​រដ្ឋលេខាធិការ​ក្រសួងសង្គមកិច្ចសង្ឃឹម​ថា​តុលាការមិនចាត់ការបណ្តឹង​បរិហារកេរ្តិ៍​រឿង​គម្រោងធ្វើ​ផ្លូវក្បែរវិហារ​

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី លោក អះម៉ាត់ យ៉ះយ៉ា ប្រាប់អ្នក​សារព័ត៌មាន​ក្រោយ​ពេលចូលបំភ្លឺនៅតុលាការ

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី លោក អះម៉ាត់ យ៉ះយ៉ា បានបដិសេធថាលោកមិនបានបរិហារកេរ្តិ៍រដ្ឋលេខាធិការក្រសួងការងារនិងជាប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីម លោក អូស្មាន ហាស្សាន់ នោះទេ ដោយលោកសង្ឃឹមថាតុលាការនឹងមិនចាត់ការករណីនេះ។

លោក អះម៉ាត់ យ៉ះយ៉ា បានចូលបំភ្លឺនៅរៀលថ្ងៃអង្គារនេះ ទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍មួយដែលប្តឹងដោយលោក អូស្មាន ហាស្សាន់ ទាក់ទងនឹងគម្រោងធ្វើផ្លូវនៅវិហារបឹងកក់ដែលកំពុងមានភាពចម្រោងចម្រាស។

ក្រោយការចូលបំភ្លឺ លោក អះម៉ាត់ យ៉ះយ៉ា ប្រាប់អ្នកសារព័ត៌មានថាអ្វីដែលលោកនិយាយថាលោក អូស្មាន ហាស្សាន់ ជាអ្នកគូសប្លង់គឺជារឿងពិត។ លោកបន្តថាលោកបាននិយាយពាក់ព័ន្ធក្នុងរឿងគូសប្លង់នេះ មានការទទួលផលប្រយោជន៍ ប៉ុន្តែលោកថាលោកមិនបាននិយាយថាជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោក អូស្មាន ហាស្សាន់ នោះទេ។

លោកបញ្ជាក់ថា៖ “ដោយសារខ្ញុំនិយាយត្រង់ ស្អីដែលអូស្មាន ហាស្សាន់ប្រាប់ខ្ញុំ ខ្ញុំនិយាយត្រង់ ម្ល៉ោះហើយវាប៉ះពាល់ដល់កិត្តិយសគេ ទីពីរខ្ញុំនិយាយថាកាលណាគេធ្វើប្លង់ពុះដីទៅ គេសងដីវិញនៅខាងក្រោយ អូស្មាន់ ហាស្សាន់ មានគោលបំណងយកទៅធ្វើខុនដូ ធ្វើវីឡា ធ្វើការិយាល័យ ធ្វើអី ខ្ញុំនិយាយថាបានផលប្រយោជន៍ ក្នុងខួរក្បាលរបស់ខ្ញុំ ខ្ញុំអត់ចោទប្រកាន់គាត់ថាផលប្រយោជន៍ផ្ទាល់ខ្លួនទេ កាលណាផលប្រយោជន៍ផ្ទាល់ខ្លួន អាហ្នឹងគេអាចប្តឹងខ្ញុំបានហើយ ខ្ញុំគ្រាន់តែថាបានផលប្រយោជន៍”

លោក អះម៉ាត់ យ៉ះយ៉ា ស្នើឲ្យតុលាការតម្កល់ទុករឿងនេះឥតចាត់ការ។

អ្នកនាំពាក្យស្ថាប័នអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បញ្ជាក់ថាសំណុំរឿងនេះស្ថិតនៅក្នុងការស៊ើបអង្កេតរបស់ព្រះរាជអាជ្ញារង លោក ស៊ឺ វណ្ណនី នៅឡើយទេ ដែលមិនអាចទម្លាយព័ត៌មានបាននោះទេ។

វីអូឌីព្យាយាមទាក់ទង លោក អូស្មាន ហាស្សាន់ តែមិនអាចសុំការឆ្លើយតបបាន។

រហូតមកដល់ពេលនេះ បញ្ហានៅតែចម្រូងចម្រាសរឿងគម្រោងធ្វើផ្លូវក្បែរវិហារឥស្លាមនៅតំបន់បឹងកក់។លោក អះម៉ាត់ យ៉ះយ៉ា មានប្រសាសន៍ថាប្រជាពលរដ្ឋក៏ដូចជារូបលោកនៅតំបន់នោះស្នើឲ្យមានការធ្វើផ្លូវនៅជាប់នឹងរបងដើម្បីកុំឲ្យរំខានការថ្វាយបង្គំ។ លោកបញ្ជាក់ថា៖ “យើងមិនមែនប្រឆាំងជាមួយរដ្ឋាភិបាលឬសាលាក្រុងទេ យើងគ្រាន់តែសំណូមពរឲ្យធ្វើតាមព្រំរបង រឿងស្អីសម្រួលអត់បាន មិនមែនមតិរបស់ខ្ញុំតែម្នាក់ឯងទេ មិតរបស់ប្រជារាស្រ្ត ហើយខ្ញុំនៅជាមួយប្រជារាស្រ្ត”។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក  មាន ចាន់យ៉ាដា មានប្រសាសន៍ថានឹងមានកិច្ចប្រជុំបន្តបន្ទាប់ទៀតដើម្បីសិក្សាពីលក្ខណៈបច្ចេកទេសនិងរកចំណុចឯកភាពគ្នារវាងថ្នាក់ដឹកនាំឥស្លាម។

អតីតនិស្សិតនិងនិស្សិតមូស្លិមកម្ពុជាបានសរសេរលិខិតចំហរមួយចុះថ្ងៃទី២៩ខែមេសា ហើយវីអូឌីទទួលបាន ថាពួកគេមិនគាំទ្រជាដាច់ខាតចំពោះការសាងសង់កាត់តាមដីវិហារឥស្លាមអាល់សារកាល់ភ្នំពេញ ដោយថាការធ្វើផ្លូវនេះនឹងរំខានការគោរពសាក្ការៈព្រះអល់ឡោះ។ លិខិតបញ្ជាក់ថា៖ “បើមានផ្លូវជិតវិហារនាំឲ្យមានសំឡេងរំខាន ប៉ះពាល់ដល់ភាពស្អាតស្អំនៃការថ្វាយបង្គំ ប្រាសចាកពីធម៌វិន័យឥស្លាមនិងជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់និងសោភ័ណភាពរបស់វិហារ”។

គួរបញ្ជាក់ថាវិហារហារអាល់សារកាល់ភ្នំពេញដែលមានតម្លៃជាង២,៦លានដុល្លារស្ថិតនៅតំបន់បឹងកក់ ក្រោយសណ្ឋាគារភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ សម្រាប់សហគមន៍ខ្មែរឥស្លាមប្រតិបតិ្ដគោរពសាសនា។ វិហារនេះអាចផ្ទុកមនុស្សបានជាង២ពាន់នាក់៕ ដោយ ស៊ុន ណារិន និងឃុត សុគន្ធ

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ