លោក គឹម សុខ ជាប់ទោស១៨ខែនិងសងជំងឺចិត្តលោក ហ៊ុន សែន ២០ម៉ឺនដុល្លារ

អាជ្ញាធរនាំខ្លួន លោក កឹម សុខ មកកាន់សាលាដំបូងកាលពីពេលកន្លងទៅ (រូបភាព FN)

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ សម្រេចកាត់ទោសអ្នកវិភាគនយោបាយ លោក គឹម សុខ ឲ្យជាប់ពន្ធនាគារ ១៨ខែ និងពិន័យប្រាក់ចូលរដ្ឋ៨លានរៀល ហើយសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០លានរៀល ឬស្មើនឹង២០ម៉ឺនដុល្លារ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ មេធាវីលោក គី តិច ដែលការពារក្តីលោកនាយករដ្ឋមន្ដ្រី បានប្តឹងលោក គឹម សុខ ដោយទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ បន្ទាប់​ពីអ្ន​ក​វិភាគ​​រូបនេះ បានធ្វើអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជាជាអ្នកនៅពីក្រោយ​ករណី​ឃាតកម្ម​លោក​ កែម ឡី។

នៅពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួនលោក គឹម សុខ បណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបរិហាកេរ្តិ៍ជាសាធារណៈ។

នៅថ្ងៃនេះ ចៅក្រមជំនុំ​ជម្រះនៃសាលាដំបូងរាជធានីភ្នំពេញលោក គី ឬទ្ធី បានប្រកាសសាលក្រមផ្ដន្ទាទោសលោក គឹម សុខ ដាក់ពន្ធនាគារ១៨ខែ និងពិន័យប្រាក់ចូលរដ្ឋ៨លានរៀលនិងសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០លានរៀល ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។

នៅពេលចៅក្រមប្រកាសសាលក្រមនោះ គឺតម្រូវឲ្យលោក គឹម សុខ ក្រោកឈរដើម្បីស្ដាប់សាលក្រមនោះ ប៉ុន្តែលោកមិនបានក្រោកឈរឡើយ ដោយថាការសម្រេចសេចក្ដីរបស់ចៅក្រមនោះ មិនបានផ្ដល់យុត្តិធម៌ឲ្យរូបលោក ខណៈដែលកន្លងមក លោកបានដាក់ពាក្យបណ្ដឹងទាមទារឲ្យតុលាការកោះហៅលោកនាយករដ្ឋមន្ត្រីមក តទល់ក្ដីជាមួយនៅក្នុងសវនាការ ប៉ុន្តែតុលាការបដិសេធ។ នៅពេលលោក គឹម សុខ មិនព្រមក្រោកឈរចាំការប្រកាសសាលក្រមនោះ ក៏មានមន្ត្រីពន្ធនាគារចំនួន២នាក់បានចាប់ក្រៀកឲ្យឈរនៅក្នុងរង្វង់ក្រចកសេះ។

នៅពេលចៅក្រមកំពុងអានសាលក្រម លោក គឹម សុខ ស្រែកថា គណបក្សប្រជាជនកម្ពុជាជាអ្នកនៅពីក្រោយការបាញ់សម្លាញ់លោក កែម ឡី ប៉ុន្តែមន្ត្រីពន្ធនាគារម្នាក់ទៀតបានទៅបិតមាត់លោក គឹម សុខ។

បន្ទាប់ពីស្ដាប់តុលាការប្រកាសសាលក្រមរួច លោក គឹម សុខ លើកឡើងថា បើតុលាការកាត់ទោសលោកជាប់ពន្ធនាគារនៅព្រៃសរដោយសារការនិយាយនោះ លោកថា លោកនាករដ្ឋមន្ត្រីក៏មានទោសដែរ ដោយលោកថា លោក ហ៊ុន សែន បានថ្លែងថា នឹងកម្ចាត់មនុស្ស១០០ទៅ២០០នាក់ ដើម្បីរក្សាសន្តិភាព។

លោកថា «ខ្ញុំនិយាយបែបនេះ មិនបានប៉ះពាល់អ្វីដល់ប្រទេសជាតិ បើខ្ញុំនិយាយបែបនេះត្រូវជាប់ពន្ធនាគារព្រៃសរ ចឹងលោក ហ៊ុន សែន ក៏នៅព្រៃសរដែរ ដោយសារលោក ហ៊ុន សែន និយាយកម្ចាត់មនុស្ស១០០ទៅ ២០០នាក់»។

មេធាវីការពារក្ដីឲ្យលោក គឹម សុខ​ គឺ លោក ជូង ជូងី សម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញថា មិនបានផ្ដល់យុត្តិធម៌ឲ្យកូនក្ដីលោក។ លោកបន្តថា ពាក់ព័ន្ធរឿងប្ដឹងជំទាស់ឬអត់នោះ លោកថា ចាំនឹងពិភាក្សាជាមួយកូនក្ដីលោកសិន។

ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្តឹងមួយ​ករណី​ទៀត​ ដោយថា លោក គឹម សុខ បានចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្សនិងវែក​មុខរក​ឃាតក​មិនឃើញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ