ឌុច​បដិសេធ​ចំពោះករណី​​រំលោភបំពាន​ផ្លូវ​ភេទ​នៅគុកទួលស្លែង​

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ (រូបថតពីសាលាក្តីខ្មែរក្រហម)

ប្រធានមន្ទីរសន្តិសុខស២១ឬគុកទួលស្លែង លោក កាំង ហ្កេចអៀវ ហៅឌុច បានបដិសេធចំពោះការលើកឡើងថាមានការរំលោភបំពានផ្លូវភេទក្នុងមន្ទីរសន្តិសុខដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក។

ក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍ ឌុចដែលត្រូវបានតុលាការនេះហៅឲ្យមកផ្តល់សក្ខីកម្មលើសំណុំរឿង០០២/០២ បានអះអាងប្រាប់តុលាការថាក្នុងរយៈពេលដែលខ្លួនធ្វើជាប្រធានមន្ទីរនេះ លោកមិនដឹងពីការរំលោភសេពសន្ថវៈនៅក្នុងមន្ទីរស២១នោះទេ។ ទោះជាយ៉ាងណាលោកបានបដិសេធទៅលើការអះអាងរបស់សាក្សីដែលត្រូវបានចៅក្រមអានឲ្យលោកស្តាប់និងឆ្លើយតប។ លោកបានទទួលដឹងថាមានការរំលោភបំពានតែមួយគត់ ដែលប្រព្រឹត្តឡើងដោយអ្នកសួរចម្លើយតែលោកនៅតែប្រកាន់ថានេះជាកំហុសវិន័យក្នុងការសួររចម្លើយតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖  បញ្ហាសេពសន្ថវៈនៅស២១ ហេ! អីក៏ច្រើនម្លេះ ខ្ញុំអត់ដឹងទេ។ រឿងដែលដឹងហើយឈឺចាប់មកដល់ឥឡូវគឺរឿងក្មេងម្នាក់វារំលោភបំពាន ទៅលើអ្នកគ្រូខ្ញុំដែលខ្ញុំឈឺចាប់ទើសឥឡូវ។ អាហ្នឹងរឿងហ្នឹងគេចោទខ្ញុំ។ កាលនុងខ្ញុំគិតថាវាកំហុសខាងវិន័យក្នុងការសួរចម្លើយប៉ុន្នឹង។ ដូច្នេះសុំលើកបញ្ហានេះប៉ុណ្ណឹង បញ្ហារំលោភផ្លូវភេទនៅស២១ មិនគរគោកពេកអញ្ចឹងទេ”។

លោកឌុចបានបដិសេធទៅលើការអះអាងរបស់សាក្សីពីររូបដែលត្រូវបានតុលាការដកស្រង់សម្តីនិងបានអះអាងថាមិនមានអ្នកណាម្នាក់ហ៊ានប្រព្រឹត្តអំពើនេះនៅក្នុងមន្ទីរស២១នោះទេ។ លោកថា៖“សម័យខ្មែរក្រហមមិនជាស្រួលប៉ុន្មានទេៗ កំបុតកឥឡូវហ្នឹង! ដូច្នេះការនិយាយថាមានកងការពារបណ្តើរអ្នកទោសស្រីយកទៅទុកហើយរំលោភនៅហ្នឹងជណ្តើរ។ បើតាមខ្ញុំគិតវាហួសវិស័យនឹងជឿ!”។ លោកថាបន្ថែមថា៖“រឿងរំលោភនៅស២១អ្នកណាទៅហ៊ាន! កណ្តាលមន្ទីរមួយដែលមានអ្នកទោសរាប់រយអ្នកទោសរាប់រយ ភ្លើងឆ្វាតឆ្វែង អ្នកយាមកងពិសេសឆ្វាតឆ្វែង អ្នកណាទៅហ៊ានរំលោភផ្តេសផ្តាស មិនងាយទេ!”។

លោក ឌុច ត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

គួរបញ្ជាក់ថាកាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់ឌុចសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយបានសម្រេចផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ