សាធារណរដ្ឋរ៉ូម៉ានី ស្នើសុំរូបសំណាកសម្តេចព្រះបរមរតនកោដ្ឋទៅដាក់នៅទីលានហ្វ្រង់កូហ្វូនី នៅទីក្រុងប៊ូការ៉េសដើម្បីឧទ្ទិសដល់ស្ថាបនិកអង្គការក្រុមប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូនី) នេះបើតាមការបញ្ជាក់ពីអនុរដ្ឋលេខាធិការក្រសួងការបរទេសលោក មាស គឹមហេង។
លោកមាស គឹមហេង បានឲ្យអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី ៩ ឧសភាថា នៅពេលនេះក្រសួងវប្បធម៌កំពុងរៀបចំសាងសងរូបសំណាកនេះហើយ ដែលលោករំពឹងថាអាចនឹងបញ្ចប់ការសាងសងនាខែកក្កដាខាងមុខ។
លោកថា៖ « នៅពេលដែលរួចហើយដោយសារយើងជាប់បោះឆ្នោត យើងមើលពេលទៅបន្តិចទៀត។ ហើយនៅពេលស្រួលបួលហើយ ឯកឧត្តមទេសរដ្ឋមន្ត្រី គាត់នឹងអញ្ជើញទៅសម្ពោធ។ […] នៅពេលហើយទើបយើងដឹងថានៅថ្ងៃណាពិតប្រាកដ តែជារួមភាគីទាំងពីរបានឯកភាពគ្នារួចហើយ » ។
សមាគមប្រទេសនិយាយភាសាបារាំងត្រូវបានផ្តួចផ្តើមគំនិតឡើងដោយ អតីតប្រធានាធិបតីសេណេហ្គាល់ លោក ឡេអូប៉ូល សេដារ សេងហ័រ ក្នុងទស្សវត្សរ៍ឆ្នាំ១៩៦០ ដែលគម្រោងនោះត្រូវបានគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ សម្តេចនរោត្តម សីហនុ ហើយបានបង្កើតគម្រោងច្បាប់បង្កើតហ្វ្រង់កូហ្វូនីរហូតមកដល់សព្វថ្ងៃនេះ។
បច្ចុប្បន្នរូបសំណាករបស់លោក ឡេអូប៉ូល ត្រូវបានសាងសង់ដាក់តាំងនៅទីលានហ្វ្រង់កូហ្វូនី នៅទីក្រុងប៊ូការ៉េសរួចរាល់ហើយ៕