សាកលវិទ្យាល័យមួយប្រកាសជ្រើសរើសអ្នកសង្កេតការណ៍បោះឆ្នោត

​សាកលវិទ្យាល័យបញ្ញាសាស្ត្រដែលជាសមាជិកនៃសមាគមគ្រឹះស្ថានឧត្តមសិក្សា ប្រកាសជ្រើសរើស​អ្នកសង្កេតការណ៍បោះឆ្នោត​ថ្នាក់​ជាតិឆ្នាំ២០១៨ ខណៈអង្គការសង្គមស៊ីវិលមួយចំនួន ដែល​សកម្មការងារ​ឃ្លាំមើល​ការ​​បោះឆ្នោត​នេះ នៅមិនទាន់​ប្រកាស​ពីការចូល​រួម​សង្កេតការណ៍នៅឡើយ។

ក្នុងសេចក្តីជូនដំណឹងដែលផ្សាយតាមហ្វេសប៊ុកកាលពីល្ងាចម្សិលមិញ​ ការិយាល័យកិច្ចការ​និស្សិត​របស់​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​​ឲ្យដឹងថា សាកលវិទ្យាល័យនេះ ត្រូវការជ្រើសរើសនិស្សិតដែលមានឆន្ទៈនិងបំណងស្ម័គ្រចិត្តចូលរួម​ក្នុងដំណើរ​ការ​សង្កេត​ការណ៍​​​​បោះឆ្នោត ដោយថាដើម្បីរួមចំណែកជម្រុញនិងលើកកម្ពស់ឲ្យមានតម្លាភាព អព្យាក្រឹតភាព និងភាពត្រឹមត្រូវ​នៃការ​បោះ​ឆ្នោត​​ថ្នាក់ជាតិនាពេលដ៏ឆាប់ខាងមុខនេះ។

សេចក្តីជូនដំណឹងដដែល ក៏ប្រាប់ពីអត្ថប្រយោជន៍ដែលនិស្សិតនឹងទទួលបាន រួមមាន វិញ្ញាបនបត្រពីគ្រឹះស្ថានឧត្តមសិក្សា អាវ១ មួក១និងប្រាក់ឧបត្ថម្ភពី២០ទៅ៤០ដុល្លារ។

អ្នកសម្របសម្រួលកម្មវិធីនិស្សិតបញ្ញាសាស្ត្រ លោក វ៉ាន់ ភារម្យ ប្រាប់VODបន្ថែមនៅព្រឹកនេះថា លោកនឹងទទួលនិស្សិត​ប្រហែល​ចំនួន​២០នាក់ ដើម្បីទៅចូលរួមជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលមានសាមាជិកមកពីស្ថាប័នរដ្ឋ និងឯកជន ចំនួនជាង២០សាកលវិទ្យាល័យ ធំៗនៅទូទាំងប្រទេសកម្ពុជា។

លោក ភារម្យ បន្តថា «ប៉ុន្តែរឿងរបៀបសង្កេតការណ៍ស៊ីជម្រៅប៉ុនណា ខ្ញុំអត់ទាន់ដឹងច្បាស់ដែរ អាហ្នឹងគេត្រូវការឆ្លងកាត់វគ្គបណ្តុះបណ្តាលសិន។ សំខាន់គេចង់បានឈ្មោះដែលស្ម័គ្រចិត្ត ដែលគាត់ពេញចិត្តទៅសង្កេតការណ៍ ចឹងនៅពេលដែលគាត់ចុះឈ្មោះហើយ ខាងក្រុមការងារសមាគមគ្រឹះស្ថានឧត្តមសិក្សាគេហៅទៅបណ្តុះបណ្តាលទៀត ថាត្រូវធ្វើម៉េចអីម៉េចចឹងទៅ»។

អគ្គលេខាធិការសមាគមគ្រឹះស្ថានឧត្តមសិក្សា លោក ភឹម មុនីសេដ្ឋា មិនទាន់អាចបំភ្លឺបន្ថែមបានទេនៅព្រឹកនេះ ដោយលោកថា ជាប់​រវល់ប្រជុំជាមួយ គ.ជ.ប។

មន្ដ្រីជាន់ខ្ពស់ផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា នេះជារឿងល្អប្រសើរ ប៉ុន្តែលោកថា ការ​ចូលរួម​​មិនសំដៅតែលើចំនួនច្រើនទើបថា ជាការត្រឹមត្រូវនោះទេ តែត្រូវផ្អែកលើគោលការណ៍ច្បាស់លាស់។

លោកពន្យល់ទៀតថា «ការចូលរួមវាត្រូវការមានគោលការណ៍ច្បាស់លាស់ដែលស្រមទៅតាមបទបញ្ជា នីតិវិធី ក្រមសីលធម៌ ហើយស្អីទៅដែលហៅថាការចូលរួម ភាពត្រឹមត្រូវរបស់ខ្លួនហ្នឹង?​ អាហ្នឹងវាមានគោលការណ៍របស់ស្ថាប័ន មួយៗ ប៉ុន្តែសម្រាប់ការចូលរួមខ្ញុំយល់ថាវាអត់មានអីអាក្រក់ទេ។»

លោក សាវាង្ស បន្ថែមថា អង្គការខុមហ្រែលនៅមិនទាន់សម្រេចចិត្តថា ចូលរួមសង្កេតការណ៍នៅឡើយទេ ដោយថាចាំមើល​ពី​ស្ថានភាព​នយោបាយ ស្ថានភាពធនធានថវិកានិងការចូលរួម ដែលមានកំណត់តាមលទ្ធិប្រជាធិបតេយ្យសិន។លោកបញ្ជាក់ថា អង្គការខុមហ្រែល នឹងប្រកាសជាសាធារណៈអំពីការចូលរួមរបស់ខ្លួន នៅខែឧសភាខាងមុខ។

បើតាម គ.ជ.ប ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទីអាទិត្យទី២៩ខែ​កក្កដា​ឆ្នាំ​២០១៨ ពោលគឺនៅប្រមាណ៣ខែទៀតតែប៉ុណ្ណោះ ស្របពេលសហគមន៍អន្តរជាតិ​ព្រមាន​ពីការដើរថយក្រោយ​លទ្ធិប្រជាធិបតេយ្យ ក្រោយមានការឃុំខ្លួនសកម្មជនយោបាយនិងរំលាយបក្សប្រឆាំងកាលពីឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ