលាយពេកដោយមិនកំណត់ជាក់លាក់ថា ហាមឃាត់​មិនឲ្យប្រើ​សារ​នយោបាយ​បែបណា? ប៉ុន្តែលោកថាច្បាប់នេះបានហាមប្រើ​សារន​យោ​បាយ​ណាដែល​ថា «ញុះញង់ឲ្យមានអសន្តិ​សុខជាតិ»។​ លោកថាត្រង់ចំណុចនេះហើយជា​ហេតុ​ផល​មួយដែលបក្សកាន់​អំណាច​យកលេសព្រមានប្តឹង​បក្សប្រឆាំង។

បើតាមលោក សម គន្ធាមី យកល្អបក្សប្រឆាំងគួកែសម្រួលសារនយោបាយនោះឡើងវិញ ដើម្បី​បញ្ជៀស​កុំឲ្យមានពាក្យបណ្តឹងពីបក្សកាន់អំណាចទៅកាន់តុលាការ។

លោកមានប្រសាសន៍ថា «ជាយោបល់ខ្ញុំគួរតែដូរទៅ ហើយយើងរកសារផ្សេងទៅ កុំឲ្យមានវិវាទទៅតុលាការ។​វាមានបរិយាកាសនយោបាយល្អក់កករ វាចេះតែមានរឿងជាមួយគ្នាក្តីក្តាំ»៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ