លោក អ៊ុំ សំអាន ថា​នឹងចំណាយពេល​សិក្សា​​បច្ចេកទេសនិង​ឯកសារ​សម្រាប់ត្រៀមខ្លួន​សើរើបញ្ហាព្រំដែន

តំណាងរាស្រ្ត លោក អ៊ុំ សំអាន កាលពីកន្លងទៅ

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែល​បាន​ចាកចេញពីប្រទេស​អស់រយៈ​ពេល​ជាង​៧ខែ បានវិលត្រឡប់មកប្រទេសកម្ពុជា​​វិញនៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដោយ​លោក​ថា​នឹង​ចំណាយ​ពេល​សិក្សា​លើ​ឯកសារ​និងបច្ចេកទេសមួយចំនួនសម្រាប់ត្រៀមខ្លួនសើរើ​បញ្ហាព្រំដែន ​នៅពេលគណបក្ស​ប្រឆាំង​ឈ្នះការបោះឆ្នោត។​

លោក អ៊ុំ សំអាន បាន​ចេញទៅក្រៅប្រទេស​កាលពីពាក់កណ្តាលខែសីហា ឆ្នាំ​២០១៥ នៅពេល​បញ្ហា​ការ​ផ្ទៀងផ្ទាត់​ផែនទី​កំពុងឡើងកម្តៅ​ និងស្រប​ពេល​លោក​ត្រូវ​បាន​ប្រធាន​រដ្ឋសភា​ លោក ហេង សំរិន ដាក់ទណ្ឌកម្ម​មិន​​ឲ្យចូល​រួម​ប្រជុំ​សភាពេញអង្គ​ចំនួន​១៥ដង។

​លោក អ៊ុំ សំអាន ប្រាប់វីអូឌី​ថា​លោក​បាន​ដល់​ខេត្ត​សៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះ​ ដោយ​លោក​អះអាង​ថា​​​មិនភ័យ​ខ្លាចនឹង​ការ​ចាប់ខ្លួននោះទេ។ កន្លងទៅ ​រដ្ឋាភិបាលព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ប្រឆាំងនឹង​និយាយ​ថា​រដ្ឋាភិបាល​ប្រើប្រាស់ផែនទីក្លែង​ក្លាយ។ លោក អ៊ុំ សំអាន ត្រូវ​បាន​លើកឡើង​ថា​ជា​មនុស្ស​ម្នាក់​អាច​រដ្ឋាភិបាល​ចាត់វិធានការ។​

លោក អ៊ុំ សំអាន ឲ្យ​ដឹង​ទៀត​ថា​​លោក​នឹង​បន្ត​សិក្សា​បញ្ហាព្រំដែន​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅក្រៅប្រទេស ដោយ​លោក​ថា​ការងារ​នេះ​នឹង​បញ្ចប់​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់​ថា​លោក​នឹង​ស្នើ​ឲ្យ​មាន​ការ​សើរើ​បញ្ហាព្រំដែន​ឡើង​វិញ ប្រសិន​បើ​គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​ការ​បោះឆ្នោត។​

លោក​មានប្រសាសន៍ថា៖ “គ្រាន់តែសិក្សាពីបច្ចេកទេស​ទាក់ទង​នឹង​បញ្ហាព្រំដែននិងឯកសារផ្សេងៗដែលទាក់ទង​នឹង​បញ្ហា ​ដើម្បីត្រៀមខ្លួន​នៅ​ពេលដែល​គណបក្ស​ឈ្នះឆ្នោត​ឆ្នាំ​២០១៨ យើង​នឹង​អាច​សើរើការបោះបង្គោល​ព្រំដេន​ជាមួយវៀតណាម”។ លោក​បញ្ជាក់​ថា​ឯកសារ​ទាំងនោះ លោក​​បានមកពីក្នុងស្រុកនិងក្រៅស្រុក​ នៅពេល​លោក​ស្នាក់នៅក្រៅប្រទេស ​រួមមានពីប្រទេស​បារាំង សហរដ្ឋ​អាមេរិក បណ្ណាល័យសភាអាមេរិកនិង​អង្គការ​​សហប្រជាជាតិជាដើម។​

លោក អ៊ុំ សំអាន លើ​កឡើង​ថា​គម្រោង​​បញ្ចប់ការបោះបង្គោលព្រំដែន​ឲ្យ​ហើយ​នៅ​​ឆ្នាំ​២០១៨ ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់ទឹកដី។ លោកមានប្រសាសន៍ថា​ប្រសិន​បើ​មានការតវ៉ាពីប្រជា​ពលរដ្ឋរឿងបញ្ហាព្រំដែន​​ លោកនឹង​ធ្វើលិខិត​ទៅរដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហានេះ។​

កន្លងទៅ ប្រធានគណៈកម្មាធិការកិច្ច​ការ​ព្រំដែនកម្ពុជា​ លោក វ៉ា គឹមហុង បានអះអាង​ថា​លោក អ៊ុំ សំអាន បាន​​ញុះញង់​ឲ្យ​មាន​អស្ថិរភាពសង្គមនិង​មិន​អាច​អត់​ឱន​បាន​នោះទេ​។​

កាលពីខែកក្កដា ឆ្នាំ​២០១៥ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថា​សព្វថ្ងៃ​នេះការ​បោះបង្គោលព្រំដែន​ជាមួយ​វៀតណាម​សម្រេច​បាន​​៨៣ភាគរយហើយ​នៅ​​លើខ្សែព្រំដែន​ប្រមាណ​១២៦០គីឡូម៉ែត្រ។ ប៉ុន្តែ​​លោក​ថា​កម្ពុជា​ក៏​អាច​សើរើ​បាន​ បើ​ករណី​បោះទៅ​​មាន​​ភាព​​លម្អៀង។ លោកបាន​បញ្ជាក់​​ថា៖ “បើចរចាមិនត្រូវគ្នា អូសបន្លាយក៏អូសទៅ ប្រសើរជាងបាត់ដី អូសបន្លាយក៏អូសទៅ អញ្ចឹងបានវាជាង៣០ឆ្នាំ បោះអត់ទាន់ចប់ ព្រោះបើសិនជាវាមិនទាន់ចប់ ប្រញាប់ទៅណា ឥឡូវបាន៨៣ភាគរយ នៅសល់១៧ ភាគរយ ហើយអា៨៣ភាគរយនេះ ក៏យើងនៅអាចសើរើបានទៀត ត្រូវធ្វើអូឌីតមួយចំនួនទៀតករណីដែលបោះទៅវាលម្អៀង យើងត្រូវកែទាមទារឲ្យកែតម្រូវ អញ្ចឹងបានត្រូវការដំណើរការវែងឆ្ងាយ មិនធម្មតា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ