វ៉ានីឡា បន្តប្ដឹង ក្រោយបំភ្លឺនៅមុខតុលាការ

តារាចម្រៀងប្រចាំផលិតកម្ម Pleng Record នាង សុខ ចិន្តា ហៅ វ៉ានីឡា (ដោយ វង្ស សុម៉ាលីន)

តារាចម្រៀងប្រចាំផលិតកម្ម Pleng Record នាង សុខ ចិន្តា ហៅ វ៉ានីឡា គ្រាន់តែមកដល់ប្រទេសកម្ពុជាក្រោយបញ្ចប់ការសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីភ្លាម ក៏សម្រេចចិត្តបង្ហាញខ្លួននៅសាលាដំបូងភ្លាមនៅព្រឹកថ្ងៃទី១០ សីហានេះ ដើម្បីបំភ្លឺលើពាក្យបណ្ដឹងរបស់នាង។ អ្វីដែលគេចាប់អារម្មណ៍គឺនាងនិងបងប្រុសបានបញ្ជាក់មុនចូលតុលាការថានឹងបន្តប្ដឹងឲ្យដល់ទីបំផុត ដោយមិនព្រមទទួលយកការសម្រុះសម្រួលនោះទេ បន្ទាប់ពីពាក្យបណ្ដឹងធ្លាក់ដល់ដៃតុលាការ។

មិនខុសពីការប្រកាសទុក តារាចម្រៀង វ៉ានីឡា និងក្រុមគ្រួសារនៅតែរក្សាជំហរប្ដេជ្ញាយ៉ាងមុតមាំថា នាងមិនព្រមសម្រុះសម្រួលនៅក្រៅប្រព័ន្ធតុលាការនោះទេ ក្នុងពេលដែលពាក្យបណ្ដឹងរបស់នាងត្រូវបានតុលាការសម្រេចចាត់ការនាព្រឹកថ្ងៃទី១០នេះ។

តាមការអះអាងរបស់នាងនិងបងប្រុសបានឲ្យដឹងថា ពាក្យបណ្ដឹងរបស់ខ្លួនត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីដើមខែសីហា គឺចំពេលដែលនាងស្ថិតនៅប្រទេសអូស្រ្តាលីក្នុងគម្រោងចេញសម្ដែងនៅទីនោះ។

លោក សុខ ជំនោរ បានអះអាងថា តុលាកាបានសម្រេចកោះហៅឲ្យ វ៉ានីឡា ចូលបំភ្លឺតំាំងពីថ្ងៃទី៣សីហា ប៉ុន្តែដោយសារតែនាងទើបតែមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី៨ខែសីហា ទើបសុំចូលបំភ្លឺនៅព្រឹកថ្ងៃទី១០សីហា នេះវិញ។

លោកថា វ៉ានីឡា និងមេធាវីចូលបំភ្លឺនៅសាលាដំបូងនៅវេលាម៉ោង៨និង៣០នាទី ដោយលោកបញ្ជាក់ថាគឺមិនមានអ្វីក្រៅពីខាងតុលាការឲ្យបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្ដឹងនោះឡើយ។

លោកថាតុលាការនៅមិនទាន់ប្រកាសពីវិធានការណាមួយនោះទេ គឺលើកលែងតែ វ៉ានីឡា បំភ្លឺរួចហើយ ហើយមានការកោះហៅដល់ភាគីខាងចុងចោទ។

លោក សុខ ជំនោរ បន្តថាវិធានការសម្រុះសម្រួលនឹងមិនមាននោះទេ បើទោះជាមានភាគីណាមួយឬក៏តុលាការនឹងប្រើនីតិវិធីសម្រុះសម្រួលដើម្បីបញ្ចប់រឿងណាមួយ។

លោកមានប្រសាសន៍ថា៖ “យើងអត់អាចទេ ការសម្របសម្រួល! ព្រោះបើតាមខ្ញុំយល់ គឺវាមិនអាចទេនៅក្នុងដំណាក់កាលនេះ ជាពិសេសបងប្អូនយើងជាសិល្បករ ជាមួយនឹងសមាគមដែលមេធាវីគាត់ធ្វើការហ្នឹង រហូតមកដល់ពេលនេះ គឺយើងមិនដែលបានគិតរឿងហ្នឹងទេ (សម្រុះសម្រួល) ! សំខាន់យើងមានការចូលរួមរបស់បងប្អូន ហើយភាគច្រើនគឺពួកគាត់ចង់ឲ្យច្បាប់ជាអ្នកកំណត់វិញ” ។

លោក សុខ ជំនោរ ឲ្យដឹងទៀតថា បើលោកនិងប្អូនស្រីទទួលយកការសម្រុះសម្រួលគឺមិនខុសពីធ្វើឲ្យបងប្អូនមហាជននិងតារាសិល្បៈដែលប្រឹងជ្រោមជ្រែងដល់នាងខកចិត្តនោះទេ ជាពិសេសចំពោះសកម្មភាពស្វះស្វែងរកមេដៃរហូតដល់ជាង៣០០មេដៃរបស់ស្ថាបនិក «គ្រួសារតារាកម្ពុជា» ដែលបានធ្វើញត្តិជួយដល់ វ៉ានីឡា ឲ្យមានចំណាត់ការអន្តរាគមន៍លើពាក្យបណ្ដឹងនោះ។

លោក សុខ ជំនោរ បន្តបង្ហាញជំហរថានឹងបន្តដាក់បណ្ដឹងរហូតដល់ទទួលបានយុត្តិធម៌ ដោយលោកយល់ថាយុត្តិធម៌ដែលលោកនិងប្អូនស្រីចង់បាន គឺទាល់តែជនល្មើសដែលបង្ហោះរូបនាងត្រូវបានកាត់ទោសដោយតុលាការ។

មុនពេលបង្ហាញខ្លួនក្នុងតុលាការ តារាចម្រៀងនាង វ៉ានីឡា បានឲ្យដឹងតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមថា សម្រាប់ការសម្រុះសម្រួល គឺមិនមានតម្លៃនោះទេ បើទោះជាចំណាត់ការរបស់តុលាការគឺមាននីតិវិធីសម្រុះសម្រួលមួយដំណាក់កាលសិនមុននឹងឈានដល់នីតិវិធីបន្ត។

នាង វ៉ានីឡា បានឲ្យដឹងទៀតថានាពេលកន្លងមកមិនអត់នោះទេ ចំពោះអ្នកចង់ចេញមុខសម្រុះសម្រួលដើម្បីបញ្ចប់បញ្ហា ប៉ុន្តែមកពីនាងយល់ថាវាដល់ដំណាក់កាលហួសពេលទើបនាងមិនទទួលយក។ នាងថាគោលដៅដែលនាងចូលបំភ្លឺនៅចំពោះមុខតុលាការ គឺចង់ប្រាប់តុលាការតែមួយគត់គឺសុំឲ្យតុលាការបន្តនីតិវិធីរហូតដល់ចប់ ដោយមិនទទួលយកការសម្រុះសម្រួលក្រៅប្រព័ន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ