អាជ្ញាធរកម្ពុជាចាប់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ពីបទរំលោភផ្លូវភេទក្មេងប្រុស១១នាក់

អាជ្ញាធរកម្ពុជា បានចាប់ខ្លួនបុរសជនជាតិខ្មែរកាត់អាមេរិកាំងម្នាក់ ដោយចោទថា បានរំលោភបំពានផ្លូវភេទលើក្មេងប្រុសជាអនីតិជនចំនួន១១នាក់ នៅខេត្តតាកែវ ។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ APPLE Cambodia ចេញផ្សាយនៅថ្ងៃទី១០ខែមេសាឆ្នាំ២០១៧ ឲ្យដឹងថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានចាប់ខ្លួនបុរសជនជាតិខ្មែរអាមេរិកាំងម្នាក់ ឈ្មោះ តាន់ សារ៉ាវុធ អាយុ៤៧ឆ្នាំ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយចោទបុរសនោះថា បានរំលោភបំពានផ្លូវភេទលើក្មេងប្រុស១១នាក់ អាយុពី១០ទៅ១៥ឆ្នាំ នៅស្រុកត្រាំកក់ ខេត្តតាកែវ។

បើតាមសេចក្ដីប្រកាស មន្ដ្រីប៉ូលិសបានចាប់ខ្លួនបុរសឈ្មោះ តាន់ សារ៉ាវុធ និងបញ្ជូនទៅ​នាយកដ្ឋាន​ការពារ ការជួញដូរមនុស្ស និង​ការពារអនីតិជនក្រសួងមហាផ្ទៃ បន្ទាប់ពីបានស្រាវជ្រាវនិងស៊ើបអង្កេតអស់រយៈពេលជាង១០ខែ តាំងពីពាក់កណ្ដាលឆ្នាំ២០១៦មក។

មន្ដ្រីប៉ូលិស បញ្ជាក់បន្ថែមថា​ បុរសឈ្មោះ តាន់ សារ៉ាវុធ បានរស់នៅក្នុងខេត្តតាកែវ តាំងពីឆ្នាំ២០០២មក និងបានធ្វើពុតជាចិត្តល្អ ដោយថែមទាំងបានជួយមើលថែក្មេងៗ និងឲ្យលុយអ្នកភូមិខ្ចីទៀតផង។

បើតាមមន្ដ្រីប៉ូលិស​ ជនសង្ស័យ ​តាន់ សារ៉ាវុធ បានសារភាពថា រូបលោកធ្លាប់ត្រូវបានតុលាការអាមេរិកផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១ខែ ពីបទបំពានផ្លូវភេទលើកុមារ និងបានសារភាពថា ពិតជាបានរំលោភបំពានលើកុមារកម្ពុជា១១នាក់ ពិតប្រាកដមែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ