ក្រសួងសុខាភិបាលចេញសារាចរ​តម្រូវឲ្យ​អ្នកផ្តល់សេវាសុខភាព​ប្រើកុំព្យូទ័រកត់ត្រាទិន្នន័យអ្នកជំងឺ

ក្រសួងសុខាភិបាលទុករយៈពេល៣ខែសម្រាប់អ្នកផ្តល់សេវាសុខភាពរដ្ឋនិងឯកជនឲ្យរៀបចំប្រព័ន្ធកុំព្យូទ័រក្នុងការកត់ត្រាទិន្នន័យអ្នកជំងឺនិងការចេញវេជ្ជបញ្ជាឬលទ្ធផលពិសោធន៍របស់អ្នកជំងឺ ដោយព្រមានថាអ្នកផ្តល់សេវាសុខភាពណាដែលមិនធ្វើតាមការណែនាំនេះនឹងត្រូវប្រឈមការបិទអាជីវកម្មឬពិន័យរដ្ឋបាល។

ក្នុងសារាចរណែនាំមួយចុះថ្ងៃទី៩ ខែមិថុនា ក្រសួងសុខាភិបាលបានលើកឡើងថាបច្ចុប្បន្ននេះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនេះបានបំពេញមុខងាររបស់ខ្លួនបានល្អប្រសើរគួរឲ្យកត់សម្គាល់ ប៉ុន្តែក្រសួងថានៅមានអ្នកប្រកបវិជ្ជាជីវៈនេះមួយចំនួនទៀតនៅអនុវត្តមិនទាន់បានត្រឹមត្រូវនៅឡើយ។ បើតាមសារាចរ ក្រសួងបានណែនាំទៅកាន់គ្លីនិក បន្ទប់ព្យាបាលឬសេវាសុខភាពពាក់ព័ន្ធរបស់រដ្ឋនិងឯកជនឲ្យប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រក្នុងការកត់ត្រានិងរក្សាទុកទិន្នន័យរបស់អ្នកជំងឺសម្រាប់ធ្វើរបាយការណ៍ឲ្យនាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាលនៃក្រសួងសុខាភិបាល។ ក្រសួងក៏បានណែនាំឲ្យមានការចេញវេជ្ជបញ្ជានិងលទ្ធផលមន្ទីរពិសោធន៍ឬរូបភាពវិជ្ជសាស្រ្តត្រូវប្រើតាមប្រព័ន្ធកុំព្យូទ័រទាំងអស់ ដោយថាធ្វើដូច្នេះដើម្បីងាយស្រួលអាននិងងាយយល់។

ក្រសួងសុខាភិបាលបន្ថែមថា៖ ការចេញវេជ្ជបញ្ជារបស់គ្រូពេទ្យឬការចេញលទ្ធផលពីសេវាអមគ្លីនិក ដូចជាមន្ទីរពិសោធន៍និងរូបភាពវេជ្ជសាស្រ្តនៅក្នុងសេវាសាធារណៈនិងឯកជនត្រូវតែប្រើតែតាមកុំព្យូទ័រដើម្បីធានាថាលទ្ធផលដែលវាយចេញពីប្រព័ន្ធកុំព្យូទ័រនេះ អាចអានបានច្បាស់ និងយកមកប្រើប្រាស់បាន ដើម្បីកាត់បន្ថយហានិភ័យនានាដែលអាចកើតពីមានឡើងបណ្តាលមកពីភាពមិនច្បាស់លាស់នៃការសរសេរដៃដោយភាពខ្ជីខ្ជានិងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្រ្ត

ក្រសួងសម្រេចទុករយៈពេល៣ខែឲ្យមន្ទីរពេទ្យរដ្ឋនិងមន្ទីរពេទ្យឯកជន គ្លីនិកឬបន្ទប់ព្យាបាលរៀបចំប្រព័ន្ធកុំព្យូទ័រនេះចាប់ពីថ្ងៃជូនដំណឹងនេះតទៅនិងថាបើមិនគោរពតាមការណែនាំនេះ សម្រាប់សេវារដ្ឋនឹងមានវិធានការរដ្ឋបាល រីឯសេវាឯកជនវិញនឹងអាចប្រឈមនឹងការបិទមិនឲ្យដំណើរការតែម្តង។

ក្រសួងក៏តម្រូវសេវាឯកជនដែលចាប់ពីគ្លីនិកឬពហុព្យាបាលឡើងទៅត្រូវមានឱសថការីស្របច្បាប់ប្រចាំការនៅឱសថស្ថានរបស់ខ្លួននិងជាអ្នកគ្រប់គ្រងឱសថទាំងនោះ។

វីអូឌីមិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេងនិងមន្រ្តីផ្សេងទៀតដើម្បីសុំការពន្យល់បន្ថែមលើសារាចរនេះបាននៅឡើយទេ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថាសារាចរនេះល្អសម្រាប់ការកត់ត្រានិងរក្សាទុកទិន្នន័យអ្នកជំងឺ តែលោកថាប្រហែលជាពិបាកក្នុងការអនុវត្ត ដោយថាត្រូវការចំណាយថវិកានិងធនធានមនុស្សច្រើន។ លោកបន្តថានៅតាមទីជនបទដាច់ស្រយាលមួយចំនួនមិនទាន់មានអគ្គិសនីគ្រប់គ្រាន់ និងមានធនធានមនុស្សតិចតួចដែលចេះប្រើប្រាស់កុំព្យូទ័រ។ លោកបន្ថែមថា៖ សេចក្តីណែនាំរបៀបហ្នឹងខ្ញុំគិតថាមិនខុសទេណា តែបើយើងអនុវត្តមិនបានវិសាលភាពធំវាធ្វើឲ្យសេចក្តីណែនាំរបស់យើងមិនសូវមានប្រសិទ្ធភាព…គាត់នៅឆ្ងាយពីថាមពលអគ្គិសនី បើប្រើប្រាស់កុំព្យួទ័រប្រើអីហ្នឹងវាត្រូវមានថាមពលដែរណា ហើយថាមពលវាមិនមមែនត្រឹមតែប្រើអំពូល វាត្រូវអូសម៉ូទ័រប្រើកុំព្យូទ័រអីហ្នឹង អ៊ីចឹងបើតម្រូវឲ្យកត់ចូលក្នុងប្រព័ន្ធកុំព្យូទ័រអីហ្នឹងវាពិបាក

គួរបញ្ជាក់ថាក្រសួងសុខាភិបាលបាននិងកំពុងតែពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា ដោយបានចេញវិធានការត្រួតពិនិត្យអ្នកផ្តល់សេវាសុខភាពមួយចំនួនដែលមិនមានអាជ្ញាប័ណ្ណបើកត្រឹមត្រូវ។ គ្លីនិកឯកជនមួយចំនួនត្រូវក្រសួងបិទ ក្រោយពីមានករណីអ្នកជំងឺស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ