លោក បាន គីមូន ស្នើលោកហ៊ុន សែន ឲ្យបញ្ចប់ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន (រូបភាពពី Reuters)

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យផ្តើមឡើងវិញនូវវប្បធម៌សន្ទនា និងបញ្ចប់នូវអ្វីដែលលោកហៅថាការធ្វើទុក្ខបុកម្នេញ និងធានាសិទ្ធិក្នុងការប្រមូលផ្តុំ ការជួបជុំ និងបញ្ចេញមតិ។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងពីការសន្ទនាតាមទូរស័ព្ទរវាងលោក បាន គីមូន និង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦។

ក្រសួងការបរទេសឲ្យដឹងថា លោក បាន គីមូន បានសម្តែងការព្រួយបារម្ភចំពោះការបំភិតបំភ័យ ការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល អ្នកសារព័ត៌មាន និងមន្ត្រីបក្សប្រឆាំង។ បន្ទាប់ពីបង្ហាញក្តីកង្វល់ទាំងនេះ  ក្រសួងការបរទេសថា លោក បាន គីមូន ក៏បានអំពាវនាវតាមរយៈលោក ប្រាក់ សុខុន ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ចប់បញ្ហាទាំងនេះ និងស្នើឲ្យមានការសន្ទនាគ្នាឡើងវិញរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោក ប្រាក់ សុខុន បានឆ្លើយតបវិញថា កម្ពុជាកំពុងតែអនុវត្តនីតិវិធីច្បាប់ និងតុលាការលើករណីល្មើស និងបទឧក្រិដ្ឋមួយចំនួន។ ចំណែកករណីលោក កឹម សុខា លោកប្រាក់ សុខុន ថាជាករណីបទល្មើសជាក់ស្តែង ដោយថាមកពីលោក កឹម សុខា បដិសេធមិនចូលខ្លួនតាមការកោះរបស់តុលាការក្នុងនាមជាសាក្សី។

ក្រសួងបន្ថែមថា៖ “ទាក់ទងនឹងករណីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រឿងនេះមិនពាក់ព័ន្ធនឹងរឿងនយោបាយអីទេ។ លោក កឹម សុខា ជាសាក្សីគន្លឹះមួយក្នុងករណីបទឧក្រិដ្ឋគឺជាការជួញដូរផ្លូវភេទ ហើយតុលាការបានកោះហៅគាត់មកបំភ្លឺពីរលើក តែគាត់មិនចូលបំភ្លឺទាំងពីរលើកជាហេតុនាំឲ្យតុលាការចោទប្រកាន់គាត់ពីបទមិនចូលខ្លួនតាមការកោះហៅ យោងមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌដែលនោះជាបទល្មើសជាក់ស្តែង”

លោក ប្រាក់ សុខុន ក៏បានប្រាប់លោក បាន គីមូន ទៀតថាប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងស្ថានភាពធម្មតា និងអ្នកសារព័ត៌មានក៏កំពុងដំណើរការរបស់ខ្លួនជាធម្មតាដែរ។

គួរបញ្ជាក់ថា ការិយាល័យអ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងដែរថាលោក បាន គីមូន បានទូរស័ព្ទមករដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ។ ការិយាល័យអ្នកនាំពាក្យបានដកស្រង់ខឹ្លមសារនៃកិច្ចសន្ទនានោះផ្សព្វផ្សាយនៅលើវេបសាយរបស់ខ្លួនថាអគ្គលេខាធិការ លោក បាន គីមូន បានសម្តែងការព្រួយបារម្ភរបស់លោកអំពីរបាយការណ៍នៃការបំភិតបំភ័យលើមនុស្សជាច្រើន ការយាយីនិងការចាប់ខ្លួន ក្នុងនោះរួមមានមន្រ្តីសង្គមស៊ីវិល បុគ្គលិកនិងសមាជិកស្ថាប័នគ.ជ.ប សមាជិកបក្សប្រឆាំងនិងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយជាដើម។

អគ្គលេខាធិការក៏បានបង្ហាញសេចក្តីសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងធានាការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ រួមមានសេរីភាពនៃការបញ្ចេញមតិ សមាគមនិងការប្រមូលផ្តុំ។ លោកបានអំពាវនាវឲ្យមានការបន្តនៃវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។

ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មិនបានចាត់ទុកថាកម្ពុជាមានការធ្វើទុក្ខបុកម្នេញលើមន្ត្រីសិទ្ធិមនុស្ស ឬគណបក្សប្រឆាំងនោះទេ តែថាកម្ពុជាកំពុងតែអនុវត្តនីតិរដ្ឋ។  លោក ឲ្យដឹងទៀតថា ចំណែកការចរចាររវាងគណបក្សទាំងពីរវិញ  គឺមិនទាន់បានកំណត់ពេលវា និងកាលបរិច្ឆេតនៅឡើយដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ