ជនជាតិដើមភាគតិចខ្មែរថាវៀតណាមសង់ផ្ទះនិងប៉ុស្តិ៍ក្នុង​តំបន់ស

ជនជាតិដើមភាគតិចខ្មែរនៅខេត្តរតនគិរីអះអាងថាវៀតណាមបានសង់ផ្ទះនិងប៉ុស្តិ៍នៅចម្លោះព្រំដែនវរៈ៧២៣ ខណៈតំបន់នោះស្ថិតនៅក្នុងទីតំាងប្រទាញប្រទង់គ្នារវាងប្រទេសទំាងពីរ។

ការសង់ផ្ទះនិងប៉ុស្តិ៍នៅតំបន់សនេះ ធ្វើឡើងស្របពេលដែលស្ថានការនយោបាយនៅកម្ពុជាកំពុងឡើងកម្តៅ ក្រោយពីសកម្មជននិងតំណាងរាស្ត្របក្សប្រឆំាងមួយចំនួនដែលរិះគន់រដ្ឋាភិបាលរឿងព្រំដែន ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់។

ប្រធានសហគមន៍ជនជាតិដើមភាគតិចនៅភូមិលំ ឃុំប៉ក់ញ៉ែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លោក រចំ ខំា បានប្រាប់VODនៅថ្ងៃពុធនេះថា កាលពីថ្ងៃអង្គារម្សិលមិញលោកបានចុះទៅតំបន់សនោះ លោកថាជនជាតិវៀតណាមកំពុងចាក់ប៊េតុងសង់ផ្ទះ១០ម៉ែត្រ៤ជ្រុង កំពស់៤ម៉ែត្រ ដែលមានចំងាយ១០០ម៉ែត្រពីស្រះទឹកចំនួន៨ដែលវៀតណាមជីកចូលទឹកដីខ្មែរ ប៉ុន្តែលោកមិនដឹងថាសមត្ថកិច្ចកម្ពុជាចុះទប់ស្កាត់ឬយ៉ាងណានោះទេ។ លោកបន្តថា៖ “គេទើបសង់ធ្វើផ្ទះ ផ្ទះគេទាហានក៏មិនដឹង ផ្ទះប៉ូលីសគេមិនដឹង ប៉ុន្តែគេសង់ធ្វើផ្ទះ…. អត់ដឹងដែរ ប៉ុន្តែឃាត់មិនឃាត់អត់ដឹង គេអត់ប្រាប់ខ្ញុំ ខ្ញុំម៉េចដឹង ខ្ញុំអត់ដឹងទេ“។

ចំណែកជនជាតិដើមភាគតិច លោក រមាស ស្វាង អះអាងថាលោកមានដើមកំណើតនៅភូមិលំ ឃុំប៉ក់ញ៉ែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី  បានឲ្យដឹងដែរថា លោកទទួលបានព័ត៌មានពីអ្នកធ្វើដំណើរទៅវិញទៅមកនៅតំបន់នោះថា ពិតជាមានជនជាតិវៀតណាមសង់ផ្ទះនិងប៉ុស្តិ៍មែន ប៉ុន្តែលោកថាមិនមែនធ្វើនៅតំបន់សនោះទេ ដោយលោកថាធ្វើចូលទឹកដីខ្មែរ។ លោកបន្ថែមថា៖ “គេហៅថាព្រំដែនរបស់គេ ការពិតវាមិនមែនព្រំដែនទេ ពីព្រោះដីយើង គេខិតមកយើង គេចូលមកយើង គេរំលោភមកយើង ព្រំដែនពិតប្រាកដវានៅខាងកើត វាខាងលើ វាឆ្ងាយពីហ្នឹងទៀត បើសិននិយាយពីប្រវត្តិពីប៉ុន្មានចុងសតវត្សវានៅ១៤គីឡូទៀត“។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង ទទួលស្គាល់ថាវៀតណាមពិតជាបានសង់សំណង់នៅតំបន់សពិតមែន ប៉ុន្តែលោកថាក្រោយពីទទួលបានរបាយការណ៍ពីខេត្តមក លោកបានធ្វើកំណត់ទូតទៅវៀតណាមរួចហើយ ដើម្បីសុំឲ្យឈប់ធ្វើសកម្មភាពនោះ។ លោកបន្តទៀតថា៖ “បានទទួលរបាយការណ៍ពីអាជ្ញាធរខេត្តរតនគិរីជិត២អាទិត្យហើយ យើងបានធ្វើកំណត់ទូតទៅភាគីវៀតណាមរួចទៅភាគីវៀតណាមតំាងពីថ្ងៃទី២៩ ខែ៧ ខ្ញុំមិនច្រឡំទេណាស់ តវ៉ាសុំឲ្យវៀតណាម ភាគីវៀតណាមបញ្ឈប់ឲ្យការសាងសង់នេះ ដោយគិតថានេះជាការរំលោភកិច្ចព្រមព្រៀងរវាងប្រទេសទំាងពីរ“។

នៅពេលសួរថា តើវៀតណាមឆ្លើយតបយ៉ាងណាដែរចំពោះករណីនេះ? លោក វ៉ា គឹមហុងថា មិនទាន់មានការឆ្លើយតបពីភាគីវៀតណាមនៅឡើយ។

មន្ត្រីសមសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរីលោក ឆាយ ធី មានប្រសាសន៍ថា លោកបានទទួលព័ត៌មានពីមន្ត្រីព្រំដែនដែលសុំមិនបញ្ចេញឈ្មោះម្នាក់បានរាយការណ៍មកលោកថា វៀតណាមបានសង់ប៉ុស្តិ៍ដោយធ្វើជាអគារនៅតំបន់សដែលមានទំហំ១៥ម៉ែត្រគុណនឹង២០ម៉ែត្របាន៣០ភាគរយ នៅចម្លោះព្រំដែន៧២៣។

លោក ឆាយ ធី ហៅយុទ្ធសាស្ត្ររបស់វៀតណាមថាមានចេតនារំលោភបំពានទឹកដីកម្ពុជា ដោយលោកថាវៀតណាមមិនគោរពតាមកិច្ចព្រមព្រៀងនៃការរក្សាតំបន់សរបស់ប្រទេសទំាងពីរ។ លោកបន្តថា៖ “អ្វីដែលវៀតណាមគាត់ធ្វើ ទំាងការសាងសង់អគារថ្មីនេះ ទំាងជីកស្រះឆ្នាំមុន យើងឃើញថាជារបៀបយុទ្ធសាស្ត្រឬក៏ដែលជាចេតនាដែលគេមានបំណងក្នុងការរំលោភមកដីខ្មែរយើងបន្ថែមទៀត ដោយសារអី យើងឃើញថាវៀតណាមក៏ដឹងច្បាស់ហើយថា វៀតណាមនិងកម្ពុជាបានយល់ព្រមព្រៀងគ្នារក្សាតំបន់សមិនឲ្យមានភាគីណាប៉ះពាល់បានទេ“។

បច្ចុប្បន្ននេះតំណាងរាស្រ្តបក្សប្រឆាំងពីររូបមានលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ដែលសកម្មរឿងព្រំដែនត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់ឃុំខ្លួននៅពន្ធនាគារព្រៃសទាំងមានអភ័យឯកសិទ្ធិសភា ដែលអ្នកច្បាប់ថា ជារំលោភរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ