អ្នកលក់បារីប្រឈមការផាក១ម៉ឺនរៀល បើលក់បារីមិនមានសារព្រមានសុខភាព

អ្នកលក់បារីឬម្ចាស់អាជីវកម្មនឹងប្រឈមនឹងការផាកពិន័យ១ម៉ឺនរៀល ប្រសិនបើលក់ឬតាំងបង្ហាញកញ្ចប់បារី ដែលមិនមានសារព្រមានសុខភាពជាភាសាខ្មែរនិងជារូបភាពលើកញ្ចប់ថ្នាំជក់ ដែលមានទំហំ៥៥ភាគរយនៃកញ្ចប់បារី។ នេះបើផ្អែកតាមអនុក្រឹត្យលេខ១៤៩ ដែលចេញឲ្យអនុវត្តដោយរដ្ឋាភិបាលកាលថ្ងៃទី២២ ខែកក្កដា ស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរនិងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់។

កាលពីថ្ងៃទី៩ ខែសីហាម្សិលមិញ សាលាខណ្ឌជ្រោយចង្វារបានរៀបចំវគ្គបណ្តុះបណ្តាលដល់ម្ចាស់មូលដ្ឋានអាជីវកម្មអំពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីប្រមាណជាង១០០នាក់ ដោយមានការធ្វើបទបង្ហាញអំពីទោសបញ្ញត្តិនានាដែលពាក់ព័ន្ធក្នុងការទទួលធ្វើអាជីវកម្មបារីនៅទីកន្លែងរបស់ខ្លួន។

បើទោះជាការពិន័យត្រឹមតែមួយម៉ឺនរៀល ត្រូវអ្នកជំនាញមើលឃើញថាជាចំនួនតិចតួច ប៉ុន្តែនាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ មិនយល់ដូច្នោះទេ ដោយលោកជឿជាក់ថាម្ចាស់អាជីវកម្មមិនចង់ឲ្យកេរ្តិ៍ឈ្មោះខ្លួនត្រូវខាតបង់ដោយសារតែការផាកពិន័យប្រាក់បន្តិចបន្តួចនេះទេ។

លោកនិយាយថា៖ ចំនួន១ម៉ឺនរៀល ៥ម៉ឺនរៀលមិនច្រើនទេ ប៉ុន្តែខ្ញុំគិតថាម្ចាស់អាជីវកម្មមួយៗ គាត់រក្សាកេរ្តិ៍ឈ្មោះកន្លែងគាត់ណាស់ បើសិនជាកន្លែងគាត់ត្រូវបានសមត្ថកិច្ចទៅផាកពីន័យដោយសារគាត់ធ្វើខុសទៅនឹងច្បាប់ នោះនឹងធ្វើឲ្យកន្លែងរបស់គាត់ហ្នឹងបាត់ គេហៅថាបាត់កិត្តិយសឬបាត់សេចក្តីទុកចិត្តរបស់អតិថិជន

អភិបាលរងខណ្ឌជ្រោយចង្វារ លោក ធិ ងិ ប្រាប់វីអូឌីឲ្យដឹងថា ការផ្សព្វផ្សាយនៅថ្ងៃនេះនឹងដើរតួនាទីសំខាន់ក្នុងការពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋដែលជាអាជីវករមូលដ្ឋានឲ្យយល់ដឹងអំពីផលប៉ះពាល់នៃផ្សែងបារីនិងតួនាទីរបស់ពួកគាត់ក្នុងការលក់ ដើម្បីចៀសវាងពីទោសបញ្ញត្តិដូចមានចែងក្នុងអនុក្រឹត្យ។

លោកនិយាយថា៖ ខ្ញុំគិតថាបាន វាមិនច្រើនណាស់ណាទេ គ្រាន់ថាធ្លាប់ធ្វើកន្លងមកថ្នាក់ជាតិថ្នាក់អី គេផ្សព្វផ្សាយ ធ្លាប់ធ្វើសិក្ខាសាលាបានច្រើនដងហើយ អញ្ចឹងថ្នាក់ក្រោមជាតិនេះ ថ្នាក់មូលដ្ឋាននេះ ទើបតែលើកទីមួយក្នុង១២ខណ្ឌក្នុងរាជធានីភ្នំពេញ។ អញ្ចឹងខ្ញុំគិតថាជាការចាប់ផ្តើមមួយដែលជាការដាស់អារម្មណ៍មួយដល់បងប្អូនម្ចាស់គ្រប់គ្រងអាជីវកម្មទាំងអស់

ប្រធានក្រុមមេធាវី SK និង P លោក កែវ សុខគា យល់ឃើញថា ការពិន័យត្រឹមអន្តរការណ៍នៅបច្ចុប្បន្ននេះគ្រប់គ្រាន់ហើយ ព្រោះលោកថាអនុក្រឹត្យទើបតែចេញ ដូច្នេះហើយប្រសិទ្ធភាពបានកម្រិតណាគឺត្រូវការពេលវេលាបន្តទៀត។ លោកស្នើឲ្យរដ្ឋាភិបាលអនុវត្តអនុក្រឹត្យនេះឲ្យបានហ្មត់ចត់។

លោកនិយាយថា៖ អ្វីដែលសំខាន់ជាងនោះហ្នឹង គឺថាត្រូវធានាថាច្បាប់ នៅពេលដែលទើបតែបានចេញ អនុក្រឹត្យក៏ដោយ ច្បាប់ក៏ដោយ ត្រូវបានយកទៅអនុវត្តនៅជំហានដំបូង គប្បីត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពយ៉ាងហ្មត់ចត់ ដើម្បីជាសារមួយទៅដល់សង្គមទាំងមូល

បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា ប្រជាពលរដ្ឋកម្ពុជា១ម៉ឺននាក់បានស្លាប់ក្នុង១ឆ្នាំ ដោយសារជំងឺដែលបង្កដោយសារថ្នាំជក់។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ ក្រសួងទេសចរណ៍បានព្រមានមិនបន្តអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនទេសចរណ៍ណាដែលមិនបានដាក់បម្រាមឬណែនាំដល់អតិថិជនរបស់ខ្លួនក្នុងការជក់បារីនៅទីសាធារណៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ