ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនដល់ទៅ ៤២នាក់ ក្នុងនោះមានស្ត្រី ៥នាក់ផងដែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនត្រឹមតែមួយថ្ងៃម្សិលមិញនេះ។ នេះដោយយោងតាមរបាយការណ៍របស់នគរបាលជាតិ។
របាយការណ៍ដែលផ្សាយលើគេហទំព័រនគរបាលជាតិ បានឲ្យដឹងបន្ថែមថា បទល្មើសគ្រឿងញៀនដល់ទៅ ២៤ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន ដោយចាប់ខ្លួនជនសង្ស័យដល់ទៅ ៤២នាក់ ក្នុងនោះមានជនសង្ស័យជួញដូរគ្រឿងញៀន ២៥នាក់ផងដែរ។
យោងតាមរបាយការណ៍នគរបាលជាតិ ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនដល់ទៅជាង ៨ពាន់នាក់ហើយ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសក្នុងរយៈពេល ៥ខែដើមឆ្នាំនេះ។
ការស្ទង់មតិមួយកាលពីឆ្នាំមុន បានឲ្យដឹងថា បទល្មើសគ្រឿងញៀន គឺជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕