សមាគមកម្មករប្រចាំប្រទេសថៃបារម្ភថាកម្ដៅនយោបាយធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា

បណ្ដាញមិត្តភាពកម្មករនិយោជិកកម្ពុជាប្រចាំប្រទេសថៃ (ស៊ីហ្វាត) បង្ហាញការព្រួយបារម្ភពីស្ថានការណ៍នយោបាយនៅកម្ពុជា ដោយថាអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរយៈពេលវែង។

បណ្ដាញមិត្តភាពកម្មករនិយោជិកកម្ពុជាប្រចាំប្រទេសថៃបានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី១០ ខែ មិថុនា ដោយឃើញថាបញ្ហាការគោរពសិទ្ធិមនុស្សនិងវិបត្តិនយោបាយមានសភាពគួរឲ្យព្រួយបារម្ភក្នុងកំឡុងពេលចុងក្រោយនេះ។

សេចក្ដីថ្លែងការណ៍ដដែលបន្តថាគម្រោងនៃការចរចាររបស់គណបក្សមានអសនៈក្នុងសភារជាសញ្ញាវិជ្ជមានមួយសម្រាប់កម្ពុជា។ ប៉ុន្តែស៊ីហ្វាតជំរុញឲ្យមានការចរចារដោយភាពស្មោះត្រង់ផ្អែកលើផលប្រយោជន៍ជាតិជាធំ ហើយធ្វើយ៉ាងណាធានានូវការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យពេញលេញ និងស្នើឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សនិងអ្នកទោសនយោបាយទាំងអស់ផងដែរ។

ថ្មីៗនេះដែរសភាអឺរ៉ុបក៏បានអនុម័តសេចក្តីសម្រេចមួយដោយបានអំពាវនាវឲ្យមានការពិចារណាលើការផ្តល់ជំនួយមកកម្ពុជាដោយលើកឡើងពីការព្រួយបារម្ភពីស្ថានភាពនយោបាយបច្ចុប្បន្ននេះ។ ក្នុងសេចក្តីសម្រេចមួយដែលធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គមួយនៅក្នុងប្រទេសបារាំង សភាអឺរ៉ុបបានអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងដោះលែងមន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះថា៖ ការសម្តែងមតិតាមញត្តិរបស់សមាជិកសភាសហគមអឺរ៉ុបដែលហៅថា Resolution គឺមិនមែនជាច្បាប់ចាប់បង្ខំឲ្យរដ្ឋាភិបាលនៃប្រជាជាតិជាសមាជិកអនុវត្តប្រឆាំងនោះឡើយ។ លោកបានបញ្ជាក់ថា៖ ស្មារតីសម្តែងមតិរបស់សមាជិកសភាអឺរ៉ុបមួយក្រុមនេះគ្រាន់តែជាសំណូមពរឲ្យរដ្ឋាភិបាលប្រទេសជាសមាជិករបស់គេគាំទ្រនូវការយល់ឃើញរបស់ក្រុមគេប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យសាធារណមតិមានការភ្ញាក់ផ្អើលនោះ ក្រៅពីការយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាគឺសមាជិកសភាអឺរ៉ុបនោះបង្គាប់ឲ្យកម្ពុជាជាប្រទេសអធិបតេយ្យមួយបោះបង់ភាពជានីតិរដ្ឋ បោះបង់តុលាការឲ្យទៅគោរពបុគ្គលជាទីសក្ការៈ ដែលមិនឋិតនៅក្នុងរង្វង់ច្បាប់។ នេះជាភាពអាម៉ាស់មួយ ! …

កាលពីថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានសម្តែងការព្រួយបារម្ភលើស្ថានភាពនយោបាយនៅកម្ពុជា ដោយអំពាវនាវឲ្យមានការចរចានិងបន្តវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។ លោក បាន គីមូន បានទូរស័ព្ទមករដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្តែងការព្រួយបារម្ភរបស់លោកអំពីរបាយការណ៍នៃការបំភិតបំភ័យលើមនុស្សជាច្រើន ការយាយីនិងការចាប់ខ្លួន ក្នុងនោះរួមមានមន្រ្តីសង្គមស៊ីវិល បុគ្គលិកនិងសមាជិកស្ថាប័ន គ.ជ.ប សមាជិកបក្សប្រឆាំង និងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ