ជនជាប់ចោទផ្តល់​ចម្លើយសារភាព​​ប្រហាក់ប្រហែលគ្នា​រឿងវាយតំណាងរាស្រ្ត​

(ពីធ្វេងទៅស្តាំ) ជនជាប់ចោទ លោក ចាយ សារិទ្ធ (រូបថតពីហ្វេសប៊ុក​) លោក សុត វន្នី និង​លោក ម៉ៅ ហឿន​

ជនជាប់ចោទ៣រូបដែលជាប់ពាក់ព័ន្ធនឹងរឿងវាយតំណាងរាស្រ្តបក្សប្រឆាំង បានផ្តល់ចម្លើយសារភាពប្រហាក់ប្រហែលគ្នា តាមការសាកសួររបស់អង្គសវនាការជំនុំជម្រះនៅព្រឹកថ្ងៃអង្គារនេះ។

កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានបើកសវនាការជំនុំជម្រះករណីវាយដំអ្នកតំណាងរាស្ត្រនៅខាងមុខរដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ ដោយបានសាកសួរជនជាប់ចោទ២នាក់ក្នុងចំណោម៣នាក់។ ជនជាប់ចោទទាំងបីរូប គឺឈ្មោះ ម៉ៅ ហឿន សុត វណ្ណនី និង ចាយ សារិទ្ធ ត្រូវបាននាំចូលបន្ទប់សវនាការនៅម៉ោងប្រមាណ៨និង៣០នាទីព្រឹក ដោយអ្នកទាំងបីដើរចូលបន្ទប់សវនាការដោយដៃជាប់ខ្នោះដៃ។ ចំណែកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូបដែលរងការវាយសម្រេចមិនចូលរួមសវនាការជំនុំជម្រះ ដោយអះអាងថាមិនមានជំនឿលើតុលាការ។

ជនជាប់ចោទ លោក ម៉ៅ ហឿននិងសុត វណ្ណនី បានប្រាប់សវនាការថាពួកគេស្ថិតក្នុងកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចនឹងចម្លើយរបស់ជនជាប់ចោទលោក ចាយ សារិទ្ធ ដែលតុលាការបានសាកសួរកាលពីសវនាការថ្ងៃទី២៨ខែមេសា។ ពួកគេបន្តថាពួកគេមិនមែនជាបាតុករចូលរួមបាតុកម្មប្រឆាំងលោក កឹម សុខា នោះទេ តែថាគ្រាន់តែជាអ្នកមកក្តាប់សភាពការណ៍នៃការធ្វើបាតុកម្មនោះប៉ុណ្ណោះ។ អ្នកទាំងពីរបន្តថាពួកគេមិនដឹងថាអ្នកដែលពួកគេវាយនោះជាអ្នកតំណាងរាស្រ្តនោះទេ ហើយថាមូលហេតុដែលនាំឲ្យពួកគេវាយ ដោយសារតំណាងរាស្រ្តជេរពួកគេថាជា“អាយ៉ងយួន”

ជនជាប់ចោទ សុត វណ្ណនី ប្រាប់សវនាការថាពីដំបូងលោកបានចូលទៅជួយកុំឲ្យគេវាយតំណាងរាស្រ្ត ហើយបន្ទាប់មកលោកថាតំណាងរាស្រ្តបានជេររូបលោកថាអាយ៉ងយួន ហើយលោកក៏បានវាយពីរដៃនិងទាត់បីជើងលើតំណាងរាស្រ្ត តែលោកថាត្រូវតែមួយជើងចំឆ្អឹងជំនីតែប៉ុណ្ណោះ ដោយសារតំណាងរាស្រ្តដួល។

ចម្លើយសារភាពរបស់ជនជាប់ចោទទាំងពីរស្ទើរតែដូចនឹងចម្លើយជនជាប់ចោទឈ្មោះលោក ចាយ សារិទ្ធ។

ជនជាប់ចោទទាំងបីត្រូវព្រះរាជអាជ្ញាចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបំផ្លាញដោយចេតនាមានស្ថានទម្ងន់ទោស។ ទោះយ៉ាងណា ជនជាប់ចោទទាំងបីបានបដិសេធថាមិនបានបំផ្លាញទ្រព្យសម្បត្តិជារថយន្តរបស់តំណាងរាស្រ្តនោះទេ។

មេធាវីជនរងគ្រោះបានសួរថាតើជនជាប់ចោទទាំងបីរាយការណ៍ទៅណា ពេលចុះយកព័ត៌មានទាក់ទងនឹងបាតុកម្ម ប៉ុន្តែជនជាប់ចោទមិនបានប្រាប់ថាតើត្រូវរាយការណ៍ទៅបុគ្គលណាឲ្យច្បាស់នោះទេ។

មេធាវីការពារជនរងគ្រោះ លោក ជួង ជូងី ប្រាប់អ្នកសារព័ត៌មានថាតាមការសន្និដ្ឋានរបស់លោកចំពោះចម្លើយជនជាប់ចោទក្នុងសវនាការ លោកថាមានមនុស្សមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធនឹងការវាយតំណាងរាស្រ្ត ប៉ុន្តែលោកថាជនជាប់ចោទព្យាយាមបិទបាំងអ្នកជាប់ពាក់ព័ន្ធ។

កន្លងទៅ តំណាងរាស្រ្តទាំងពីររូបបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានិងទាមទារប្រាក់សំណង ក្នុងម្នាក់ៗចំនួន១០០លានរៀល(ស្មើប្រមាណ២៥០០០ដុល្លារ)។ តំណាងរាស្រ្តក៏បានស្នើឲ្យរកជនដៃដល់បន្ថែមទៀតទៀតនិងអ្នកនៅពីក្រោយការវាយពួកគេ។

គួរបញ្ជាក់ថាក្រោយពីមានការថ្កោលទោសទាំងស្ថាប័នជាតិនិងអន្តរជាតិព្រមទាំងការបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រីផងនោះ ជនសង្ស័យ៣នាក់ដែលគេស្គាល់ថាអ្នកខ្លះជាទាហានផងនោះបានចេញសារភាពថាពួកគេជាអ្នកវាយតំណាងរាស្ត្រ។ បុរស៣នាក់នោះមានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំរស់នៅសង្កាត់តាខ្មៅ ខេត្តកណ្តាល ម្នាក់ទៀតឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ ស្រុកពាមរក៍ ខេត្តព្រៃវែង និងឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕ ដោយ ទូច សុខា និងស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ