តុលាការ​បញ្ចប់សវនាការជំនុំជម្រះរឿងវាយ​តំណាងរាស្រ្ត

(ពីធ្វេងទៅស្តាំ) ជនជាប់ចោទ លោក ចាយ សារិទ្ធ (រូបថតពីហ្វេសប៊ុក​) លោក សុត វន្នី និង​លោក ម៉ៅ ហឿន​

សវនាការជំនុំជម្រះសំណុំរឿងវាយអ្នកតំណាងរាស្ត្របក្សប្រឆាំងពីររូបកាលពីខែតុលា ឆ្នាំ២០១៥ បានបញ្ចប់នៅថ្ងៃអង្គារនេះ បន្ទាប់ពីសវនាការនេះបានប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានការទាមទារឲ្យផ្តន្ទាទោសជនជាប់ចោទកម្រិតអតិបរមាពីមេធាវីការពារជនរងគ្រោះនិងមេធាវីការពារជនជាប់ចោទស្នើឲ្យមានការបន្ធូរបន្ថយទោស។

ចៅក្រមជំនុំជម្រះរបស់សាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា បានដំណើរការសវនាការពេញមួយថ្ងៃអង្គារនេះ ដោយអនុញ្ញាតឲ្យមេធាវីទាំងសងខាងនិងតំណាងអយ្យការសាកសួរសាក្សីពីររូប និងជនជាប់ចោទពីររូប។ ដោយឡែកជនជាប់ចោទម្នាក់ទៀតបានសាកសួរហើយកាលពីសវនាការពីចុងខែមេសា។

សាក្សីម្នាក់ឈ្មោះ មូ កុសល ដែលជាសន្តិសុខរដ្ឋសភាបានឆ្លើយក្នុងសវនាការថាខ្លួនមិនបានឃើញការវាយដំលើអ្នកដំណាងរាស្រ្តនោះទេគឺថាខ្លួនបានឃើញអ្នកតំណាងរាស្រ្តរងរបួសនៅពេលមានអ្នកគ្រាអ្នកតំណាងរាស្រ្តចូលបរិវេណរដ្ឋសភាវិញប៉ុណ្ណោះ។

ដោយឡែកសាក្សីម្នាក់ទៀត ដែលជាអ្នករត់កង់បីនិងចតនៅក្បែរកន្លែងកើតហេតុប្រហែលជា២០ម៉ែត្រគឺលោក ឯម សុភារៈ ថាខ្លួនបានឃើញមនុស្សមួយក្រុមមានចងក្រមារនៅចង្កេះនិងខ្លះចងក្រមានៅមុខបានស្ថិតក្នុងរបងទី១នៃរដ្ឋសភាហើយថាពួកគេមួយចំនួនបានរត់ទៅបិទទ្វាររបងខាងក្រៅរបស់រដ្ឋសភាពេលរថយន្តតំណាងរាស្រ្តចេញពីរដ្ឋសភា។ លោកបន្តថារថយន្តតំណាងរាស្ត្របានបើកមកច្រកទ្វារខាងត្បូងវិញបន្ទាប់ទីទ្វារខាងមុខត្រូវបានបិទនិងលោកថាពេលនោះក៏មានមនុស្សមួយក្រុមរត់តាមរថយន្តនិងចាប់ផ្តើមវាយរថយន្តមួយនៅពេលចេញក្រៅរបងរដ្ឋសភា។ ទោះយ៉ាងណា លោកថាលោកមិនបានចំណាំមុខជនជាប់ចោទនោះទេនិងថាខ្លួនមិនបានឃើញពីការវាយដំណាងរាស្រ្តដែរ ដោយសង្កត់ធ្ងន់ថាខ្លួនបានឃើញច្បាស់តែពីការវាយរថយន្ត។ ទោះយ៉ាងណា លោកថាជនប្រព្រឹត្តបានរត់ឡើងរថយន្តកូរ៉េដែលចតចាំស្រេចដើម្បីគេចខ្លួន។

ក្រោយពីសួរដេញដោលចប់សព្វគ្រប់ ចៅក្រមជំនុំជម្រះបានអនុញ្ញាតឲ្យមេធាវីទាំងសងខាងនិងដំណាងអយ្យការធ្វើសេចក្តីសន្និដ្ឋានចំពោះសំណុំរឿងនេះ។ តំណាងអយ្យការបានសន្និដ្ឋានថាតាមចម្លើយសាក្សី ជនជាប់ចោទនិងពិនិត្យលើភស្តុតាង គឺថាជនជាប់ចោទទាំងបីពិតជាបានបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមានស្ថានទម្ងន់ទោសដូចការចោទប្រកាន់របស់ព្រះរាជអាជ្ញាមែន។ តំណាងអយ្យការរូបនេះបានស្នើរក្សាបទចោទទាំងពីរដដែល។

ដូចគ្នានេះដែរ មេធាវីទាំងបីរូបការពារឲ្យលោក ញ៉យ ចំរឿននិង លោក គង់ សភា ដែលជាជនរងគ្រោះ បានសន្និដ្ឋានដែរថាជនជាប់ចោទពិតជាបានប្រព្រឹត្តអំពើហិង្សាដោយចេតនានិងបំផ្លាញទ្រព្យសម្បត្តិដោយចេតនាប្រាកដមែន ដោយផ្អែកលើភស្តុតាង ចម្លើយជនជាប់ចោទ និងសាក្សី។ មេធាវីទាំងបីរូបលើកឡើងប្រហាក់ប្រហែលគ្នាថាជនរងគ្រោះនៅមានបញ្ហាត្រចៀកនិងច្រមុះក្នុងករណីអំពើហិង្សាមកលើពួកគាត់នោះ។ មេធាវីចាត់ទុកអំពើហិង្សានេះថាមានចរិត”ឃោរឃៅ”និងទាមទារឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទក្នុងកម្រិតទោសអតិបរមានិងផ្តល់សំណងដល់ជនរងគ្រោះម្នាក់ៗ១០០លានរៀលពីជនជាប់ចោទម្នាក់ៗ។

ដោយឡែក ជនជាប់ចោទទាំងបីគឺលោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និងលោក សុត វណ្ណនី បានទទួលយកបទចោទបង្កហិង្សាដោយចេតនា តែបដិសេធបទចោទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមានស្ថានទម្ងន់ទោស។ អ្នកទាំងបីអះអាងថាខ្លួនមិនបានវាយបំផ្លាញរថយន្តរបស់អ្នកតំណាងរាស្រ្តនោះទេ។ ជាមួយគ្នានោះដែរ អ្នកទាំងបីបានសំណូមពរឲ្យចៅក្រមបន្ថូរបន្ថយទោសឲ្យខ្លួន ដោយថាខ្លួនដឹងកំហុស និងមានចេតនាចង់កែខ្លួន។ អ្នកទាំងបីក៏បានសំណូមពរឲ្យចៅក្រមបន្ថយចំនួនទឹកប្រាក់សំណងផងដែរ ដោយថាខ្លួនជាមន្ត្រីយោធាដែលមានប្រាក់ខែតិចតួច។

ប្រហាក់ប្រហែលគ្នានេះដែរ មេធាវីការពារក្តីឲ្យជនជាប់ចោទទាំងបី បានសំណូមពរឲ្យចៅក្រមបន្ថូរបន្ថយទោសឲ្យកូនក្តីរបស់ខ្លួននិងទម្លាក់បទចោទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស ដោយថាគ្មានភស្តុតាងណាមួយបញ្ជាក់ថាអ្នកទាំងបីបានបំផ្លាញរថយន្តអ្នកតំណាងរាស្រ្តនោះទេ។ ទន្ទឹមនឹងនោះ មេធាវីក៏បានសំណូមពរឲ្យមានការបន្ថូរបន្ថយទោសជនជាប់ចោទទាំងបី ដោយថាអ្នកទាំងនោះដឹងកំហុសនិងមានចិត្តចង់កែខ្លួន។

ចៅក្រមជំនុំជម្រះ លោក ហេង សុខណា ថាតុលាការនឹងពិចារណាទៅលើសំណូមពររបស់ភាគីទាំងអស់ ដោយផ្អែកលើភស្តុតាងដែលទទួលបាននិងបានសម្រេចយកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅម៉ោង៨ព្រឹកសម្រាប់ប្រកាសសាលក្រម។

មេធាវីការការក្តីឲ្យជនរងគ្រោះ លោក ជួង ជូងី ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការថាជនជាប់ចោទទាំងបីអាចមានទោសពី២ទៅ៥ឆ្នាំ។ មេធាវីរូបនេះបង្ហាញជំនឿចិត្តថាកូនក្តីរបស់លោកដែលជនរងគ្រោះអាចទទួលយុត្តិធម៌ពីសវនាការនេះ តែលោកថាមិនអាចបានពេញលេញនោះទេ។

លោកបន្ថែមថា៖ “ខ្ញុំមានជំនឿថាបានទទួលយុត្តិធម៌ ប៉ុន្តែមិនបានពេញលេញប៉ុន្មានទេ ព្រោះ(ការខូចខាត)ទៅលើអ្នកតំណាងរាស្រ្តគឺវាធ្ងន់ ហើយ(ការខូចខាត)ផ្លូវចិត្តនិងសុខភាពហ្នឹងមិនអាចយកលុយមកដោះដូរបានទេ”

កន្លងទៅ តំណាងរាស្រ្តទាំងពីររូបបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានិងទាមទារប្រាក់សំណង ក្នុងម្នាក់ៗចំនួន១០០លានរៀល(ស្មើប្រមាណ២៥០០០ដុល្លារ)។ តំណាងរាស្រ្តក៏បានស្នើឲ្យរកជនដៃដល់បន្ថែមទៀតទៀតនិងអ្នកនៅពីក្រោយការវាយពួកគេ។

គួរបញ្ជាក់ថាក្រោយពីមានការថ្កោលទោសទាំងស្ថាប័នជាតិនិងអន្តរជាតិព្រមទាំងការបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រីផងនោះ ជនសង្ស័យ៣នាក់ដែលសារភាពថាខ្លួនជាអង្គរក្សក្នុងកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារភាពថាពួកគេជាអ្នកវាយតំណាងរាស្ត្រ។ បុរស៣នាក់នោះមានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំរស់នៅសង្កាត់តាខ្មៅ ខេត្តកណ្តាល ម្នាក់ទៀតឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ ស្រុកពាមរក៍ ខេត្តព្រៃវែង និងឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

អានអត្ថបទ៖ ជនជាប់ចោទផ្តល់ចម្លើយសារភាពប្រហាក់ប្រហែលគ្នារឿងវាយតំណាងរាស្រ្ត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ