ជីវប្រវត្តិ​សង្ខេបរបស់​​លោកបណ្ឌិត​ កែម ឡី

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

បើតាមប្រវត្តិរូបដែលបង្ហោះលើប្រព័ន្ធសង្គមហ្វេសប៊ុក លោក កែម ឡី កើតថ្ងៃទី១៩ តុលា ឆ្នាំ១៩៧០ នៅឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកបានបញ្ចប់ថ្នាក់វេជ្ជសាស្ត្រពេទ្យក្នុងឆ្នាំ១៩៩២និងបានបន្តសិក្សាយកថ្នាក់អនុបណ្ឌិតផ្នែកស្រាវជ្រាវនៅសកលវិទ្យាល័យជូឡាឡុងកនប្រទេសថៃពីឆ្នាំ១៩៩៦ដល់ឆ្នាំ១៩៩៧។ ក្នុងឆ្នាំ២០០៨ លោកបានទទួលសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គមពីសកលវិទ្យាល័យម៉ាឡាយ៉ានៃប្រទេសម៉ាឡេស៊ី។

លោកបានចាប់ផ្តើមការងាររបស់លោកក្នុងឆ្នាំ១៩៩៨ ជាអ្នកសង្កេតពីស្ថានភាពមេរោគអេដស៍និងជំងឺអេដស៍និងទទួលវិភាគឆ្លើយតបប្រចាំខេត្តតាកែវសម្រាប់គម្រោងPSHRAដែលគាំទ្រដោយUNICEFនិងUNAIDS។ ក្នុងបទពិសោធន៍ការងារ លោក កែម ឡី បានធ្វើការងារភាគច្រើនជាអ្នកប្រឹក្សានិងវិភាគគម្រោងឲ្យអង្គការអន្តរជាតិនានាដូចជាUNDP UNICEF UNAIDS ជាដើម។

ក្រៅជំនាញវិភាគនិងប្រឹក្សា លោកក៏មានចំណេះដឹងទាក់ទងទៅនឹងសុខភាពបន្តពូជ សុខភាពផ្លូវភេទនិងចំណេះដឹងយេនឌ័រទាក់ទងទៅនឹងកំណែទម្រង់វិស័យសុខាភិបាលផងដែរ។ ក្នុងឆ្នាំ២០០៨ដល់បច្ចុប្បន្ន លោកក៏ចាប់ផ្តើមធ្វើការងារជាអ្នកស្រាវជ្រាវឯករាជ្យផងដែរ។

បច្ចុប្បន្ននេះ លោកមានកូន៤នាក់ហើយភរិយារបស់លោកឈ្មោះអ្នកស្រី ប៊ូ រចនា ក៏កំពុងមានកូនពរពោះម្នាក់ទៀតផងដែរ។ ភរិយារបស់លោកជាអ្នកលក់ខោអាវនៅហាងមួយឈ្មោះថា រចនា ឡី នៅខាងត្បូងផ្សារបឹងកេងកង។

ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក កែម ឡី ត្រូវបានសារព័ត៌មានផ្សេងៗហៅសម្ភាសន៍ពីរបាយការណ៍របស់អង្គការគ្លូបល វីតណេស(Global Wintess)ពីរឿងជំនួញធំៗរបស់ក្រុមគ្រួសារត្រកូលហ៊ុន។ លោកក៏បានរិះគន់រដ្ឋាភិបាលលើបញ្ហារសើបមួយចំនួនដូចជាការការដឹកនាំបែបលទ្ធិប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្ស បញ្ហាព្រំដែន ការកាប់បំផ្លាញព្រៃឈើនិងបញ្ហាអន្តោប្រវែសន៍ជាដើម។

ក្នុងការងាររបស់លោក លោកធ្លាប់បាននិយាយទៅកាន់សាធារណជនថា៖ “នៅពេលយើងវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ។ ខ្ញុំចង់និយាយថានៅក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន ដែលមានឆ្លាមច្រើន  នៅពេលដែលយើងវិភាគម្តងៗ យើងមិនដែលគិតថាយើងមានជីវិតទេ។ ប៉ុន្តែបើសិនជាយើងនាំគ្នាខ្លាច យើងនាំគ្នាខ្លាចទាំងអស់គ្នា យើងអត់មានលទ្ធភាពផ្តល់គំរូដល់យុវជនទេ យើងអត់មានលទ្ធភាពកែប្រែប្រទេសយើងទេ អញ្ចឹងហើយបានខ្ញុំហ៊ាននិយាយបែបនេះ”។

លោក កែម ឡី បានឲ្យយោបល់ថាការវិភាគឬការផ្តល់យោបល់ត្រូវមានលក្ខណៈវិទ្យាសាស្រ្តឲ្យច្រើននិងមានភស្តុតាងត្រឹមត្រូវ។ លោកបញ្ជាក់ថា៖ “ជាទូទៅខ្ញុំដាក់ខ្លួនថានៅពេលដែលយើងចាប់ផ្តើមវិភាគ យើងត្រូវមានលិខិតឆ្លងដែនមួយហើយមានវីសា(ទិដ្ឋាការ)បី។ ទីមួយបើសិនជាគេមិនសប្បាយចិត្ត គេឲ្យយើងទៅមន្ទីរពេទ្យ យើងទៅ ទៅ មិនសប្បាយ គេឲ្យយើងទៅព្រៃស យើងទៅ ទៅ ហើយបើសិនជាគេមិនសប្បាយចិត្ត ហើយគេឲ្យយើងទៅវត្តព្រះពុទុ្ធ យើងទៅ ទៅ អាហ្នឹងបានយើងវិភាគទៅ យើងបញ្ចេញយោបល់ទៅ វាត្រូវជ្រុងណា។ ក៏ប៉ុន្តែបើសិនជាយើងខ្លាចនូវវីសាបីហ្នឹងទេ ខ្ញុំគិតថាវាពិបាកនឹងផ្តល់ផលដល់សង្គម”។

លោកបន្ថែមថា៖ “ខ្ញុំអំពាវនាវឲ្យយុវជនជំនាន់កណ្តាលឬក៏ជំនាន់ក្រោយហ្នឹង កាន់តែមានសេចក្តីក្លាហានឡើង យើងធ្វើម៉េចផ្តល់យោបល់ព័ត៌មានដែលមានភស្តុតាងត្រឹមត្រូវ មានលក្ខណៈវិទ្យាសាស្រ្ត មានឧទាហរណ៍ឲ្យច្រើនហើយប្រកបដោយក្រមសីលធម៌ខ្ពស់”។

លោក កែម ឡី បានឲ្យជាយោបល់ថា៖ “អ្វីដែលជាផលវិបាក បើសិនជាយើងវិភាគ ហើយខ្លាចបរិយាកាសនយោបាយ។ បើយើងវិភាគ យើងបារមុ្ភខ្លាចគេសម្លាប់ ខ្លាចជាប់គុក ខ្លាចគេធ្វើបាប។ អញ្ចឹងខ្ញុំគិតថាយើងវិភាគអត់ត្រូវជ្រុងទេ។ អញ្ចឹងខ្ញុំគិតថាផ្តាំដល់សាធារជន យុវជន យើងនិយាយអីជាការពិត កម្រិតនៃការយល់ដឹងយើងប៉ុណ្ណា យើងនិយាយប៉ុណ្ណឹង”។

លោកបានអំពាវនាវឲ្យយុវជនចេះបញ្ចេញគំនិតទៅលើបញ្ហាអ្វីមួយ ប្រសិនបើពួកគេមានគោលដៅពិតប្រាកដក្នុងការជួយសង្គម។ លោកមានប្រសាសន៍ថា៖ “ខ្ញុំមើលទៅអ្នកអត្ថាធិប្បាយ អ្នកផ្តល់យោបល់នៅក្នុងសង្គម ប្រសិនបើគាត់មានគោលដៅពិតប្រាកដ ថាគាត់ជួយសង្គមពិតប្រាកដ ហ្នឹងខ្ញុំគិតថាវាមិនប៉ះពាល់ទេ។ ដោយសារអីយើងត្រូវតែហ៊ានប្រឈមណាស់ បើយើងចង់និយាយការពិតជៀសវាងយើង និយាយការពារ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ