មេដឹកនាំ​កូរ៉េ​ខាង​ជើងត្រួត​ពិនិត្យ​ក្បួន​ព្យុហយាត្រា​បិទ​សមាជ​បក្ស

(រូបភាពពី Reuters)

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យទៅលើក្បួនដង្ហែព្យុហយាត្រាមួយនៅថ្ងៃអង្គារនេះនៅរដ្ឋធានីព្យុងយ៉ាង មួយថ្ងៃក្រោយពីបក្សពលករបានបិទបញ្ចប់សមាជិកលើកដំបូងរបស់ខ្លួននៅក្នុងរយៈពេល ៣៦ឆ្នាំមកនេះ ដោយបានតែងតាំងលោកធ្វើជាប្រធានបក្ស។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

អំឡុងសមាជិកបក្សរយៈពេល៤ថ្ងៃកូរ៉េខាងជើងបានប្រកាសថាខ្លួននឹងបន្តពង្រីកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលប្រឆាំងទៅនឹងទណ្ឌកម្មពីអង្គការសហប្រជាជាតិ ប៉ុន្តែក្រុងព្យុងយ៉ាងនិយាយថាខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅពេលមានការគំរាមកំហែងពីមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត។

លោក គីម ក៏បានដាក់ចេញផែនការ៥ឆ្នាំ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចរបស់ប្រទេសឯកោមួយនេះ។ បើទោះបីជាវាមិនមានប្រសិទ្ធភាពក៏ដោយ ប៉ុន្តែបក្សពលករបានលើកតម្កើងគោលនយោបាយផលិតអាវុធនុយក្លេអ៊ែររបស់លោក គីម ដដែល។

លោក គីម យ៉ុងណាម ប្រមុខរដ្ឋឥតអំណាចរបស់កូរ៉េខាងជើងបានថ្លែងថា ស្ថិតក្រោមអំណាចរបស់ប្រមុខបក្សពលករ លោក គីម ជុងអ៊ុន គណៈកម្មាធិការកណ្ដាលបានផ្ញើការគោរពដ៏កក់ក្ដៅបំផុតទៅដល់ប្រជាជននិងទាហានដែលទទួលជោគជ័យលើសមរភូមិ៧០ថ្ងៃនិងអបអរដល់សមាជិកបក្ស។

កូរ៉េខាងជើងធ្លាប់ធ្វើយុទ្ធនាការបង្កើនផលិតកម្មរយៈពេល៧០ថ្ងៃមុនសមាជិកបក្សក្នុងនោះមានទាំងការស្រោចស្រង់រដ្ឋធានីព្យុងយ៉ាងឡើងវិញផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនិងចិនបានផ្សព្វផ្សាយសារអបអរសាទរពីលោកប្រធានាធិបតីចិន ស៊ី ជិនពីង ដល់លោក គីម ដែលបានឡើងជាប្រមុខបក្ស។

ទំនាក់ទំនងរវាងកូរ៉េខាងជើងនិងសម្ព័ន្ធមិត្តចិនមានលក្ខណៈរកាំរកូសដោយសារតែក្រុងប៉េកាំងកាន់តែមិនសប្បាយចិត្ត ព្រោះតែកូរ៉េខាងជើងនៅតែបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយប្រទេសចិនបានគាំទ្រទណ្ឌកម្មក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែមីនាកន្លងមកឆ្លើយតបទៅនឹងការសាកល្បងនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង៕

ប្រភព៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ