លោក ហ៊ុន សែន ​ឲ្យមន្ត្រីនិងពលរដ្ឋទូងស្គរម៉ោង១០ព្រឹកនេះអបអរប្រាសាទសំបូរព្រៃគុក

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 9:05 AM | វប្បធម៌ | 0 | 7000 តំបន់ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក (រូបភាព៖ Facebook)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឲ្យមន្ត្រីនិងប្រជាពលរដ្ឋ​ទូទាំងប្រទេស ទូងស្គរ ទះប៉ោត និង គោះត្រដោក ធ្វើឲ្យមានសំឡេងព្រមគ្នានៅម៉ោង១០ព្រឹក ដើម្បីជាការអបអរសាទរ ប្រាសាទសំបូរព្រៃគុកបានដាក់បញ្ជូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។​

លិខិតរបស់លោកនាយករដ្ឋមន្ត្រីចេញផ្សាយកាលពីម្សិលមិញ បានលើកឡើងថា ដើម្បីអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ លោក​ណែនាំឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់និងអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចូលរួមទូងស្គរ វាយគង ទះបោត និងគោះត្រដោកធ្វើឲ្យមានសំឡេងម៉ោង​១០ព្រឹកនេះ។​

លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយឲ្យជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះឲ្យបានទូលំទូលាយផងដែរ។​

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក បាន​ក្លាយ​ជា​តំបន់​ប្រវត្តិសាស្ត្រ​ទី​៣​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក បន្ទាប់​ពី​តំបន់​ប្រាសាទ​អង្គរត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ឆ្នាំ​១៩៩២ និង​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ឆ្នាំ​២០០៨។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃគុក ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ភាគ​កណ្ដាល​ប្រទេស​កម្ពុជា និង​មាន​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ គឺ​ជា​អតីត​រាជ​ធានី​ឦសានបុរៈ​របស់​ប្រទេស​​កម្ពុជា​​នៅមុន​សម័យ​អង្គរ នៅ​ចន្លោះ​សតវត្សរ៍​ទី​៦ ដល់​សតវត្សរ៍​ទី៩៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required