តស៊ូ៥ទឹក ជើងខ្លាំងថៃ នៅតែសងសឹក ពុទ្ធ ឆាយរិទ្ធី មិនបាន

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 9:19 AM | កំសាន្ដកីឡា | 0 | 1097

ការប្រកួតអន្តរជាតិយ៉ាងស្វិតស្វាញរវាងកីឡាករកម្ពុជា ពុទ្ធ ឆាយរិទ្ធី និងជើងខ្លាំងថៃមួយរូប នៅតែធ្វើអោយភាគីថៃបន្តបរាជ័យក្នុងការសងសឹករបស់ខ្លួនដដែល។ នេះជាការប្រកូតលើកទី៣របស់អ្នកទាំងពីរ បន្ទាប់ពីការប្រកួតកាលពី២លើកមុន គឺកីឡាករទាំង២បានត្រឹមស្មើពិន្ទុគ្នាកកនុងជំនួបលើកទី១ ហើយដល់ការប្រកួតលើកទី២ កីឡាករថៃ ដែលមានប្រវត្តិឈ្នះកីឡាករខ្មែរខ្លាំងៗផ្សេងទៀតរាប់មិនអស់ក្លាយជាអ្នកចាញ់ពិន្ទុ ធ្វើអោយភាគីថៃមិនអស់ចិត្ត។

ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី៩ កក្កដានោះ ត្រូវបានអ្នកស្នេហាវិស័យប្រដាល់ផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែនោះគឺជាជំនួបសងសឹក។ កីឡាករថៃ Kvan Ek ដែលប្រកួតជាមួយកីឡាករកម្ពុជាផ្សេងៗសុទ្ធឈ្នះ នៅមុនពេលប៉ះជាមួយកីឡាករ ពុទ្ធ ឆាយរិទ្ធី ជាថ្មីបានបង្ហាញជំនឿចិត្តយ៉ាងខ្លាំងថាគេនឹងសងសឹកបាន ដោយសារតែបានអះអាងថាការចាញ់ពិន្ទុក្រោមដៃ ពុទ្ធ ឆាយរិទ្ធី កាលពីជំនួបលើកទី២ គឺដោយសាររឿងភ្លាត់ស្នៀត និងបានប្រកាសថាសម្រាប់ការប្រកួតសងសឹកគេបានត្រៀមខ្លួន។

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃអោយមកប្រកួតនៅកម្ពុជា បានអះអាងថាកីឡាករ Kvan Ek កើតទុក្ខមិនសុចិត្តចំពោះការបរាជ័យកាលពីលើកមុននោះ ទើបលោកដាក់អោយប្រកួតជាថ្មីនៅថ្ងៃទី ៩ កក្កដាដើម្បីសងសឹក។

លោកថាកីឡាករថៃដែលមានប្រវត្តិវាយឈ្នះកីឡាករកម្ពុជាល្អៗជាច្រើនរូបនេះបានប្រកាសសុំសងសឹកដោយមុនមកប្រកួតគឺគេបានហ្វឹកហាត់ដល់ទៅជិតមួយខែ ដើម្បីសន្សំកម្លាំងយកមកបំបាក់មុខកីឡាករ ពុទ្ធ ឆាយរិទ្ធី។ កីឡាករថៃបានត្រៀមទុកតាំងពីមានការផ្គូរផ្គងអោយប៉ះគ្នាជាថ្មីនោះម្លេះ ដោយក្រៅពីបានហ្វឹកហាត់ជាប់លាប់ក៏បានប្រយ័ត្នប្រយែងរឿងសុខភាពដើម្បីកុំអោយចាញ់ប្រៀប។

នៅមុនពេលប្រកួតលោកថាកាន់តែមានជំនឿចិត្តដោយសារតែកីឡាករមើលទៅរឹងមាំ និងចង់ឈ្នះការប្រកួត។ ស្របគ្នាដែលការប្រកួតក្នុងអំឡុង២ទឹកដំបូង គឺ ពុទ្ធ ឆាយរិទ្ធី ធ្វើអ្វីមិនបែកទៅលើកីឡាករថៃ ហើយបែរជាត្រូវកីឡាករថៃមានឱកាសវាបកបានច្រើនផង គឺរឹតតែធ្វើអោយលោកមានការជឿជាក់សម្រាប់លទ្ធផលថានឹងអាចសងសឹកបាន១០០ភាគរយសម្រាប់ការប្រកួតលើកនេះ។

ក្នុងទឹកទី៣ លោកថាកីឡាករថៃបើទោះជាមានការវាយសម្រុកពីសំណាក់កីឡាករកម្ពុជាយ៉ាងណាក៏ដោយ ក៏នៅតែបានវាយបកបានល្អ ហើយធ្វើអោយជំហរសងសឹករបស់គេរក្សាបានស្ថិតិនាំមុខ ដោយសូម្បីតែអ្នកគាំទ្រក៏មើលឃើញដូច្នោះមិនខុសគ្នា។ យ៉ាងណាក៍ដោយ ឈានដល់ទឹក៤ កីឡាករពុទ្ធ ឆាយរិទ្ធី ក៏មានឱកាសវាយចូលបានច្រើនវិញ ដោយបានទាំងធ្វើអោយអ្នកទស្សនាពេញចិត្តរហូតបន្ទរសំលេងទះដៃយ៉ាងកងរំពងនោះផង។

នៅក្នុងទឹកនេះជើងខ្លាំងថៃទោះប្រឹងគេចច្រកណាក៍ត្រូវឡើងទក់សាច់ដែរ ដោយអ្នកទស្សនាយល់ថាបើកីឡាករកម្ពុជាប្រឹងសម្រុកអោយត្រូវគោលដៅមួយប្រាវទៀត នឹងអាចឈានដល់អោយកីឡាករថៃបោះបង់ការប្រកួតនោះផង។ ឈានដល់ទឹកទី៥ចុងក្រោយ កីឡាករថៃបន្តសម្រុកវាយចំគោលដៅ ប៉ុន្តែសំណាងរបស់គេបានត្រឹមតែពាក់កណ្ដាលទឹកប៉ុណ្ណោះក៍ត្រូវកីឡាករថៃដណ្ដើមបានឱកាសវិញ ហើយការប្រកួតនៅវិនាទីចុងក្រោយក៏មិនអាចអោយ ពុទ្ធ ឆាយរិទ្ធី ផ្ដួលកីឡាករថៃអោយសន្លប់បានតាមការចង់បាន។

ចុងបញ្ចប់នៃការប្រកួតអ្នកទាំងពីរបានត្រឹមស្មើពិន្ទុគ្នាដូចកាលជំនួបលើកទី១ តែគឺមានន័យថាកីឡាករថៃជាអ្នកខាត ដោយសារតែគេធ្លាប់ចាញ់កីឡាករកម្ពុជាម្ដងរួចទៅហើយ។

លោក ថៃ អ៊ូ បានហៅការអោយស្មើពិន្ទុរបស់កីឡាករថៃ និងកម្ពុជា ថាជាលទ្ធផលបច្ចេកទេស ដោយមិនមែនបណ្ដាលមកពីអ្នកណាភ្លាត់ស្នៀតចំពោះអ្នកណាដូចលើកមុន។ លោកថាលទ្ធផលស្មើសម្រាប់គូនេះ គឺជារឿងសមស្របដោយសារតែលោកយល់ថា បើហ៑ានតែអោយភាគីខាងណាឈ្នះក៍ពិតជាមានអ្នកគាំទ្រម្ខាងៗមិនសប្បាយចិត្ត។

លោកថាកីឡាកររបស់លោកដ្បិតថាមើលទៅមានប្រៀបជាងបន្តិច ប៉ុន្តែលោកថាការអោយគេស្មើគឺល្អជាងអោយឈ្នះអោយចាញ់ ដើម្បីកុំអោយមានការតវ៉ា។ លោកថាកីឡាករថៃក្រោយការសងសឹកមិនបានសម្រេច គេមានអារម្មណ៍មិនសូវសប្បាយនោះទេ ប៉ុន្តែលោកថាកីឡាករ Kvan Ek ទទួលយកដោយមិនចាត់ទុកថានោះជាលទ្ធផលមិនយុត្តិធម៍ ឬ មិនអោយឈ្នះដោយការភ្លាត់ស្នៀតដូចមុនទេ។

លោកមិនទាន់ច្បាស់ថានឹងមានជំនួបប៉ះគ្នាជាលើកទី៤សម្រាប់គូបនេះយ៉ាងនោះទេ ក្នុងពេលដែលកីឡាករថៃប៉ះ ពុទ្ធ ឆាយរិទ្ធី ដល់ទៅ៣លើកមិនដែលស្គាល់ឈ្នះក៏ហាកមិនចង់ជួបក្រោយពេលបានត្រឹមស្មើដូចគ្នា។ លោកថាគូនេះក្រែងថាកីឡាករ Kvan Ek ចង់ប្រកួតទើបអាចផ្គូរផ្គងជាលើកទី៤ តែសម្រាប់ពេលនេះលោកថាក្រោយគេសួរនាំគឺគេមិនទាន់ឆ្លើយថាចង់ជួប ពុទ្ធ ឆាយរិទ្ធី ម្ដងទៀត ឬ យ៉ាងណានោះទេ៕

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required