ចន ច័ន្ទលក្ខិណា ប្រកាសមិនយកសមាគមសិល្បករខ្មែរបម្រើនយោបាយ

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 9:34 AM | កំសាន្ដ | 0 | 2778 អ្នកនាង ចន ច័ន្ទលក្ខិណា ដែលទើបជាប់ឆ្នោតជាប្រធានថ្មីរបស់សមាគមសិល្បករខ្មែរ (វង្ស សុម៉ាលីន)

ទោះជាមានការរិះគន់ជុំវិញជំហរពាក់ព័ន្ធនយោបាយនាពេលកន្លងមក ក៏អ្នកនាង ចន ច័ន្ទលក្ខិណា ដែលទើបជាប់ឆ្នោតជាប្រធានថ្មីរបស់សមាគមសិល្បករខ្មែរ បានអះអាងថាអ្នកនាងនឹងមិនយកសមាគមមួយនេះទៅពាក់ព័ន្ធសកម្មភាពនយោបាយនោះដែរ។

អ្នកនាងថាបើអ្នកនាងបង្ហាញមុខក្នុងសកម្មភាពនយោបាយ នោះគឺជាសិទ្ធិបុគ្គលប៉ុណ្ណោះ។ អ្នកនាងបានឆ្លើយតបនឹងការចោទសួរក្រោយប្រកាសសុពលភាពជំនួសលោក សុះ ម៉ាច ថាអ្នកនាងនឹងមិនគៀរគរតារាសិល្បៈក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរទៅបម្រើអោយកិច្ចការនយោបាយនោះទេ បើទោះក្នុងពេលអ្នកនាងដើរតួជាប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គម គឺអ្នកនាងត្រូវគេដឹងថាបានធ្លាប់ដឹកនាំតារាសិល្បៈធ្វើសកម្មភាពពាក់ព័ន្ធនឹងកិច្ចការនយោបាយដូចជាចូលហែរបក្សកាលពីមុនថ្ងៃបោះឆ្នោតជាដើម។

អ្នកនាងថាក្រោយពេលទទួលសំលេងឆ្នោតជាប់ជាប្រធានជំនួសលោក សុះ ម៉ាច អ្នកនាងនឹងប្រគល់សមាគមចាស់អោយទៅអនាគតស្វាមីទទួលខុសត្រូវ ហើយអ្នកនាងនឹងពង្រីកសកម្មភាពក្នុងការដឹកនាំសមាគមសិល្បករខ្មែរអោយមានការរីកចំរើន។

អ្នកនាងថាក្នុងជំហានដំបូងបន្ទាប់ពីជាប់ឆ្នោតអ្នកនាងនឹងចេញកាតសមាជិកជូនដល់តារាសិល្បៈជាមុនសិនដើម្បីឈានទៅបន្តសកម្មភាពសិល្បៈដូចជាបើកព្រឹត្តិការណ៍ប្រគុំតន្ត្រីតូចធំ ដើម្បីជាប្រយោជន៍របស់តារាសិល្បៈអោយបានច្រើនលើកក្នុងមួយឆ្នាំ។

អ្នកនាងថាក្នុងនាមជាប្រធានថ្មីរបស់សមាគមសិល្បករខ្មែរ អ្នកនាងនឹងគៀរគរតារាសិល្បៈចាស់ថ្មីអោយធ្វើសកម្មភាពអោយបានច្រើន តែបានប្រកាសថានឹងគ្មានសកម្មភាពណាមួយបម្រើអោយសកម្មភាួពនយោបាយជាដាច់ខាត។

អ្នកនាងនិយាយថា៖ “សម្រាប់សមាគមសិល្បករខ្មែរខ្ញុំនឹងគោរពលក្ខន្តិកៈរបស់សមាគមដោយមិនយកតារាធ្វើសកម្មភាពបក្សនោះ! ខ្ញុំនឹងធ្វើតែសកម្មភាពសង្គម និងសកម្មភាពសិល្បៈទាំងឡាយណា ដែលមិនប៉ះពាល់ដល់តម្លៃពួកគាត់ជាអ្នកសិល្បៈប៉ុណ្ណោះ“។

ឆ្លើយតបនឹងសំនួរថា តើអ្នកនាងនឹងអាចប្រើឈ្មោះប្រធានសមាគមសិល្បករខ្មែរដើម្បីសកម្មភាពបម្រើបក្សណាមួយឬទេមុនការបោះឆ្នោយថ្នាក់ជាតិដែលនឹងមកដល់នៅឆ្នាំ២០១៨នោះ អ្នកនាងនិយាយថា គឺនឹងអត់ដាច់ខាត ដោយសារតែអ្នកនាងយល់ថាលក្ខិន្តិកៈដែលបានចែងនៅក្នុងសមាគមសិល្បករខ្មែរគឺមិនអោយតារាសិល្បៈពាក់ព័ន្ធនយោបាយ។

យ៉ាងណាមិញ អ្នកនាងមិនបានប្រកាសថាខ្លួននឹងស្ថិតនៅអព្យាក្រឹតក្រឹតនោះទេ ដោយអ្នកនាងបញ្ជាក់ថាបើអ្នកនាងបង្ហាញមុខក្នុងសកម្មភាពនយោបាយគឺអ្នកនាងនឹងប្រើតែសិទ្ធិបុគ្គល ហើយមិនយកតួនាទីជាប្រធានសមាគម ឬដឹកនាំតារាសិល្បៈនៅក្រោមឱវាទអោយចូលរួមជាមួយខ្លួន។

ជំហររបស់អ្នកនាងត្រូវបានសាទរយ៉ាងខ្លាំងពីតារាសិល្បៈក្នុងពេលតារាភាគច្រើនសុទ្ធតែមានបំណងអោយសមាគមមួយនេះអព្យាក្រឹត។

តារាកំប្លែងគ្រតនិយាយថាប្រធានសមាគមសិល្បករខ្មែរអព្យាក្រឹតទើបល្អហើយអ្នកនាងមិនចង់អោយសមាគមអ្នកសិល្បៈមួយនេះក្លាយជាសមាគមនយោបាយនោះទេ។ អ្នកនាងថាបើទោះបុគ្គលជាមនុស្សបក្សតែសកម្មភាពក្នុងការដឹកនាំសមាគមត្រូវតែអព្យាក្រឹតដើម្បីកុំអោយតារាសិល្បៈនៅក្រោមឱវាទមានសម្ពាធក្នុងការចូលរួម។

អ្នកនាងនិយាយថា៖ “សមាគមសិល្បករខ្មែរត្រូវអព្យាក្រឹត បើធ្វើសកម្មភាពបក្សចប់ហើយ“។

អ្នកនាងរំពឹងយ៉ាងខ្លាំងថាអ្នកនាង ចន ច័ន្ទលក្ខិណា នឹងធ្វើអោយសមាគមសិល្បករខ្មែរប្រែប្រួលមុខមាត់និងមានការរីកចំរើនដោយសារតែអ្នកនាងក៍មានស្នាដៃក្នុងការដឹកនាំតារាសិល្បៈនាពេលកន្លងមក។

អ្នកនាង ម៉ៅ ស៊ីណាត តារាចម្រៀង បានយល់ឃើញថា បើទោះជាអ្នកនាង ចន ច័ន្ទលក្ខិណា ធ្លាប់មានការរិះគន់រឿងសកម្មភាពនយោបាយ តែអ្នកនាងយល់ថា អ្នកនាង ចន ច័ន្ទលក្ខិណា មិនអាចដឹកនាំសមាគមអ្នកសិល្បៈធំមួយនេះទៅរកនិន្នាការនយោបាយបានទេ ដោយសារសម្អាងថាអ្នកនាងបានប្រកាសរួចហើយថាមិនអោយអ្នកសិល្បៈធ្វើសកម្មភាពបក្ស និងទី២ថាអ្នកនាងពិតជាមិនអាចធ្វើអោយតារាសិល្បៈរងការលាបពណ៌ដោយសារតែសមាគមសិល្បករក្លាយសមាគមបម្រើបក្ស។

លោក សុះ ម៉ាច អតីតប្រធានសមាគមនិយាយថា លោកនៅតែទទូចដដែលជាដដែលមិនអោយយកសមាគមសិល្បករខ្មែរ ទៅធ្វើសកម្មភាពបម្រើបក្សនោះទេ។ លោកថាជាការប្រសើរដែលអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហាញឆន្ទៈមិនយកសមាគមមួយនេះទៅធ្វើសកម្មភាពពាក់ព័ន្ធនឹងបក្សក្រោយពេលជាប់ឆ្នោត។

លោកថាលក្ខិន្តិកៈរបស់សមាគមសិល្បករខ្មែរមិនតម្រូវអោយយកតារាសិល្បៈទៅធ្វើសកម្មភាពបម្រើបក្សនយោបាយណាមួយនោះទេ ហើយលោកនៅអះអាងថានោះគឺជារឿងសំខាន់បំផុតសម្រាប់តម្លៃអ្នកសិល្បៈប្រសិនបើប្រធានគ្រប់អណត្តិជៀសវាងបាននូវការធ្វើសកម្មភាពគណបក្ស។

គួរបញ្ជាក់ផងដែរថា អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានជាប់ឈ្មោះជាប្រធានសមាគមសិល្បករខ្មែរកាលពីព្រឹកថ្ងៃទី៧ កក្កដា ដោយទទួលបានសំលេងឈ្នះលើសលប់លប់លើបេក្ខភាព២រូបទៀត គឺលោក អៀង ស៊ីធុល ជាសាស្ត្រាចារ្យសិល្បៈចម្រៀង និងលោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី។ យ៉ាងណាមិញការបោះឆ្នោតនេះរងការរិះគន់ ដោយសារមុនការបោះឆ្នោតគេមិនអោយបេក្ខភាពដែលឈរឈ្មោះបានបង្ហាញពីគោលការណ៍ និងណែនាំនូវប្រវត្តិរូបនិងស្នាដៃដើម្បីអោយអ្នកចូលរួមបានស្គាល់ ដែលនាំអោយតារាល្បី និងមានប្រជាប្រិយភាពជាងគេមានអាទិភាពក្នុងការទទួលសំលេងឆ្នោត។

ក្នុងនោះអ្នកចូលរួមបោះឆ្នោតមួយចំនួនក៏ត្រូវគេមើលឃើញថាមិនមែនជាតារាសិល្បៈទាំងអស់នោះដែរ៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required