លោក ហ៊ុន សែន បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​អ្នក​រៀបចំ​​បង្ក​សំឡេង​ផ្ទុះ​អំឡុង​ចូល​ឆ្នាំ​ថ្មី

រូបភាពពី ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក​នាយកដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាទៅសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ឲ្យ​​ពង្រឹងសន្តិសុខ​អំឡុង​បុណ្យចូលឆ្នាំថ្មី​​ខាងមុខ​នេះ ដោយ​ថា លោកបាន​ទទួល​ព័ត៌មាន​ថា មានក្រុមអ្នកប្រ​ឆាំង​រដ្ឋាភិ​បាល​​​​​នៅក្រៅប្រទេស​ បានបញ្ជាឲ្យគូកនបង្ក​សំឡេង​ផ្ទុះនៅកម្ពុជា​។

ក្នុងពិធី​ចែក​​សញ្ញាបត្រដល់​និស្សិត​នៅ​រាជ​ធានី​ភ្នំពេញ​នាព្រឹកនេះ លោក ហ៊ុន​ សែន ថ្លែងថា ក្រុមមេដឹកនាំរណសិរ្សរំដោះជាតិខ្មែរ ដែលមាន​មូលដ្ឋាន​​នៅ​ប្រទេស​​​ដា​ណឺ​ម៉ាក លោក សម សេរី គ្រោង​​រៀប​ចំផែនការបង្កឲ្យមានសំឡេងផ្ទុះនៅអំឡុង​ពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ ដោយ​លោកចោទជាសំណួរថា តើ​ចង់បំផ្ទុះនៅភ្នំពេញ ឬនៅសៀមរាប​។

លោកថ្លែងថា៖ «អាមេក្បត់ជាតិមួយឈ្មោះ សម សេរី កំពុងបញ្ជាឲ្យបង្កស្ថានភាពផ្ទុះ។ ខ្ញុំបានបញ្ជូនឲ្យផ្នែកពាក់ព័ន្ធហើយ។នៅទីណាដាក់វា ព្រោះ វាចង់បង្កឲ្យមានសំឡេងផ្ទុះប៉ុន្តែ ផែនការរបស់អ្នកឯង ខ្ញុំបានចាប់យករួចមុនទៅហើយ​»

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​ថា ក្រសួង​មហាផ្ទៃ​នឹង​ដាក់​​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ ទៅ​តាម​គោលដៅ​សំខាន់ៗ ដើម្បី​ការពារ​សុវត្ថិភាព​ប្រជា​ពលរដ្ឋ និង​ទប់​ស្កាត់​រាល់​បញ្ហា​នានា។

លោកប្រាប់​ថា៖ «ពិសោធន៍របស់យើង បើគិតតាំងពី ៧៩មក យើងមាន ៣៩ឆ្នាំហើយ ដូច្នេះ វាគ្មានអ្វីដែលថា អាចគេចផុតពីសមត្ថកិច្ចរបស់យើងទេ ក្នុងការងារសេវាសន្តិសុខ»

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិ​ភាព លោក យង់ គិម​អេង អះអាងថា បើអាជ្ញាធរមិនត្រៀមទប់ស្កាត់បញ្ហាអសន្តិសុខ​នៅមុន និងក្នុងអំឡុង​បុណ្យចូលឆ្នាំឲ្យបានល្អទេ លោកថា នឹងធ្វើឲ្យប្រជាពលរដ្ឋមិន​ហ៊ានធ្វើដំណើរកម្សាន្ត​ទៅណាឆ្ងាយនោះទេ។

លោក​ប្រាប់​ថា៖ «កាលណាគេអត់ជឿជាក់ទៅលើបញ្ហាសន្តិសុខ គេមិនហ៊ានធ្វើដំណើរកម្សាន្ត​ទៅណាឆ្ងាយទេ  ហើយសង្ឃឹមថា ក្នុងឱកាសបុណ្យចូលឆ្នាំហ្នឹង មិនមានបញ្ហាអាក្រក់ដែលកើតឡើង»

លោក សម សេរី មេដឹកនាំរណសិរ្សរំដោះជាតិខ្មែរ កំពុងស្នាក់​នៅក្នុងប្រទេស​ដាណឺ​ម៉ាក ដើម្បីគេច​ពីការផ្តន្ទា​ទោសឲ្យ​ជាប់ពន្ធនាគារ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​កម្ពុជា​ថា បាន​រៀបចំផែនការ​ផ្តួលរំលំរដ្ឋាភិបាល។

កាលពីឆ្នាំ២០១៤ បុរសចំនួន ១២នាក់ និងស្ត្រីម្នាក់ ត្រូវបានរកឃើញថា មានពិរុទ្ធភាព​ពីបទរៀបផែនការផ្តួលរំលំរដ្ឋាភិបាល ហើយក៏ត្រូវបាន​ផ្តន្ទា​ទោស​ឲ្យជាប់ពន្ធនាគារចន្លោះពី ៥ឆ្នាំដល់ ៩ឆ្នាំផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ