រដ្ឋាភិបាល​ពិចារណា​​​ពង្រីក​សេវា​ដឹក​ជញ្ជូន​​រដ្ឋ​បន្ថែម​ទៀត បើ​តម្លៃ​រថយន្ត​ឈ្នួល​បន្ត​ឡើង​ថ្លៃ

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 11:20 AM | សង្គមសេដ្ឋកិច្ចអភិបាលកិច្ចល្អ | 0 | 1862 រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ប្រមុខរដ្ឋាភិបាល បាន​ប្រកាសពីផែនការទប់ស្កាត់​កុំឲ្យក្រុមហ៊ុនដឹកជញ្ជូន​អ្នកដំណើរ ដំឡើងតម្លៃ​តាមអំពើចិត្ត ក្នុងពិធីបុណ្យចូលឆ្នាំ​ខាង​មុខ ដោ​​យថា ​​ដើម្បីកាត់បន្ថយការចំណាយរបស់​ប្រជា​ពលរដ្ឋដែលមានប្រាក់ចំណូលទាប។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត​នៅរាជធានីភ្នំពេញ​នាថ្ងៃនេះ បាន​ថ្លែងបែបរំឭកថា ចាប់​ពី​ថ្ងៃ​​ទី​១២ ដល់ថ្ងៃទី១៨ ខែមេសា រថយន្តក្រុងរបស់រដ្ឋចំនួន ៦០គ្រឿង នឹងដឹកប្រជា​ពលរដ្ឋទៅកាន់បណ្តាខេត្តនានា និងដឹក​ត្រឡប់​​មក​​វិញដោយឥតគិតថ្លៃ អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំថ្មីនេះ។

លោក ហ៊ុន​ សែន រំឭកទៀតថា ការបញ្ចេញរថយន្ត ៦០គ្រឿងនេះ ជាការសាកល្បងជំហានដំបូង ដើម្បីទប់ស្កាត់កុំឲ្យរថយ​​ន្ត​​ដឹក​​​អ្នក​ដំណើ​រ​រប​​ស់ក្រុមហ៊ុនឯកជនមួយចំនួន ដំឡើងតម្លៃ​សំបុត្រដូចឆ្នាំមុនៗទៀត។

លោកថា៖ «អញ្ចឹងយ៉ាងណាក៏យើងដឹកបានរាប់ពាន់នាក់ដែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨។ អាហ្នឹងសេវារថយន្តក្រុងរបស់យើង ហើ​​​​យើងដកពិសោធន៍មើលថា តើក្រុមហ៊ុននានាដំឡើងថ្លៃទៀតឬក៏អត់? បើថា គាត់[ក្រុមហ៊ុន]នៅតែដំឡើងថ្លៃទៀត ឆ្នាំក្រោយដាក់ ២០០គ្រឿងដឹកតែម្តង ធ្វើឲ្យក្រុមហ៊ុនហ្នឹងដាច់ជើង ព្រោះនិយាយគ្នាអត់ស្តាប់»

សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែ​មេសា​នេះ បាន​សម្រេច​ដាក់​ពង្រាយ​ឡាន​ក្រុង​នៅ​តាម​បណ្ដា​ផ្លូវ​ជាតិ​សំខាន់​ភ្ជាប់​រាជ​ធានី​ភ្នំពេញ​ទៅ​បណ្ដា​ខេត្ត​នានា សម្រាប់​ដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​​​ដោយ​ឥត​គិត​ថ្លៃ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ។

នាយ​កប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានសាទរទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលនេះ ដោ​យ​ថា ជាការជួយសម្រួល​ដល់អ្នកដែ​លមាន​ចំណូ​ល​ទា​​​បផង និងជាសារព្រមាន​ក្រុមហ៊ុនឯកជន កុំឲ្យពួកគេចេះ​តែដំឡើងតម្លៃ​​​សំ​បុត្រ​តា​មតែការនឹកឃើញផងដែរ។

លោកថា៖ «វិស័យឯកជនអាចនឹងមានគូប្រកួតប្រជែងមួយ។ អញ្ចឹង យើងសង្ឃឹមថា ឆ្នាំក្រោយៗ ពួកគេនឹងរកមធ្យោបាយ​សម្រួល​កុំឲ្យសេវាបស់ពួកគេប្រឈមនឹងហានិភ័យខ្ពស់ ព្រោះថា បើនៅតែឡើងថ្លៃទៀត គេនាំគ្នាសម្រុកមកជិះឡានក្រុង របស់រដ្ឋ អត់បង់ថ្លៃអស់ ពេលហ្នឹងអាច​​ប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ»

តម្លៃ​សេវា​ដឹក​ជញ្ជូន​ឯកជន តែង​តែ​ត្រូវ​បាន​ដំឡើង​ទ្វេ​ដង​អំឡុង​ពិធី​បុណ្យ​ជាតិ​ធំៗ​នៅ​រៀង​រាល់​ឆ្នាំ បើទោះ​បី​ជា​​រដ្ឋាភិបាល​បាន​អំពាវ​នាវ​កុំ​ឲ្យ​ដំឡើង​តម្លៃ​ក៏​ដោយ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required