វិភាគ៖ តើការជំរុញពីសហគមន៍អន្តរជាតិម្តងនេះ មានឥទ្ធិពលលើបញ្ហានយោបាយនៅកម្ពុជាទេ?

អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពលនិងបរិស្ថាននៃក្រសួងការបរទេសអាមេរិកលោកស្រីCatherine Novelli ថ្លែងក្នុងជំនួប​មួយជាមួយ​អ្នកសារព័ត៌មាន ដែល​ធ្វើឡើងនៅ​ស្ថានទូតអាមេរិក​ប្រចាំប្រទេសកម្ពុជា(រូបថតដោយ ស៊ុន ណារិន​)

អង្គការសហប្រជាជាតិនិងសភាសហភាពអឺរ៉ុបបានអំពាវនាវព្រមគ្នាឲ្យគណបក្សជាប់ឆ្នោតទាំងពីរចូលតុចរចាជាបន្ទាន់ ខណៈពួកគេសម្តែងក្តីបារម្ភពីស្ថានការណ៍នយោបាយនៅកម្ពុជាពេលនេះ។

ការិយាល័យអ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងថាលោក បាន គីមូន បានអំពាវនាវឲ្យមានការចរចានោះនៅពេលលោកទូរស័ព្ទមករដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីល្ងាចថ្ងៃអង្គារ។ ក្នុងកិច្ចសន្ទនាដែលបានផ្សព្វផ្សាយនៅលើវេបសាយរបស់ខ្លួន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានសម្តែងការព្រួយបារម្ភថាមានការបំភិតបំភ័យលើមនុស្សជាច្រើន ការយាយី និងការចាប់ខ្លួនក្នុងនោះរួមមានមន្រ្តីសង្គមស៊ីវិល បុគ្គលិកនិងសមាជិក គ.ជ.ប សមាជិកបក្សប្រឆាំង និងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយជាដើម។

លោក បាន គីមូន ក៏បានបង្ហាញសេចក្តីសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងធានាការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញរួមមានសេរីភាពនៃការបញ្ចេញមតិនិងការប្រមូលផ្តុំ។

ទន្ទឹមនឹងការបង្ហាញកង្វល់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ សភាសហភាពអឺរ៉ុបនៅថ្ងៃដដែលនោះក៏បានចេញសេចក្តីសម្រេចរបស់ខ្លួនមួយ ដោយថាស្ថានការណ៍នៅកម្ពុជាកាន់តែអាក្រក់ចំពោះគណបក្សប្រឆាំងនិងសកម្មជនការពារសិទ្ធិមនុស្ស។ ស្ថាប័នម្ចាស់ជំនួយធំមួយនេះក៏បានថ្កោលទោសចំពោះអំពើហិង្សា ការឃុំខ្លួន ការចោទប្រកាន់ និងការកាត់ទោសចំពោះអ្នកនយោបាយគណបក្សប្រឆាំងកន្លងមក។

សភាសហភាពអឺរ៉ុបក៏អំពាវនាវឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅលើមេបក្សប្រឆាំងតំណាងរាស្ត្ររបស់គណបក្សនេះ។ ជាមួយគ្នានេះដែរសភាសហភាពអឺរ៉ុបក៏អំពាវនាវឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស សមាគមអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ព្រមទាំងឲ្យទម្លាក់បទចោទប្រឆាំងសមាជិក គ.ជ.ប លោក រ៉ុង ឈុន ផងដែរ។

ស្របពេលជាមួយគ្នានោះដែរ អង្គការអន្តរជាតិចំនួន៤១ស្ថាប័នដែលមានស្នាក់ការនៅប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី៨ខែមិថុនា ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋនិងសេរីភាពបញ្ចេញមតិនៅកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ក្រុមអង្គការទាំងនោះបានស្នើថាឲ្យរដ្ឋាភិបាលបញ្ឈប់ការយាយីតាមផ្លូវតុលាការទៅលើការសម្តែងមតិរបស់ប្រជាពលរដ្ឋនិងធានាឲ្យមានការចូលរួមតាមបែបប្រជាធិបតេយ្យ។

សម្រាប់គណបក្សប្រឆាំងអះអាងថាខ្លួនស្វាគមន៍នឹងការអំពាវនាវនេះ ប៉ុន្តែគណបក្សកាន់អំណាចអះអាងថាសហគមន៍អន្តរជាតិវាយតម្លៃខុសពីស្ថានការណ៍នយោបាយនៅកម្ពុជា។

តើការជំរុញពីសហគមន៍អន្តរជាតិនៅពេលនេះ មានឥទ្ធិពលលើបញ្ហានយោបាយនៅកម្ពុជាទេ? ហើយបើរដ្ឋាភិបាលកម្ពុជាមិនទទួលយកមតិយោបល់ទាំងនោះ តើនឹងមានផលប៉ះពាល់អ្វីខ្លះ?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា កត់សំគាល់ថាជាបទពិសោធន៍កន្លងមករដ្ឋាភិបាលកម្ពុជាមិនដែលទទួលយកការផ្តល់យោបល់ពីសហគមន៍អន្តរជាតិដោយបើកចំហនោះទេ។ ប៉ុន្តែលោកវិភាគថា បើរដ្ឋាភិបាលនៅតែមិនបើកចិត្តទទួលយកយោបល់ពីសហគមន៍អន្តរជាតិ នឹងធ្វើឲ្យកម្ពុជាខាតបង់ច្រើន។ លោកវិភាគថា៖ “ខាតបង់ទី១គឺវិស័យការទូតអន្តរជាតិ មានន័យថានយោបាយការរបទេសកម្ពុជាមានរូបភាពមិនល្អលើឆាកអន្តរជាតិ។ ប្រទេសនានាគេងាកមកចាប់អារម្មណ៍ថាកម្ពុជាគ្មាននីតិរដ្ឋមិនមានការគោរពសិទ្ធិមនុស្ស។ ទី២ខាតបង់សេដ្ឋកិច្ច។ កម្ពុជាពឹងលើការវិនិយោគពីប្រទេសលើសកលលោកក្នុងនោះមានសហភាពអឺរ៉ុបមានការផ្តល់ជំនួយជាច្រើន ពិសេស កូតានៃការនាំចូល។ ខ្ញុំគិតថាចំណុចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា មួយទៀតប៉ះពាល់កិត្យានុភាពរបស់ជាតិដែលសម័យកម្ពុជាល្បីខ្ទរជាមហាអំណាចមួយដែរ ប៉ុន្តែបច្ចុប្បន្នល្បីមិនល្អ

អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃនៅសប្តាហ៍នេះ អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាននៃក្រសួងការបរទេសអាមេរិក លោកស្រី Catherine Novelli បានលើកឡើងពីក្តីបារម្ភថាបញ្ហានយោបាយបច្ចុប្បន្ននេះអាចប៉ះពាល់ដល់ឱកាសវិនិយោគនៅកម្ពុជា។

យោងតាមគេហទំព័រ Census.gov ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកក្នុងឆ្នាំ២០១៥មានចំនួន៣៤១៥លានដុល្លារ ដែលក្នុងនោះកម្ពុជានាំចេញទៅអាមេរិកចំនួន៣៩២លានដុល្លារ ហើយអាមេរិកនាំចូលចំនួន៣០២៣លានដុល្លារ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី វិភាគថាបើរដ្ឋាភិបាលមិនទទួលយកការអំពាវនាវរបស់សហគមន៍អន្តរជាតិដែលជាម្ចាស់ជំនួយនោះទេ លោកថាជំហានបន្ទាប់អគ្គលេខាធិការអង្គការសហប្រជាជាតិអាចនឹងកោះប្រជុំប្រទេសជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។

លោកវិភាគថា៖ ខ្ញុំមើលឃើញពីរឿងការកោះប្រជុំសមាជិកភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសហើយ ព្រោះដំណាក់កាលនេះសារធ្ងន់ៗពីសភាអឺរ៉ុបក៏ជាសមាជិកច្រើននៃកិច្ចព្រមព្រៀងក្រុងប៉ារីសដែរ។ ទី២ជាឱកាសមាស ឱកាសពេជ្រសម្រាប់គណបក្សប្រឆាំង បើប្រធាន អនុប្រធាន គណបក្សប្រឆាំង តំណាងរាស្ត្រឬប្រជាពលរដ្ឋចេញមកព្រមគ្នា ខ្ញុំថាមានដំណោះស្រាយលឿនជាងនេះ

ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅសប្តាហ៍នេះបានថ្លែងថាសហគមន៍អន្តរជាតិបានវាយតម្លៃខុសពីស្ថានការណ៍នយោបាយនៅកម្ពុជា ហើយលោកបានព្រមានកុំឲ្យបរទេសលូកដៃចូលកិច្ចការកម្ពុជា។

លោក កែម ឡី យល់ថារដ្ឋាភិបាលកម្ពុជាមិនហ៊ានទទួលស្គាល់ការពិតនោះទេ។

លោកថា៖ គាត់ថាអីចឹងតែកាយវិការបានធ្វើរួចទៅហើយ នៅពេលអត់ចាប់ឃុំអ្នកតវ៉ាអាវខ្មៅថ្ងៃចន្ទ មិនព្យាយាមចាប់លោក កឹម សុខា បន្ថែមនៅពេលគាត់បញ្ចេញសារថានឹងមានការដោះលែងបើសិនជាតុលាការកាត់សេចក្តីហើយ។ នេះជាកាយវិការបន្ទន់ឥរិយាបថហើយ គ្រាន់តែថាពេលខ្លះអ្នកនយោបាយអត់ហ៊ានទទួលខុសត្រូវនឹងការពិត

លោក សូ ចន្ថា លើកឡើងថាសហគមន៍អន្តរជាតិនៅតែមានតួនាទីសំខាន់ក្នុងការតាមដានការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពេលនេះ។

លោកមានប្រសាសន៍ថា៖គេមានតួនាទីសំខាន់ទី១ក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសដែលធានាជំរុញឲ្យកម្ពុជាមានប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋជាដើម។ ទី២ប្រទេសទាំងអស់នោះមានកាតព្វកិច្ចជួយរួមចំណែកកសាងកម្ពុជាឲ្យមានការអភិវឌ្ឍឡើងវិញនោះ…គោលដៅសំខាន់គេចង់ឲ្យមានសេរីភាពនយោបាយពិតប្រាកដ

កាលពីឆ្នាំ២០០៦ រដ្ឋាភិបាលកម្ពុជាបានសម្រេចដោះលែងសកម្មជនសិទ្ធិមនុស្សល្បីឈ្មោះមួយចំនួនរួមមាន លោក កឹម សុខា លោក ប៉ា ងួនទៀង លោក រ៉ុង ឈុន និងលោក យ៉េង វីរៈ ជាដើម នៅពេលមានដំណើរទស្សនកិច្ចរបស់ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកមកកម្ពុជា។ លោក ហ៊ុន សែន កាលណោះបានចាត់ទុកការដោះលែងសកម្មជនសិទ្ធិមនុស្សពេលនោះថាជា ”កាដូ” សម្រាប់ទស្សនកិច្ចនោះ។

បច្ចុប្បន្ននេះ សកម្មជនសិទ្ធិមនុស្សសមាគមអាដហុកចំនួន៤រូបនិងលោក នី ចរិយា អតីតមន្រ្តីជាន់ខ្ពស់សមាគមនេះ ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរង គ.ជ.ប នោះត្រូវបានតុលាការឃុំខ្លួន។ ពួកគេត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទថាមានកំហុសទាក់ទងនឹងករណីដែលគេទម្លាយថា លោក កឹម សុខា មានស្នេហាលួចលាក់។

សូមបញ្ជាក់ថាប្រតិកម្មរបស់សហគមន៍អន្តរជាតិជាបន្តបន្ទាប់នេះគឺក្រោយគណបក្សប្រឆាំងបានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិដោយអំពាវនាវឲ្យបើកកិច្ចប្រជុំជាបន្ទាន់មួយនៃប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយថាដើម្បីធានានូវសុវត្ថិភាពតំណាងរាស្រ្តបក្សប្រឆាំងនិងជួយឲ្យមានស្ថិរភាពសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៧និង២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ