រដ្ឋាភិបាលថានៅតែបន្តរឹតបន្តឹងលើការប្រឡងបាក់ឌុបទោះនៅឆ្នាំបោះឆ្នោត

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន

រដ្ឋាភិបាលអះអាងថា បើទោះបីជាឆ្នាំ២០១៨ជាឆ្នាំបោះឆ្នោតក៏ដោយ ក៏ក្រសួងអប់រំនៅតែបន្តរឹតបន្តឹងលើដំណើរការប្រឡងបាក់ឌុបដដែល ដោយថាដើម្បីធានានិងពង្រឹងគុណភាពអប់រំ​។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជានៅថ្ងៃនេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៏ថា ក្រសួងមិនមានការបន្ធូរបន្ថយលើការប្រឡងបាក់ឌុបសម្រាប់ឆ្នាំបោះឆ្នោតឡើយនិងព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះជន ឬបុគ្គលណាដែលផ្សព្វផ្សាយថាក្រសួងនឹងបន្ធូរបន្ថយលើការប្រឡងបាក់ឌុបនៅពេលបោះឆ្នោតខាងមុខនោះ។

លោកបន្ថែមថា «យើងនៅតែបន្តពង្រឹងទាំងវិញ្ញាសានិងវិន័យ មានន័យថាមិនមានការបន្ធូរបន្ថយអីទេ អញ្ចឹងសុំកុំយល់ច្រឡំថា នៅពេលមានការបោះឆ្នោតឆ្នាំ២០១៨នឹងមានការបន្ធូរបន្ថយ គឺអត់ទេ ព្រោះគោលដៅរបស់យើងគឺចង់បានធនធានមនុស្សប្រកបដោយគុណភាព អញ្ចឹងមានតែការរឹតបណ្តឹង។ […] អញ្ចឹងប្រសិនបើមានការផ្សាយព័ត៌មានមិនពិត ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ចាប់អ្នកហ្នឹងទៅតុលាការ ពីបទផ្សាយព័ត៌មានមិនពិតប្រសិន បើយើងមើលឃើញថាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិនិងសាធារណជន»។

លោក ហង់ ជួនណារ៉ុន លើកឡើងបែបនេះ ដោយលោកថា បារម្ភខ្លាចមានជនណាម្នាក់យក ករណីនេះទៅផ្សព្វផ្សាយដើម្បីបំរើប្រយោជន៍ខ្លួន ហើយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ សង្គមជាតិ និងសាធារណជនជាពិសេសសិស្សានុសិស្ស។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយាវី បានគាំទ្រចំពោះការលើកឡើង របស់ក្រសូងអប់រំនេះ ប៉ុន្តែលោកស្រីហាក់មិនមានជំនឿថាក្រសួងអនុវត្តបានទាំងស្រុងនោះទេ។

អ្នកស្រីបន្ថែមថា «ចំពោះដែលជាប្រធានសមាគមគ្រួបង្រៀនកម្ពុជាឯករាជ្យខ្ញុំសប្បាយចិត្តនៅ ពេលក្រសួងប្រកាសថា ការប្រឡងនឹងមានរឹតបណ្តឹងនៅពេលបោះឆ្នោតខ្ញុំសប្បាយចិត្តដែល ក្រសួងធ្វើឲ្យសិស្សានុសិស្សគាត់ទទួលបានចំណេះដឹងពិតប្រាកដ ប៉ុន្តែខ្ញុំក៏មិនសប្បាយចិត្ត នៅពេលក្រសួងនិយាយនឹងមាត់តែធ្វើមិនបាន កន្លងមកក្រសួងខ្លូនធ្វើខុសដោយចេញវិញ្ញាសារមកខុសទាំងដុលដែលនេះធ្វើឲ្យសិស្សពិបាកទៅវិញ»។

បើតាមរដ្ឋមន្រ្តីក្រសួងអប់រំ នៅឆ្នាំ២០១៧នេះ ក្រសួងនៅតែបន្តរឹតបន្តឹងលើការ ប្រឡងបាក់ឌុបដូចឆ្នាំមុនៗ គឺធ្វើយ៉ាងណាឲ្យស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ដោយមិនឲ្យបេក្ខជនយកសំណៅប្រយុង និងឧបកណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុង មណ្ឌល ឬបន្ទប់ប្រឡងឡើយ ហើយថា ប្រសិនរកឃើញឧបកណ៍ទាំងនោះពេល កំពុងប្រឡង ក្រសួងនឹងឲ្យធ្លាក់ជាស្វ័យប្រវត្តិ។

ក្រសួងឲ្យដឹងថា ការប្រឡងបាក់ឌុបឆ្នាំនេះគឺប្រព្រឹត្តទៅ នៅថ្ងៃទី២១សីហា ដោយមានបេក្ខជនចូលរួមប្រឡងសរុប ១០៣ ១១២នាក់ និងមានមណ្ឌល ប្រឡងចំនួន១៧៨ និងមាន៤២៥៥បន្ទប់ទាំងប្រទេស។

ការប្រឡងនេះនឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលនីមួយៗនៅរសៀលថ្ងៃទី១២ខែកញ្ញា សម្រាប់នៅភ្នំពេញ និងខេត្តកណ្តាល ហើយនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧សម្រាប់ទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ