ក្រសួង​មហាផ្ទៃ​អះអាងថា​នឹង​បន្ត​ស៊ើបអង្កេត​ល្អិតល្អន់​ចំពោះ​ឃាតកម្ម​លើ​លោក កែម ឡី​

ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃនេះ បាននិយាយថា ក្រសួងនេះនឹងបន្តចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតឲ្យបានល្អិតល្អន់ថែមទៀតតាមនីតិវិធី ចំពោះឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមឯករាជ្យ នៅព្រឹកថ្ងៃអាទិត្យនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញនៅរសៀលថ្ងៃអាទិត្យនេះ ក្រៅពីចូលរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ក្រសួងមហាផ្ទៃ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើមនុស្សឃាតដ៏សាហាវឃោឃៅនេះ ហើយក្រសួងនេះ ប្ដេជ្ញាចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតឲ្យបានល្អិតល្អន់ថែមទៀតតាមនីតិវិធី។

ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវឲ្យមហាជន ទុកលទ្ធភាពឲ្យកម្លាំងមានសមត្ថកិច្ចបន្តកិច្ចការតាមជំនាញ និងដើម្បីបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត។

សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារលោកបណ្ឌិត កែម ឡី មានឈ្មោះ ជួប សម្លាប់ អាយុ ៣៨ឆ្នាំ និងមានស្រុកកំណើតនៅឯស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ទោះជាយ៉ាងណា ក្រសួងមហាផ្ទៃពុំបានបញ្ជាក់ពីមូលហេតុនៃបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី នោះឡើយ ដោយគ្រាន់តែប្រាប់ថា ជនដៃដល់ធ្លាប់ទៅរស់នៅ និងធ្វើជាកម្មករនៅចម្ការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃ។

លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគសង្គមឯករាជ្យ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារនៅប្រហែលម៉ោង ៩ព្រឹកថ្ងៃទី១០ ខែកក្កដានេះ នៅក្នុងម៉ាត ស្ថិតក្នុងការ៉ាសស៊ាំងកាល់តិច ម្ដុំស្តុបបូកគោ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ