មួយខែហើយ រដ្ឋាភិបាលថាខ្លួននៅតែកំពុងស៊ើបអង្កេតករណីឃាតកម្ម លោក កែម ឡី

ជន​ដៃ​ដល់ដែល​បាន​បាញ់សម្លាប់លោក​ កែម​ ឡី

គិតមកដល់ថ្ងៃទី១០ ខែសីហានេះ គឺមានរយៈពេល១ខែគត់ ដែលលោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ កណ្តាលរាជធានីភ្នំពេញ។

ក្រោយពីបាញ់សម្លាប់លោក កែម ឡី អាជ្ញាធរបានកំណត់អត្តសញ្ញាណបុរសដែលជាខ្មាញ់កាំភ្លើងមួយរូប ដែលអាជ្ញាធរបានឲ្យដឹងថាមានឈ្មោះ ជួប សម្លាប់។ ក៏ប៉ុន្តែក្រុមគ្រួសារបានអះអាងថា លោកមានឈ្មោះថា អឿត អាង ដែលមានភរិយារស់នៅស្រុកអង្គរជុំ ខេត្តសៀមរាប។

ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញនាពេលកន្លងទៅ បានសម្រេចចោទប្រកាន់ ជួប សម្លាប់ អាយុ៣៨ឆ្នាំនោះចំនួនពីរបទចោទ គឺទីមួយទាក់ទងនឹងការកាន់ឬការដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត និងឃាតកម្មគិតទុកជាមុនតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។

ប្រសិនបើរកឃើញកំហុស លោកអាចប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌដែលចែងថាបទឃាតកម្មគិតទុកជាមុនដែលជាអំពើសម្លាប់មនុស្សដោយគិតទុកជាមុនឬដោយការពួនស្ទាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានមានប្រសាសន៍ថាសមត្ថកិច្ចមានតម្រុយច្រើន ហើយក៏កំពុងធ្វើការស៊ើបអង្កេតយ៉ាងស្វិតស្វាញលើករណីនេះ ដោយលោកថានេះជាករណីស្មុគស្មាញ។

លោកមានប្រសាសន៍ថា៖ មកដល់ពេលនេះ គឺមានតែលោក ជួប សម្លាប់ មួយទេ ហើយជនដទៃទៀត គឺស្ថិតក្នុងការសម្ងាត់ ដែលអជ្ញាធរមានសមត្ថកិច្ចកំពុងស៊ើបអង្កេតនិងប្រមែប្រមូលភស្តុតាងបន្ថែម ហើយសួរថា តើនរណាគេទៀតដែលពាក់ព័ន្ធ? យើងមិនអាចប្រាប់បានទេ វាជាការសម្ងាត់នៃការស៊ើបអង្កេត ក៏ប៉ុន្តែសមត្ថកិច្ចគេមានតម្រុយរបស់គេ ហើយបាទ

នៅពេលសួរអំពីកាមេរ៉ាសុវត្ថិភាពដែលដាក់នៅកន្លែងកើតហេតុ អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះបានពន្យល់ឲ្យដឹងថា៖វាជាគោលការណ៍ច្បាប់តាំងពីដំបូងមក គឺច្បាប់មិនតម្រូវឲ្យបង្ហាញជាសារធារណៈទេ។ ក៏ប៉ុន្តែអាចមេធាវីឬសមាជិកគ្រួសារអាចដាក់ពាក្យស្នើសុំទៅតុលាការ ដើម្បីសុំមើលឃាតកម្ម ក៏ប៉ុន្តែទោះបីជាក្រុមគ្រួសារមើលក៏ដោយ ក៏ក្រុមគ្រួសារត្រូវតែរក្សាការសម្ងាត់ ព្រោះវាជាការសម្ងាត់។ មកដល់ពេលនេះ ខ្ញុំដូចជាមិនដឹងដែរ មិនដឹងថា ក្រុមគ្រួសារគាត់បានអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ហើយឬនៅទេ ពីព្រោះរឿងនេះគឺជាតម្រុយមួយដែលអាចឲ្យសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតក្នុងការស្វែងរកភាគីដែលពាក់ព័ន្ធផ្សេងទៀត

អ្នកស្រី ប៊ូ រចនា ភរិយាជនរងគ្រោះលោក កែម ឡី បានមានប្រសាសន៍ប្រាប់វីអូឌីថា អ្នកស្រីសុំមិនអត្ថាធិប្បាយអ្វីទាំងអស់ទាក់ទងនឹងគម្រោងស្វែងរកយុត្តិធម៌សម្រាប់ស្វាមីខ្លួន ក្រោមហេតុផលសុវត្ថិភាពផ្ទាល់ខ្លួននិងកូនៗ។

អ្នកស្រីមានប្រសាសន៍ថា៖ និយាយរួមទៅ គឺខ្ញុំរស់នៅសព្វថ្ងៃនេះ គឺរស់នៅដោយលាក់បាំង។ អញ្ចឹងគឺខ្ញុំអត់មានអ្នកណា ដូចថាមេធាវី។ គឺខ្ញុំអត់បានរក! (អត់) មានមេធាវី មានអីទេ! ខ្ញុំរស់នៅរាល់ថ្ងៃ គឺលាក់ខ្លួនព្រោះខ្លាចមានគេតាម។ អីអញ្ចឹង! ខ្ញុំចេះតែលាក់ខ្លួន មិនហ៊ានចេញមុខ ចេញអីអញ្ចឹងណា!

នៅពេលវីអូឌីសួរអំពីគម្រោងស្នើសុំមើលកាមេរ៉ាសុវត្ថិភាពដែលខាងសមត្ថកិច្ចបានអះអាងថាមានតែក្រុមគ្រួសារជនរងគ្រោះអាចមើលបាននោះ អ្នកស្រី ប៊ូ រចនា បញ្ជាក់ថាអ្នកស្រីនៅមិនទាន់បានស្នើសុំឬទទួលព័ត៌មានអ្វីទាំងអស់ពីខាងភាគីសមត្ថកិច្ច។

អ្នកស្រីមានប្រសាសន៍ថា៖ ខាងកាមេរ៉ាហ្នឹង ខ្ញុំអត់ទាន់បានស្នើសុំ ហើយអ្នកដែលត្រូវថា ត្រូវបង្ហាញសម្រាប់គ្រួសារមើលហ្នឹងក៏អត់បានតេមកសួរមកនាំខ្ញុំយ៉ាងម៉េចដែរ ហើយតាំងពីគាត់ស្លាប់រហូតមកដល់ឥលូវនេះ អត់ដែលមានសមត្ថកិច្ច ឬក៏ខាងប៉ូលីស ខាងអីហ្នឹងគេមកសួរមកនាំយើងថាយើងហ្នឹងវាម៉េច អីយ៉ាងម៉េច ថាយើងត្រូវការស្អីឲ្យយុត្តិធម៌ ត្រូវការស្អីក៏អត់ដែលមានដែរ អត់ដែលមានព័ត៌មានស្អីទាំងអស់ គឺស្ងាត់ឈឹងតែម្តង

លោកមេធាវីពេញសិទ្ធិ ហុង គឹមសួន បានលើកឡើងថា តាមផ្លូវច្បាប់គេឲ្យសិទ្ធិជនរងគ្រោះរកឬមិនរកមេធាវីដោយខ្លួនឯង ខុសគ្នាពីជនជាប់ចោទ ដោយជនរងគ្រោះគ្មានអ្នកណាជួយទេ បើជនរងគ្រោះមិនត្រូវការ គេក៏មិនជួយយើងដែរ លើកលែងតែជនរងគ្រោះជាអនីតិជន។

លោកមានប្រសាសន៍ថា៖ “ខុសគ្នាពីជនជាប់ចោទ ជនជាប់ចោទកាលណាបទឧក្រិដ្ឋ គឺត្រូវតែរដ្ឋាភិបាល គឺចៅក្រមអីហ្នឹង និយាយរួមទៅគឺចៅក្រម ចៅក្រមដែលជាចៅក្រមស៊ើបអង្កេតដើមដំបូងអីហ្នឹង ស្នើសុំទៅប្រធានហ្នឹង សុំទៅក្រសួងយុត្តិធម៌ ក្រសួងយុត្តិធម៌ស្នើរទៅខាងខណៈមេធាវីឲ្យចាត់តាំងមេធាវីការពារក្តីឲ្យជនជាប់ចោទបទល្មើសឧក្រិដ្ឋពីបទមជ្ឈិមនោះ អាហ្នឹងគេធ្វើតាមផ្លូវច្បាប់ គេត្រូវធ្វើអញ្ចឹងណា តែបើជនរងគ្រោះនិងដើមបណ្តឹងវិញអត់មាន គឺខ្លួនឯងចង់បានស្នើសុំតាមរយៈកន្លែងណាដែលគេមានផ្តល់មេធាវីដោយមិនយកកំរ៉ៃ តែបើឲ្យចាត់តាំងរបៀបជនជាប់ចោទគឺអត់មានទេ ច្បាប់អត់តម្រូវអញ្ចឹងទេណា

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ធ្លាប់អះអាងថា ខ្មាន់កាំភ្លើង ជួប សម្លាប់ មិនព្រមសារភាពថាមានមនុស្សប៉ុន្មាននាក់ទៀតដែលបានសហការគ្នារៀបចំផែនការសម្រាប់លោក កែម ឡី នេះទេដែលមន្ត្រីរដ្ឋាភិបាលរូបនោះត្អូញត្អែរថាការរឹងទទឹងរបស់ជនសង្ស័យនេះ ធ្វើឲ្យមន្ត្រីជំនាញគ្មានពន្លឺក្នុងការស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។

រហូតមកដល់ថ្ងៃទី១០ ខែកញ្ញានេះ បើតាមការបញ្ជាក់ពីរដ្ឋាភិបាល សារធារណៈជនត្រឹមតែដឹងថាឃាតករដែលជាខ្មាន់កាំភ្លើងឈ្មោះ ជួប សម្លាប់ ដែលបានបាញ់លោក កែម ឡី ឲ្យស្លាប់ក្នុងថ្លុកឈាម គឺដោយសារមូលហេតុជំពាក់លុយជាង៣ ០០០ដុល្លារ ស្របពេលអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិថាករណីនេះពាក់ព័ន្ធរឿងនយោបាយច្រើនជាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ