ក្រសួងមហាផ្ទៃនឹង​បណ្តេញ លោក ឈាន ពិសិដ្ឋ ចេញពីក្របខណ្ឌនគរបាល

មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុក)

ក្រសួងមហាផ្ទៃបានឲ្យដឹងថា នឹងប​ណ្តេញនាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ពី​ក្រប​​ខណ្ឌមន្រ្តីនគរបាលជាតិ ហើយថានឹងចាប់យកទៅផ្តន្ទាទោសតាមច្បាប់​។

លោក ឈាន ពិសិដ្ឋ ដែលធ្លាប់ផ្តួលខ្លួនមុខ​រថ​យន្ត​មន្ត្រី​បក្ស​ប្រឆំា ​បាន​ប្រើ​អាវុធ​ខ្លី​ បាញ់​​ទៅ​លើ​លោក​ សេម មករា នាយផ្នែករដ្ឋបាល ចំស្មារ​ខាង​ឆ្វេងបណ្តាលអោយដាច់រលាត់កាលពីសប្តាហ៍មុន។

អ្នក​នាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានប្រាប់VOD នៅថ្ងៃចន្ទនេះថា ក្រសួងមហាផ្ទៃកំពុង​ប្រជុំ និងពិនិត្យមើលឯកសារនិងភស្តុតាងមួយចំនួន ដែលលោក ឈាន ពិសិដ្ឋ បាន​បាញ់លើលោក សេម មក​រា​ កាល​ពីថ្ងៃទី៩មេសា។ លោកបន្តថា ក្រោយពីប្រជុំ លោក ពិសិដ្ឋ នឹងត្រូវ​បណ្តេញ​ចេញ​ពីក្រ​បខ​ណ្ឌ​នគរ​បាល​ជាតិ និងស្វែងរកបុគ្គលរូបនោះយកទៅផ្តន្ទាទោសតាមច្បាប់។ លោកនិយាយថា​ «គ្រាន់​តែលើក​កំាភ្លើង​វាខុសច្បាប់ដែលអាច​ទទួលទោសព្រហ្មទណ្ឌហើយ ។ បាញ់មេឯងទៀត​ បាញ់ទំាងឯកសណ្ឋានទៀត សមតែនឹងគុក»។

លោក ខៀវ សុភ័គ បានបង្ហើប​ថា ក្រុមសមត្ថកិច្ចបានដឹងពីតម្រុយដែលលោក ពិសិដ្ឋ លាក់ខ្លួនខ្លះហើយ។ ប៉ុន្តែលោក​មិន​បាន​បញ្ជាក់ពីទីតំាងនោះទេ ដោយថាទុកឲ្យសមត្ថកិច្ចធ្វើកិច្ចការនេះ។

កាល​ពីខែ​ធ្នូ​ ឆ្នាំ​មុន លោក ឈាន ពិសិដ្ឋ ត្រូវ​បានគេបង្ហោះវីដេអូ ដែលបង្ហាញ​ថាគាត់​បាន​ធ្វើជាដេកដួលនៅមុខ​រថយន្ត​ សកម្ម​ជន​គណបក្ស​ប្រឆាំង​ប្រចាំ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ លោក ឌិន ពុទ្ធី ដោយ​ចោ​ទថា​មន្ត្រីបក្ស​ប្រឆំាងរូបនេះ បើករថយន្តបុកបណ្តាលឲ្យសន្លប់។ ក្រោយមក​ លោក​ ឌិន ពុទ្ធី ត្រូវ​បាន​អាជ្ញាធរ​នៅ​ខេត្ត​នេះចាប់ឃុំ​ខ្លួនមួយរយៈ បន្ទាប់មកនៅដើមឆ្នាំ២០១៧ ​ត្រូវ​បានសាលាឧទ្ធរណ៍​សម្រេច​ដោះ​លែង​វិញ ក្រោយពីមានការរិះគន់លើចំណាត់ការនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ