អង្គការជាតិនិងអន្តរជាតិជិត២០០ស្ថាប័នថ្មីៗនេះ បានផ្ញើលិខិតចំហទៅរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ដោយបានស្នើសុំឲ្យបង្កើតក្រុមស៊ើបអង្កេតមួយ ជុំវិញឃាតកម្មលើអ្នកវិភាគនយោបាយល្បីឈ្មោះ លោកបណ្ឌិត កែម ឡី។
ក្នុងលិខិតចំហរចុះថ្ងៃទី៧ ខែកក្កដា បណ្ដាអង្គការជាតិ និងអន្តរជាតិ ១៦៤ស្ថាប័ន បានបង្ហាញក្ដីបារម្ភជាថ្មីម្ដងទៀត ជុំវិញការវិវឌ្ឍតិចតួចនៅក្នុងការស៊ើបអង្កេតករណីឃាតកម្មនេះ ដោយថា ការស៊ើបអង្កេត និងសវនា ការជំនុំជម្រះមិនទាន់គ្រប់គ្រាន់ ដោយសារតែមានតែជនសង្ស័យឈ្មោះ អឿត អាង តែម្នាក់ប៉ុណ្ណោះ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ឬចោទប្រកាន់។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ក៏មានសមាជិកនៃអង្គការសហប្រជាជាតិប្រមាណ៥រូបផង បានទាមទារឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ និងឥតលម្អៀងមួយស្របតាមបទដ្ឋានអន្តរជាតិ ដើម្បីបន្តបើកការស៊ើបអង្កេតបន្ថែមទៀត។
ប្រាប់អ្នកសារព័ត៌មាននៅកន្លែងបា្ររព្ធពិធីដែលជាកន្លែងខ្មាន់កាំភ្លើងបាញ់សម្លាញ់លោក កែម ឡី ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ការបង្កើតឲ្យមានក្រុមស៊ើបអង្កេតឯករាជ្យនេះគឺជាមធ្យោបាយដ៏សំខាន់មួយ ដែលអាចផ្តល់ទំនុកចិត្តដល់សាធារណជនឡើងវិញ និងការស្វែងរកយុត្តិធម៌ សម្រាប់លោក កែម ឡី និងគ្រួសារ និងដើម្បីឲ្យប្រជាពលរដ្ឋរួមទាំងសហគមនអន្តរជាតិអស់មន្ទិលសង្ស័យចំពោះឃាតកម្មនេះ។
លោកថា «កន្លងមកយើងឃើញថាមានការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីសំណាក់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ទៅលើការស្វែងរកយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី។ ចឹងបើយើងមានការស៊ើបអង្កេតដោយឯករាជ្យបន្ថែមទៀត ហើយបង្ហាញអំពីលទ្ធផលពីការស៊ើបអង្កេតទាំងអស់នឹងឲ្យមានជំនឿទុកចិត្តវាជួយបំបាត់ការរិះគន់វាធ្វើឲ្យប្រជាពលរដ្ឋជឿទុកចិត្តផងដែរ»។
លោកបន្តថា ការបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ ដើម្បីស្វែងរកយុត្តិធម៌ឲ្យលោក កែម ឡី នេះ លោកថា វាជាការស្ដារមុខមាត់រដ្ឋាភិបាលផងដែរ។
ព្រះតេជព្រះគុណ លួន សាវ៉ាត ដែលបានចូលរួមក្នុងពិធីរំលឹកខួបនៃការបាញ់សម្លាប់នេះដែរ មានសង្ឃដីកាថា សព្វថ្ងៃប្រជាពលរដ្ឋរាប់ពាន់នៅតែមានមន្ទិលសង្ស័យករណីឃាតកម្ម លើលោក កែម ឡី ដោយថា ឃាតកម្មនេះអាចជាប់ពាក់ព័ន្ធជាមួយមនុស្សជាច្រើននាក់ទៀត។ ព្រះអង្គស្នើឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ និងឥតលម្អៀងមួយស្របតាមបទដ្ឋានអន្តរជាតិ។
ព្រះអង្គថា «អ្វីដែលមានភាពគ្រាន់តែជាឆាកល្ខោន យើងអត់ចង់បានចឹងទេ យើងចង់បានពិតប្រាកដដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋបានអស់ចិត្ត ព្រោះអីលូវនេះ យើអត់អស់ចិត្តសោះ ថាមិនគួរណាលោកបណ្ឌិត កែម ឡី គាត់ស្លាប់ដោយសារ គ្រាប់កាំភ្លើង ហើយគ្រាប់កាំភ្លើងនេះមិនមែនសម័យប៉ុលពត សម័យសង្គ្រោមទេគឺសម័យសន្តិភាព កាំភ្លើងសម័យប្រជាធិបតេយ្យ ហើយមកបាញ់មនុស្សកណ្ដាលទីក្រុងភ្នំពេញ បាញ់មនុស្សកណ្ដាលផ្សារ កណ្ដាលមុខ កណ្ដាលកាំម៉ារ៉ា កណ្ដាលថ្ងៃ ថ្មាជឿថាកាំភ្លើងនេះមិនមែនកាំភ្លើងធម្មតាទេ គឺកាំភ្លើងមានការរៀបចំ មានផែនការសម្លាប់ឬ ក៏គម្រោងសម្លាប់ហើយឃាតករមិនមែនមានតែមួយទេ អាត្មាជឿថាមានច្រើនជាងនេះទៅទៀត»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកមិនជំទាស់និងការស្នើសុំរបស់អង្គការជាតិ និងអន្តរជាតិដែលស្នើសុំឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ ដើម្បីបន្តបើកការស៊ើបអង្កេតបន្ថែមទៀតករណីឃាតកម្មលោក កែម ឡី។ ប៉ុន្តែលោកថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការនេះ ដោយថា បើមានអន្តរជាតិចូលរួមស៊ើបអង្កេត នោះកម្ពុជានឹងស្ថិតនៅក្រោមអាណានិគមបរទេស។
លោកនិយាយថា «យើងមានស្ថាប័នរបស់យើងគ្រប់គ្រាន់ហើយ មានច្បាប់គ្រប់គ្រាន់ ទំាងច្បាប់នីតិវិធី ព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ មានតុលាការ មាននគរបាលគ្រប់គ្រាន់ ជាប្រទេសមួយធិបតេយ្យ ហើយទំរាន់បានជាប្រទេសធិបតេយ្យ តើយើងឆ្លងកាត់អ្វីខ្លះយើងដឹងហើយ ឆ្លងកាត់កិច្ចប្រជុំទីក្រុងប៉ារីសរហូតដល់មានរដ្ឋធម្មនុញ្ញ ដូច្នេះខ្ញុំយល់ថាបើការងារប៉ុណ្នឹង មានការស៊ើបអង្កេតអន្តរជាតិចូល វានាំឲ្យធិបតេយ្យភាពរបស់យើងធ្លាក់ចូលទៅក្នុងអាណានិគមនិយមបរទេសទៀត»។
លើសពីនេះទៀត លោក សុភ័គ បានបញ្ជាក់ថា ករណីឃាតកម្មលើលោក កែម ឡី អាចបន្តស៊ើបអង្កេតបាន ដរាបណាមានការស្នើសុំពីតុលាការ ដោយលោកថាសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដៃតុលាការ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណា បានលើកឡើងប្រាប់អ្នកសារព័ត៌មានតាមតេឡេក្រាមថា ករណីសំណុំរឿងលោក កែម ឡី លោកមិនពន្យល់ច្រើនទេ ដោយលោកថាជារឿងសំងាត់នៃការស៊ើបសួរ និងអំណាចឯករាជ្យរបស់តុលាការសម្រាប់ចំណាត់ការរឿងក្តីព្រហ្មទណ្ឌ។ លោកនិយាយថា «ចំពោះសំណួរទាំងឡាយដែលពាក់ពន្ធ័នឹងការសើបសួរលើរឿងឃាតកម្មលោក កែម ឡី ខ្ញុំបានជម្រាបជូនអ្នកសារព័ត៌មានអំពីចំណាត់ការរឿងក្តីនេះតាំងពីពេលសវនាការមកម្ល៉េះនិងសូមអ្នកសារព័ត៌មានយល់អំពីនិតិវិធី វិធានការស្រាវជ្រាវ ការសំងាត់នៃការសើបសួរ និងអំនាចឯករាជ្យរបស់តុលាការសម្រាប់ចំណាត់ការរឿងក្តីព្រហ្មទណ្ឌ»។
គួររំឮកថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែស នៅក្នុងម៉ាតស្ថិតក្នុងការ៉ាស់សាំងកាល់តិច នៅម្ដុំស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំមុន ពោលបើគិតត្រឹមថ្ងៃ១០កក្កដានេះ មានរយៈពេល១ឆ្នាំ។
ទោះជាបែបនេះក្តី រហូតមកដល់បច្ចុប្បន្ននេះ មានតែជនសង្ស័យឈ្មោះ អឿត អាង ហៅខ្លួនឯងថា ជួប សម្លាប់ តែម្នាក់ប៉ុណ្ណោះ ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយឃាតកម្ម។
ប៉ុន្តែ ក្រុមអង្គការស៊ីវិលលើកឡើងថា សវនាការលើជនសង្ស័យរូបនេះ មានចន្លោះប្រហោង និងមានចំណុចសង្ស័យជាច្រើន ពាក់ព័ន្ធទៅនឹងមូលហេតុនៃឃាតកម្មនេះ ដែលត្រូវបានជនសង្ស័យឈ្មោះ អឿត អាង ប្រាប់ទៅសមត្ថកិច្ច៕