តុលាការ​បន្ត​បដិសេធ​សំណើ​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​សុំ​ចូល​សួរ​សុខ​ទុក្ខ​លោក កឹម សុខា

លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

តុលាការ បាន​សម្រេច​ច្រានចោលសំណើបស់អតីតតំណាងរាស្ត្រ​បក្ស​ប្រឆាំង ដែល​បាន​ស្នើ​សុំ​ចូល​សួរ​សុខ​ទុក្ខ​មេដឹកនាំ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ នៅ​ក្នុង​សំណុំ​រឿង​ដែល​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ»។

លោក កង គឹមហាក់ អតីត​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​កាល​ពី​​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នោះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន បាន​ដាក់​លិខិត​ទៅ​តុលាការ​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្នើ​ចូល​សួរ​សុខ​ទុក្ខ​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​ លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ។

ប៉ុន្តែ ក្នុង​លិខិត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក គី ឫទ្ធី បាន​​សម្រេច​មិន​អនុញ្ញាត​ឲ្យ​លោក កង គឹមហាក់ ចូល​សួរ​សុខ​ទុក្ខ​លោក កឹម សុខា នោះ​ឡើយ។

លោក គី ឫទ្ធី បាន​សម្រេច​បែប​នេះ ដោយ​លើក​ហេតុ​ផល​ថា សំណុំ​រឿង​លោក កឹម សុខា កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត និង​ស្រាវ​ជ្រាវ​ពី​សំណាក់​តុលាការ​នៅ​ឡើយ។

ផ្ទុយ​ទៅ​វិញ ចៅក្រម​រូប​នេះ​បាន​បញ្ជាក់​ថា មាន​តែ​មេធាវី និង​ក្រុម​គ្រួសារ​លោក កឹម សុខា តែ​ប៉ុណ្ណោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ។

ក្រុម​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ជា​បន្ត​បន្ទាប់​ទៅ​តុលាការ ដើម្បី​ស្នើ​សុំ​ចូល​សួរ​សុខ​ទុក្ខ​មេដឹកនាំ​របស់​ពួកគេ ប៉ុន្តែ សំណើ​​របស់​ពួកគេ ត្រូវ​បាន​តុលាការ​បដិសេធ​ជា​បន្ត​បន្ទាប់។

មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង លោក កឹម សុខា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​អស់​រយៈ​ពេល​ជាង ៦​ខែ​មក​ហើយ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» និង «ឃុប​ឃិត» ជាមួយ​បរទេស ក្នុង​បំណង​ផ្ដួល​​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ