អង្គការមួយថាបក្សនយោបាយណា​ដែលយកអំណោយទិញទឹកចិត្តម្ចាស់ឆ្នោតមិនទទួលបានផល​

អង្គការមួយ​បានលើកឡើងថា គណបក្សនយោបាយណាដែល​ប្រើ​យុទ្ធ​សាស្ត្រ​ទិញទឹកចិត្តម្ចាស់​ឆ្នោតនៅ​ ​​​នៅមុនការបោះឆ្នោត​ តាម​រយៈ​ការ​​ចែកអំណោយនឹងមិនទទួលបានផលនោះទេ​ ដោយថា អ្នកនយោបាយគួរតែតាក់​តែង​កម្ម​វិ​ធី​នយោបាយរបស់បក្សខ្លួន ដើម្បីឲ្យស្របតាមតម្រូវ​ការ​ពលរដ្ឋវិញ។

ការលើកឡើងរបស់អង្គការនេះ ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នឹងចាប់​ផ្តើម​នៅថ្ងៃទី៤ខែមិថុនាខាងមុខ​នេះ។

អត្ថបទវិភាគខ្លីរបស់​អង្គការវេ​ទិកាអនាគត «ស្តីពីការផ្លាស់ប្តូរនៃស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ម្ចាស់ឆ្នោត» ដែល​វីអូឌី ទើបទទួលបាននៅថ្ងៃទី១០ខែឧសភានេះ មានខ្លឹមសារថា ប្រជាពលរដ្ឋចាប់អារម្មណ៍​កាន់​តែ​ច្រើនលើគោលនយោបាយរបស់គណបក្សនានា ដោយអត្ថបទវិភាគនោះ ទំ​ន​ង​ជា​សំដៅ​ដល់​បក្ស​កាន់​​អំណាច ដែលថានៅតែចិញ្ចឹមចិត្ត ទិញសន្លឹកឆ្នោតពីម្ចាស់ឆ្នោតតាម រយៈការចែកអំណោយដូចកាលពី​​អាណត្តិ​មុនៗ ដោយថា វិធីសាស្ត្រនេះ នឹងមិនទទួលបានផលវិជ្ជមាន​នោះទេ ព្រោះ​​ម្ចាស់ឆ្នោតមួយចំនួន ​ចេះ​វាយ​តម្លៃ​បក្ស​នយោបាយណាមួយ តាមស្ថានភាពសេដ្ឋកិច្ចគ្រួសារ​ពួកគេ​។​

អត្ថបទវិភាគដដែល បានផ្តល់ជាអនុសាសន៍ថា អ្នកនយោបាយទំាងអស់គួរតែពិចារណាឲ្យបានដិតដល់ចំពោះ កា​រ​​​ផ្លាស់ប្តូរសង្គម និងតាក់តែងកម្មវិធីនយោបាយ ឬគោលនយោបាយរបស់បក្សឲ្យពិតប្រាកដនិយម ដែល​​​ឆ្លុះបញ្ចំាងពីការផ្លាស់ប្តូរសកម្មភាពសេដ្ឋកិច្ចគ្រួសារ​របស់ម្ចាស់ឆ្នោត ទើបទទួលបានផលវិជ្ជមាន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សរបស់លោកមិន​បាន​យកអំណោយទិញទឹកចិត្តម្ចាស់ឆ្នោតនោះទេ ដោយថា រាល់អាណត្តិបក្សកាន់អំណាចគ្រាន់តែ​យក​វត្ថុកំដរដៃជូនប្រជាពលរដ្ឋ​ ដើម្បីភ្ជាប់មនោសញ្ចេតនា រវាងគណបក្សនិងប្រជាជន​តែប៉ុណ្ណោះ។

លោកនិយាយថា៖ «អត់មានអ្នកណាទិញទឹកចិត្តទេ ក៏ប៉ុន្តែជាទំលាប់ប្រពៃណីរបស់គណបក្សប្រជាជនគឺទៅណាពេលប្រជុំ ពេលដែលជួបសំណេះសំណាលជាមួយប្រជាជនមហាជន គឺតែងតែមានរបស់កំដដៃហើយរបស់កំដដៃនេះ វាបង្ហាញនូវមនោសញ្ចេត​នា​ផ្សារភ្ជាប់រវាងគណបក្សនិងប្រជាជនតែប៉ុណ្ណោះ មិនមែនជាការទិញដូរសន្លឹកឆ្នោត ឬមួយជាការសូកប៉ាន់ទឹកចិត្តប្រជាជនទេ»

ទោះជាយ៉ាងណា លោក សុខ ឥសាន បញ្ជាក់ថា គណបក្សរបស់លោកនៅតែរំពឹងថា នឹងឈ្នះការបោះឆ្នោត និងបន្ត​គ្រប់​គ្រង​អំណាច​ដូចការរំពឹកទុកផងដែរ​។

ចំណែក អនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) លោក សាម ស៊ុនឌឿន មានប្រសាសន៍ថា គណបក្សរបស់លោកមិនមានគោលនយោបាយចែកអំណោយដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដូចបក្សកាន់អំណាចនោះទេ។ លោកថា បក្សណាដែលចែកអំណោយឲ្យម្ចាស់ឆ្នោត គឺនៅពេលកាន់អំណាច មិនខ្លាចប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះទេ។

លោកថា៖ «អំណាចដែលបានមក អត់ខ្លាចប្រជារាស្ត្រទេស ដ៏អត់ខ្លាចម្ចាស់ឆ្នោតខ្លួនធ្វើអ្វីស្រែកតែចិត្តគឺសេដ្ឋកិច្ចអត់ដើរទៀត គ្រប់បញ្ហាក្នុងសង្គមអត់ដើរទេ ព្រោះអត់ខ្លាចពីណាទេ ព្រោះបានមកពីការធ្វើអំពើហ្នឹង[ផ្តល់អំណោយ]ទៅពីរ ហើយទីបីទៀតគឺថាខ្លួនទៅជាអវិជ្ជមានវិញ ចំពោះការសន្យារបស់ខ្លួន គឺថាអត់យកចិត្តទុកដាក់ហ្មង»

ចំពោះសាស្ត្រាចារ្យនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា ដើមចមដែលនាំឲ្យបក្សកាន់អំណាចនៅ​តែ​បន្ត​ យក​​អំណោយ​ចែកឲ្យប្រជាពលរដ្ឋមុនការបោះឆ្នោតមក​ដល់នោះ មិនមានអ្វីចំឡែកនោះទេ ដោយលោកថា នៅ​អាណត្តិនេះ បក្សកាន់អំណាចអាចទទួលបានផលវិជ្ជមានតិចតួចពីការចែកអំណោយនេះ ដល់អ្នកគំាទ្រ​។

លោក ឯម សុវណ្ណារ៉ា វិភាគថា វិធីល្អអ្នកនយោបាយទំាងអស់គួរតែអនុវត្តកម្មវិធីនយោបាយរបស់​ខ្លួនដែល​បាន​ឃោសនា​ជូនប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ឲ្យ​មានប្រសិទ្ធិភាព ទើប​ទទួលបានផលវិជ្ជមានទំា​ងប្រជា​ពល​រដ្ឋនិងសង្គម។

លោកថា៖ «សំខាន់អ្នកនយោបាយ ត្រូវធ្វើនូវគោលនយោបាយរបស់ខ្លួន អ្វីដែលខ្លួនឯងបានយកមឃោសនានៅពេលបោះឆ្នោត យកទៅអនុវត្តនៅក្នុងកម្មវិធីនយោបាយនៅពេលដែលឡើងកាន់អំណាចនៅពេលឡើងកាន់អំណាចដាក់កម្មវិធីនយោបាយអនុវត្តឲ្យបានជោគជ័យ គឺធ្វើបានជោគជ័យប្រជាពលរដ្ឋពេលចិត្តគំាទ្រ ហើយផលប្រយោជន៍ជាតិនឹងបានទំាងអស់គ្នា ហើយអ្នកនយោបាយក៏ទទួលបានការគំាទ្រទំាងអស់គ្នា មានការទទួលផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋដែរ​​»

ជារៀង​រាល់រដូវកាល មុនការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ​កម្ពុជា គេ​សង្កេត​ឃើញថា គណបក្សកាន់អំណាច ​បានចាត់មន្ត្រីរបស់ខ្លួនឲ្យចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយ​មាន​ជាអំណោយជូនពួកគេផងដែរ ដែលអំណោយទំាងនោះរួមមាន ថវិកា សារ៉ុង ក្រម៉ា ប៊ីចេង មី និង​ត្រីខ​កំប៉ុងជាដើម។ ករណីនេះ ត្រូវបានមន្ត្រីសង្គមស៊ីវិលយល់ថា ជាការទិញទឹកចិត្តម្ចាស់ឆ្នោត ដើម្បី​ឲ្យខ្លួ​ន​បានបន្តកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ