សមត្ថកិច្ច​នាំខ្លួន​​តំណាងរាស្ត្រ អ៊ំុ សំអាន​ មកតុលាការព្រឹកនេះ​ដោយ​ដៃជាប់ខ្នោះ

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​លោក អ៊ំ សំអាន

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ំុ សំអាន ដែលនៅមានអភ័យឯកសិទ្ធិ ត្រូវបានអនុរក្សពន្ធនាគារនាំខ្លួនមកកាន់តុលាការកំពូលនៅព្រឹកនេះ ដើម្បីចូលរួមសវនាការសុំនៅក្រៅឃុំដោយដៃមានជាប់ខ្នោះ។

នៅម៉ោងជាង៨ព្រឹកនេះ លោក អ៊ុំ សំអាន ក្នុងសំលៀកបំពាក់ពណ៌ទឹកក្រូច ដោយដៃជាប់ខ្នោះជាមួយជនជាប់ចោទមួយរូបទៀត ត្រូវអនុរក្សពន្ធនាគារបណ្តើរចេញពីរថយន្តចូលទៅក្នុងបន្ទប់សវនាការតុលាការកំពូល ដើម្បីសួរដេញដោលជុំវិញបណ្តឹងសុំនៅក្រៅឃុំរបស់លោក។

មុនចូលក្នុងបន្ទប់សវនាការ លោក អ៊ំុ សំអាន ស្រែកថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ហើយលោកក៏អំពាវនាវឲ្យពលរដ្ឋបោះឆ្នោតទម្លាក់លោក ហ៊ុន សែន នៅឆ្នាំ២០១៨។

លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែនកម្ពុជាវៀតណាមត្រូវបានចាប់ខ្លួនកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។

ក្រោយពីការចាប់ខ្លួននេះ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ព្រះរាជអាជ្ញានៅសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ លោក អ៊ុំ សំអាន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦៕

ដោយលោក ពៅ មេត្តា និងលោក ហ៊ុយ ឧស្សាហ៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ