លោក កឹម សុខា ប្រកាន់ជំហរ​មិន​ចូលបំភ្លឺនៅថ្ងៃស្អែក ទោះប្រឈម​ការចាប់ខ្លួន​

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

មន្រ្តីគណបក្សសង្រ្គោះជាតិឲ្យដឹងថាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិក្នុងនោះមានប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ប្រកាន់ជំហរមិនចូលបំភ្លឺតាមការកោះអញ្ជើញរបស់តុលាការ បើទោះជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានថ្លែងថាការមិនចូលបំភ្លឺជាការប្រព្រឹត្តបទល្មើសជាក់ស្តែងនិងឈានទៅការចាប់ខ្លួន។

ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃទី១១ ខែឧសភា ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។ តុលាការក៏បានហៅលោក កឹម សុខា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១៧ ខែឧសភា ពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្ម។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ប្រាប់វីអូឌីថាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនៅតែប្រកាន់ជំហរមិនចូលបំភ្លឺតាមការកោះហៅ។ លោកបញ្ជាក់ថា៖ “ប៉ុន្តែអ្វីដែលលោក ឱម យ៉ិនទៀង គាត់មានយោបល់អីផ្ទាល់ខ្លួនអីយើងមិនមានការចាប់អារម្មណ៍ទៅលើសម្ដីទាំងនោះទេបាទ”។

ក្នុងកម្មវិធីតុមូលរបស់វីអូឌីនៅថ្ងៃចន្ទនេះ លោក ឱម យ៉ិនទៀង បានលើកឡើងថាអ្នកមានអភ័យឯកសិទ្ធិទាំងអស់មិនអាចប្រឆាំងវិធានការរបស់រដ្ឋាភិបាលឬនគរបាលយុត្តិធម៌នោះទេ។ លោកពន្យល់ថាប្រសិនបើតុលាការចោទប្រកាន់អ្នកមានអភ័យឯកសិទ្ធិ ទាល់តែមានការព្យួរអភ័យឯកសិទ្ធិ។ លោកបញ្ជាក់បន្ថែមថាប្រសិនបើករណីមិនចូលតាមការកោះហៅរបស់តុលាការ លោក កឹម សុខា នឹងត្រូវចាប់ខ្លួន ដោយថានេះជាបទល្មើសជាក់ស្តែង។

លោកមានប្រសាសន៍ថា៖ “លិខិតដែលយើងឃើញថាព្រះរាជអាជ្ញាកោះហៅលោកកឹម សុខា មក លោក កឹម សុខា គាត់មក តាមការកំណត់។ មកដល់គាត់ប្រាប់ថាខ្ញុំតំណាងរាស្រ្ត ខ្ញូំមានអភ័យឯកសិទ្ធិ ខ្ញុំជឿថាព្រះរាជ្ញាថាលោកអាចឆ្លើយសំណួរនេះទេ បើគាត់មិនឆ្លើយ ក៏អត់ដឹងធ្វើអីគាត់ដែរ គឺគាត់ត្រូវត្រឡប់ទៅវិញ តែគាត់ប្រឆាំងការទៅ សូមជម្រាបថាគាត់បង្កើតបទល្មើសជាក់ស្តែង  អារឿងធំមិនគិត ទៅជាបង្កើតរឿងមួយធំជាងហ្នឹងទៅទៀត អញ្ចឹងគេមិនចាប់អារឿងគាត់អី សញ្ចារកម្មអីទេ គេចាប់រឿងអាបទល្មើសថ្មី ភ្លាមៗនេះ”

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថាការគេចមិនចូលបំភ្លឺអាចជាការបង្កើតបទល្មើសមួយដែរ តែលោកមិនទាន់អាចបញ្ជាក់ថាតើជាបទល្មើសជាក់ស្តែងឬយ៉ាងណា។ លោកបញ្ជាក់ថា៖ “ក្នុងករណីចូលបំភ្លឺ បច្ចុប្បន្ននេះ គឺថាមិនមានអ្វីពាក់ព័ន្ធទៅហ្នឹងអភ័យឯកសិទ្ធិសភានោះទេ ព្រោះគ្រាន់តែកោះឲ្យគាត់ចូលទៅបំភ្លឺតែប៉ុណ្ណោះ តែប្រសិនបើគាត់មិនទៅបំភ្លឺ គាត់គេចចេញពីការកោះហៅ គាត់មិនសហការជាមួយអាជ្ញាធរសាធារណៈ វាអាចបង្កើតជាបទល្មើសមួយថ្មីផ្សេងទៀត។ អញ្ចឹងថាតើបទល្មើសអី ថាតើមានធាតុផ្សំគ្រប់គ្រាន់ ក្នុងការកំណត់ថាជាបទល្មើសដែរឬអត់? ហើយវាកំណត់ថាជាបទល្មើសជាក់ស្តែងឬក៏មិនជាក់ស្តែង វាអាស្រ័យទៅលើចំណាត់ការរបស់តុលាការនៅពេលនោះ”។

តុលាការរាជធានីភ្នំពេញក៏បានចេញដីកាកោះហៅតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិពីររូប គឺលោក ពិន រតនានិងលោក តុ វ៉ាន់ចាន់ ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី១៦ ខែឧសភា ពីការចោទប្រកាន់ពីអំពើពេស្យាចារ ដែលទាក់ទងនឹងរឿងអាស្រូវស្នេហាដែលត្រូវបានទម្លាយថាពាក់ព័ន្ធនឹងលោក កឹម សុខា។

កាលពីសប្តាហ៍មុន ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិបានសម្រេចមិនឲ្យតំណាងរាស្រ្ត៣រូបចូលបំភ្លឺតាមការកោះហៅ ដោយលើកឡើងថាចំណាត់ការនេះបំពានអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្ត។ ក្រុមសមាជិកសភាបក្សប្រឆាំងបានបញ្ជាក់ថារាល់ដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិសភាពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញគឺ”ជាការប្រើប្រាស់អំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត”។ សេចក្តីថ្លែងការណ៍បន្តថា៖ “តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនឹងមិនទៅតាមដីកាកោះរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលរំលោភបំពានច្បាប់នោះឡើយ”

លោកមេធាវី សុក សំអឿន មិនយល់ស្របតាមការលើកឡើងរបស់លោក ឱម យ៉ិនទៀងនោះទេ ដោយលោកមានប្រសាសន៍ថាបើតាមច្បាប់ អ្នកមានអភ័យឯកសិទ្ធិមិនត្រូវចាប់ខ្លួននោះទេ បើទោះជាមិនចូលទៅតុលាការតាមការកោះហៅក៏ដោយ។

អ្នកនាំពាក្យស្ថាប័នអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ធ្លាប់ប្រាប់វីអូឌីថាតុលាការនឹងមានចំណាត់ក្រោយទៀត នៅពេលតំណាងរាស្រ្តមិនចូលបំភ្លឺតាមពេលវេលានៃការកោះហៅ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំណាត់ការអ្វីឡើយ។ លោកបន្តថាចំណាត់ការកោះហៅតំណាងរាស្រ្តគឺត្រឹមត្រូវតាមនីតិវិធី។ លោកបញ្ជាក់ថា៖ “វាជាសិទ្ធិអំណាចរបស់តុលាការ គ្រប់បុគ្គលទាំងអស់ដែលតុលាការគិតថាមានប្រយោជន៍សម្រាប់ដំណើរការរឿងក្តី។ ការកោះអញ្ជើញជារឿងត្រឹមត្រូវ តាមនីតិវិធី”

កន្លងទៅ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន ដោយរដ្ឋាភិបាលបញ្ជាក់ថានេះជាបទល្មើសជាក់ស្តែង ដោយសារការបង្ហោះសារនិងការអត្ថាធិប្បាយពីផែនទីក្លែងក្លាយនៅលើប្រព័ន្ធសង្គមហ្វេសប៊ុក។ បក្សប្រឆាំងបានរិះគន់ចំណាត់ការនេះថារំលោភលើរដ្ឋធម្មនុញ្ញ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល៕ រាយការណ៍បន្ថែមដោយស៊ុន ណារិននិងហ៊ុន សិរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ