មន្ត្រីថាការបាក់ស្រុតដីក្បែរស្តាតអូឡាំពិក​ ដោយ​សារ​ក្រុមហ៊ុន​ជីក​រណ្តៅជិតផ្លូវពេក​

(រូបថតពីហ្វេសប៊ុក​និង​SBN)

មន្ត្រីសាលារាជធានីភ្នំពេញបានអះអាងថាអាជ្ញាធរមិនបានដាក់បន្ទុកទៅលើភាគីក្រុមហ៊ុននោះទេ ករណីបាក់ស្រុកដីនៅជាប់របងស្ដាតអូឡាំពិក ប៉ុន្តែលោកថាក្រុមហ៊ុនOCICដែលមានការដ្ឋានជាប់នោះមានចំណែកខុស ដោយសារតែក្រុមហ៊ុនបានជីករណ្ដៅធ្វើចំណតរថយន្តនៅជិតចិញ្ចើមផ្លូវ។

កាលពីរសៀលថ្ងៃពុធ ភ្លៀងមួយមេធំរយៈពេលជិត២ម៉ោងបានបណ្តាលឲ្យទឹកជន់នៅកន្លែងមួយចំនួននៅរាជធានីភ្នំពេញ។ ពេលភ្លៀងនោះ មានហេតុការណ៍បាក់ស្រុតដីនៅជាប់របងស្តាតអូឡាំពិកនៅលើផ្លូវលេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឲ្យរថយន្តបីគ្រឿងរងការខូចខាត។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា ប្រាប់វីអូឌីនៅព្រឹកថ្ងៃសុក្រនេះថាការបាក់ស្រុតដីដោយសារមានការជីករណ្ដៅធ្វើចំណតរថយន្តនៅគៀកនឹងចិញ្ចើមផ្លូវពេក ទើបពេលភ្លៀងមកធ្វើឲ្យទឹកហូរធ្លាក់ទៅកន្លែងដែលក្រុមហ៊ុនជីកធ្វើចំណតរថយន្តនោះ។ ទោះជាយ៉ាងណា លោកថានេះជាឧបទ្ទវហេតុ ហើយសាលារាជធានីមិនបានដាក់បន្ទុកភាគីខាងណានោះទេ។ លោកមានប្រសាសន៍ថា៖ “ចំពោះការដ្ឋានដែលជីកហ្នឹង គឺយើងបានណែនាំទៅ(ក្រុមហ៊ុន)OCICឲ្យគាត់គោរព នៅស្ដង់ដារលក្ខណៈបទដ្ឋានបច្ចេកទេស ក៏ប៉ុន្តែចង់និយាយថាវាជាឧបទ្ទវហេតុ ទាំងយើងទាំងគេមិនចង់ឲ្យកើតមានទេ ក៏ប៉ុន្តែអ្វីដែលគាត់ធ្វើនឹងក៏មិនជាអ្នកខុសបច្ចេកទេសអីណាស់ណាដែរ គ្រាន់តែវាគៀកទៅដល់អាជញ្ជាំងទប់ដីអញ្ចឹងទៅហើយក៏ភ្លៀងហូរទឹកបុកខ្លាំងទៅក៏វាច្រោះដីកន្លែងហ្នឹង ធ្វើឲ្យបាក់អញ្ចឹងទៅ ។ អាហ្នឹងជាមូលហេតុដើមដែលធ្វើឲ្យបាក់ហើយកន្លែងហ្នឹងក៏ជាការដ្ឋានដែរ”។

លោកបន្តថាភាគីក្រុមហ៊ុនក៏ត្រូវទទួលខុសត្រូវដោយផ្ដល់សំណងទៅម្ចាស់រថយន្តដែលខូចនោះដែរ។

ម្ចាស់រថយន្តប្រាប់វីអូឌីដោយសុំមិនបញ្ចេញឈ្មោះថារហូតមកដល់ពេលនេះ លោកក៏មិនទាមទារសំណងដែរ តែលោកថាបើក្រុមហ៊ុនផ្តល់សំណងខ្លះ ក៏ជារឿងល្អសម្រាប់រូបលោក។

អគ្គនាយករងក្រុមហ៊ុនOCIC លោក ទូច សំណាង ប្រាប់វីអូឌីនៅពេលព្រឹកថាលោកមិនទាន់បានទទួលដំណឹងពីសាលារាជធានីនៅឡើយទេ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំអត់ទាន់បានទទួលដំណឹងហ្នឹង ហើយខ្ញុំជឿថាជឿទៅលើ ព្រោះថាម្សិលមិញគេមានអន្តរក្រសួងមានតាំងពីខាងមន្ទីរដែនដីខណ្ឌអីៗហ្នឹង ហើយក្រសួងដឹកនាំចុះអីហ្នឹងគេមានអន្តរក្រសួងគេបានវាយតម្លៃលើបញ្ហាអស់ហ្នឹងហើយ”។

លោក ទូច សំណាង ប្រាប់វីអូឌីកាលពីថ្ងៃព្រហស្បតិ៍ថាមូលហេតុនៃការបាក់ស្រុកដីនេះមិនមែនដោយសារការជីកដីសាងសង់សំណង់នោះទេ។ លោកសន្និដ្ឋានថាការបាក់ស្រុតនោះ ដោយសារមានទឹកហូរច្រោះលូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ