លោក ហ៊ុន​ សែន ព្រលយ​ការស្នើ​លើកលែងទោសមន្រ្តីសិទ្ធិមនុស្ស តែ​ព្រមាន​ចាត់ការអ្នកញុះញង់​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានព្រមានទប់ស្កាត់យុទ្ធនាការពាក់អាវពណ៌ខ្មៅទាមទារឲ្យដោះលែងមន្រ្តីសង្គមស៊ីវិល ប៉ុន្តែលោកបានព្រលយការពិចារណាលើកលែងទោសឬបន្ធូរបន្ថយទោស ក្រោយពេលសាលក្រមរបស់តុលាការចូលជាស្ថាពរ។

ការថ្លែងរបស់នាយករដ្ឋមន្រ្តីធ្វើឡើងបន្ទាប់ពីមន្រ្តីសង្គមស៊ីវិលនិងប្រជាសហគមន៍មានទំនាស់ដីធ្លីមួយចំនួនបានចេញមុខចូលរួមយុទ្ធនាការពាក់អាវខ្មៅកាលពីថ្ងៃចន្ទទាមទារឲ្យដោះលែងមន្រ្តីអាដហុក៤នាក់និងមន្រ្តីគ.ជ.ប ម្នាក់ដែលកំពុងជាប់ពន្ធនាគារ។ ក្នុងយុទ្ធនាការកាលពីថ្ងៃចន្ទ អាជ្ញាធរបានចាប់ខ្លួនមនុស្ស៨នាក់ ក្នុងនាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម មន្រ្តីលីកាដូម្នាក់ ឈ្មោះ លោក ថាវ គឹមសាន សកម្មជនដីធ្លី៤នាក់និងជនបរទេសពីរនាក់ ប៉ុន្តែពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល។

ក្នុងពិធីចែកសញ្ញបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងព្រមានចាត់វិធានការផ្លូវច្បាប់ជាបន្តទៀតលើមន្រ្តីសង្គមស៊ីវិលដែលលោកថាបំផុសបើកយុទ្ធនាការពាក់អាវខ្មៅ។ ទោះជាយ៉ាងណា លោកបានព្រលយថាការលើកលែងទោសអាចមាន នៅពេលដែលសាលក្រមរបស់តុលាការចូលជាស្ថាពរ។ លោកបានស្នើឲ្យសង្គមស៊ីវិលរកមេធាវីល្អៗជួយការពារក្នុងរឿងនេះ។

លោក ហ៊ុន សែន បានបញ្ជាក់ថា៖ “អ្នកឯងទៅទាមទារដាក់សម្ពាធ ដាក់កាន់តែខ្លាំង…អ្នកឯងស្លូតខ្ញុំក៏ត្រូវគិតដែរ។ បើអ្នកឯងព្រហើន ខ្ញុំក៏ត្រូវគិតដែរ”។ លោកបន្ថែមថា៖ “ឥឡូវអំណាច ដំណើរការរបស់តុលាការ ខ្ញុំអត់មានសិទ្ធិលូកលាន់ទេ ប៉ុនតែរួចពីដំណើរការរបស់តុលាការហើយ ពេលសាលក្រមចូលជាស្ថាពរ វាស្ថិតក្នុងដៃរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ព្រោះច្បាប់ពន្ធនាគារគេអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីធ្វើការស្នើសុំទៅព្រះមហាក្សត្រដើម្បីលើកលែងទោសឬបន្ថយទោសនៅពេលណាក៏បាន ប៉ុន្តែបើអ្នកឯងធ្វើរបៀបហ្នឹង អ្នកឯងរុញឲ្យខ្លោច រោលឲ្យឆៅ ហើយធ្វើឲ្យអ្នកដែលជាប់ហ្នឹងកាន់តែមានបញ្ហាទៅវិញទេ”

លោកនាយករដ្ឋមន្រ្តីបន្តថាលោកបានប្រាប់ទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ថាកុំខ្វល់រឿងពណ៌ហើយថាបើធ្វើខុសច្បាប់គឺត្រូវចាត់វិធានការទាំងអស់។ ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ថាតើខុសច្បាប់យ៉ាងម៉េចនោះទេ។ លោកបញ្ជាក់ថា៖ “ខ្ញុំសូមបញ្ជាក់សាជាថ្មីនៃរឿងនេះ សិទ្ធិរបស់មានព្រំប្រទល់ជាមួយសិទ្ធិអ្នកដទៃ សិទ្ធិ អ្នករំលោភសិទ្ធិអ្នកដទៃ គឺប៉ះពាល់ដល់បញ្ហាដល់ខ្លួនហើយ ហើយសុំកុំប្រើប្រាស់នូវសិទ្ធិបញ្ចេញមតិដើម្បីបំពានអ្នកដទៃ កុំឲ្យសោះ”។ លោកបន្តថារដ្ឋាភិបាលត្រូវការរក្សាសន្តិភាពនិងស្ថិរភាពនយោបាយរបស់ប្រទេសដើម្បីការអភិវឌ្ឍ។ លោកបញ្ជាក់ថា៖ “បុគ្គលធ្វើខុស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនជាអ្នកឯងកុំធ្វើខុស វាគ្មានអ្នកណាគេមកចាប់ទេ អ្នកឯងទេ គ្មានអ្នកណាយកអ្នកឯងទៅកាត់ទោសទេ ហើយអ្នកដទៃ សូមកុំភាន់ច្រឡំថាទាមទារដោះលែងគ្មានមានលក្ខខណ្ឌ បើទាមទារដោះលែងគ្មានលក្ខខណ្ឌ មិនចំាបាច់មានច្បាប់ទេ”

ក្រោយពីការចាប់ខ្លួនមនុស្ស៨នាក់កាលពីថ្ងៃចន្ទ លោក ស ខេង បានរាយការណ៍ទៅកនាយករដ្ឋមន្រ្តីថា៖ “ចំពោះការឃាត់ខ្លួនក្រុមសកម្មជនខាងលើ អង្គប្រជុំបានឯកភាពគ្នា ណែនាំឲ្យធ្វើការសាកសួរធ្វើកំណត់ហេតុ ដើម្បីអប់រំ ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពទាំងនេះ និងរក្សាទុកជាឯកសារសម្រាប់បម្រើផ្លូវច្បាប់ទៅថ្ងៃក្រោយ”។ សង្គមស៊ីវិលបានបញ្ជាក់ថាយុទ្ធនាការពាក់អាវខ្មៅនេះនឹងធ្វើឡើងជារៀងរាល់ថ្ងៃចន្ទ ហើយធ្វើរហូតដល់មានការដោះលែងមន្រ្តីសិទ្ធិមនុស្ស។

នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម មានប្រសាសន៍ថាសង្គមស៊ីវិលមិនទាន់ដឹងច្បាស់ថានៅដើមសប្តាហ៍ក្រោយនឹងធ្វើយុទ្ធនាការពាក់អាវខ្មៅជានៅឡើយទេ។ យ៉ាងណាក៏ដោយ លោក អ៊ី សារ៉ុម ថាការធ្វើយុទ្ធនាការរបស់សង្គមស៊ីវិលធ្វើដោយសន្តិវិធីនិងអហិង្សាស្របតាមច្បាប់ជាតិនិងអន្តរជាតិ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំយល់ថានេះជាសិទ្ធិរបស់ពួកយើង សិទ្ធិប្រជាពលរដ្ឋបញ្ចេញមតិក្នុងនាមការប្រមូលផ្តុំដែលមានចែងនៅក្នុងច្បាប់ ធានាដោយច្បាប់ ខ្ញុំគិតថាដូចជាមិនត្រូវបង្ក្រាបឬក៏មិនត្រូវរារំាងអ្វីនោះទេ ព្រោះយើងធ្វើដោយអហិង្សា ដោយសន្តិភាព ខ្ញុំគិតថារដ្ឋាភិបាលនិងយល់ពីបញ្ហានេះ ហើយលោកគោរពសិទ្ធិនៃការប្រមូលផ្តុំក៏ដូចជាការបញ្ចេញមតិ”។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី(មាត្រា២៩និង៥៤៨នៃក្រមព្រហ្មទណ្ឌ) ដោយសារអង្គភាពប្រឆាំងអំពើពុករលួយបានដឹងពីការពិភាក្សាតាមខ្សែអាត់សំឡេង។

ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។ សង្គមស៊ីវិលជាតិនិងអន្តរជាតិបានថ្កោលទោសការចោទប្រកាន់នេះនិងអំពាវនាវឲ្យមានការដោះលែងមន្រ្តីទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ