អំពើ​ហិង្សា​នៅ​ថ្ងៃ​បោះ​ឆ្នោត​ហ្វីលីពីន​សម្លាប់​មនុស្ស​យ៉ាង​តិច១០​នាក់

(រូបភាពពី AFP)

អាជ្ញាធរហ្វីលីពីនបាននិយាយថា យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់នៅទូទាំងប្រទេសហ្វីលីពីនក្នុងអំពើហិង្សានៅថ្ងៃបោះឆ្នោតកាលពីថ្ងៃចន្ទម្សិលមិញ ខណៈខ្មាន់កាំភ្លើងបានវាយប្រហារទៅលើស្ថានីយបោះឆ្នោត វាយឆ្មក់ និងឆក់ប្លន់រថយន្តនិងម៉ាស៊ីនរាប់សន្លឹកឆ្នោត។

ទោះជាយ៉ាងណាអាជ្ញាធរបានចាត់ទុកអំពើហិង្សានោះជាករណីដាច់ដោយឡែក ហើយដំណើរការបោះឆ្នោតជារួមបានប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ ខណៈដែលមនុស្ស១០លាននាក់បានចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងតួនាទី១៨ ០០០កន្លែងផ្សេងទៀត។

ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីអ្នកនាំពាក្យប៉ូលិសហ្វីលីពីនបានរាយការណ៍ថា នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតនេះ មនុស្ស៧នាក់ត្រូវគេបាញ់សម្លាប់នៅក្នុងករណីវាយឆ្មក់មួយនៅព្រឹកព្រលឹមថ្ងៃចន្ទ នៅឯទីក្រុង Rosario ទីប្រជុំជននៅជាយរដ្ឋធានីម៉ានីល ជាទីដែលល្បីខាងអំពើហិង្សានយោបាយ។

អ្នកបោះឆ្នោតម្នាក់ត្រូវគេបាញ់ស្លាប់នៅក្នុងមណ្ឌលបោះឆ្នោតមួយនៅទីប្រជុំជនក្រីក្រ Guindulungan ស្ថិតក្នុងខេត្ត Maguindanao នៅភាគខាងត្បូងហ្វីលីពីនជាទីដែលអ្នកនយោបាយធំៗសុទ្ធតែមានទាហានផ្ទាល់ខ្លួន។

ចំណែកឯអ្នកឈរមើលម្នាក់ក៏បានស្លាប់ផងដែរនៅពេលមានការវាយប្រហារដោយគ្រាប់បែកដៃទៅលើផ្សារមួយកន្លែងក្នុងទីក្រុង Cotabato ដែលស្ថិតនៅជាប់នឹងខេត្ត Maguindanao ខណៈប្រជាជនចូលទៅបោះឆ្នោត។

មន្ត្រីជាន់ខ្ពស់ប៉ូលិស លោក Esmael Madin បាននិយាយថានៅឯទីក្រុង Sultan Kudarat ដែលជាមូលដ្ឋានដ៏រឹងមាំរបស់ក្រុមបះបោរមូស្លីមដ៏ធំបំផុតនោះ មនុស្ស២០នាក់បានសម្រុកចូលទៅក្នុងមណ្ឌលបោះឆ្នោត ហើយបានដណ្ដើមយកម៉ាស៊ីនបោះឆ្នោតទៅបាត់។

នៅខេត្ត Abra ស្ថិតនៅភាគខាងជើងដែលល្បីខាងពួកអ្នកនយោបាយសម្លាប់គ្នាទៅវិញទៅមកនោះ ក្រុមអ្នកគាំទ្រប្រដាប់ដោយអាវុធបានបាញ់ប្រហារគ្នាទៅវិញទៅមកបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងពីរនាក់ទៀតរងរបួស។

លោក Marcy Grace Marron អ្នកនាំពាក្យប៉ូលិសខេត្ត Abra បានប្រាប់ថាប៉ូលិសបានចាប់ខ្លួនបុរស២នាក់និងស្ត្រី២នាក់រួមទាំងកាំភ្លើង បន្ទាប់ពីមានការបាញ់ប្រហារគ្នានៅ Lagayan ដែលជាទីក្រុងសម្បូរទៅដោយជួរភ្នំ ស្ថិតនៅចម្ងាយ៣៥០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីម៉ានីល។

ទោះជាយ៉ាងណាមន្ត្រីរៀបចំការបោះឆ្នោតបាននិយាយថា អំពើហិង្សាទាំងនេះពុំប៉ះពាល់លទ្ធផលនៃការបោះឆ្នោតទេ ដោយសារតែកម្លាំងសន្តិសុខត្រូវបានគេដាក់ពង្រាយបន្ថែមនៅតំបន់សម្បូរទៅដោយអំពើហិង្សា។

យោងតាមក្រុមការងារតាមដានការបោះឆ្នោតបានឲ្យដឹងថាមនុស្ស១៥នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅក្នុងអំពើហិង្សាមុនការបោះឆ្នោតចាប់តាំងពីដើមឆ្នាំមក។

អំពើហិង្សានយោបាយគឺជាបញ្ហាដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសហ្វីលីពីន ដោយសារតែភាពធូររលុងនៃច្បាប់គ្រប់គ្រងអាវុធ អំពើពុករលួយរបស់កម្លាំងសន្តិសុខ និងបណ្ដាញនយោបាយ ដែលតែងតែមានកម្លាំងសន្តិសុខផ្ទាល់ខ្លួន៕ ប្រភព៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ