សង្រ្គោះជាតិហៅការចេញ​ដីកាឲ្យ​នាំ​ខ្លួន លោក ម៉ន​ ផល្លា ជារឿងនយោបាយ

គណបក្សប្រឆាំងចាត់ទុកថា ការដែលតុលាការក្រុងភ្នំពេញចេញដីកានាំខ្លួនប្រធានប្រតិបត្តិ​រាជធានីភ្នំពេញ​របស់​គណបក្សសង្រ្គោះជាតិ ជារឿងនយោបាយ។

កាលពី​ថ្ងៃទី៧ សីហា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានបង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន ​លោក ម៉ន ផល្លា ទៅសាកសួរពី​ដំណើររឿង «ហិង្សាដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» ទាក់ទងនឹង​ហិង្សា​ក្នុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់កន្លងមកនេះ។

ប៉ុន្តែអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានលើកឡើងថា ករណីនេះជារឿងនយោបាយសុទ្ធសាធ ហើយលោកថា លោក ម៉ន ផល្លា គ្រាន់តែជាអ្នកដឹកនាំក្បួនហែរគណបក្ស ហើយអ្នកដែលប្រព្រឹត្តិបទល្មើស គឺជាជនមួយក្រុមផ្សេងទៀត។ លោកថា តុលាការគួរតែដាក់ទោសអ្នកដែលបានប្រព្រឹត្តផ្ទាល់ មិនមែនដាក់ទោសអ្នកដែលដឹកនាំឡើយ។

លោកថា៖ «បើសិនជាអ្នកណាបង្ករឿង គឺជាកំហុសរបស់អ្នកនោះ មិនមែនអ្នកនោះបង្ករឿង មកចោទអ្នករៀបចំយ៉ាងម៉េច? ឧទាហរណ៍ថា គេដឹកនាំមនុស្សរាប់សែននាក់ ហើយមនុស្សម្នាក់ ពីរនាក់ ទៅបង្កចលាចល មិនចាប់មនុស្សបង្កចលាចល បែជាមកចោទមកអ្នកដឹកនាំ ដូចអង្កាល់មានមនុស្សមកវាយអ្នកតំណាងរាស្រ្ត គេដាក់ទោសអ្នកវាយហ្នឹង គេមានទៅដាក់ទោសមេរបស់អ្នកហ្នឹងឯណា!»។

អ្នកនាំពាក្យរូបនេះ យល់ថា ចំណាត់ការរបស់តុលាការនៅពេលនេះ ជាការគាបសង្កត់ និងបង្កផលលំបាកដល់គណបក្សសង្គ្រោះជាតិ ជាពិសេស លោកថា គណបក្សកាន់អំណាចព្យាយាមបំផ្លាញមេដឹកនាំគណបក្សសង្គ្រោះជាតិដែលមានសមត្ថភាព។

វីអូឌី មិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺបន្ថែមថា ខាងតុលាការនឹងឲ្យលោក ម៉ន ផល្លា ចូលតុលាការនៅថ្ងៃណា បាននោះទេ។

​ករណីហិង្សា​នេះ ​បានកើតឡើងនៅចុង​ខែឧសភា ក្នុង​អំឡុង​ពេល​នៃ​ការ​ឃោសនា​បោះឆ្នោត នៅ​ពេល​ដែល​យុវជនម្នាក់​ឈ្មោះ សេក សាមុន​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ដោយ​ប្តឹង​ថា ក្រុម​យុវជនបក្ស​សង្គ្រោះជាតិប្រមាណ១០​នាក់​បាន​បង្កជម្លោះ និងបាន​ប្រើ​អំពើ​ហិង្សាវាយ​ដំមក​លើ​ខ្លួន ពេល​ដែល​ខ្លួន​ជិះម៉ូតូទៅ​ប៉ះជា​មួយ​ក្បួន​ដង្ហែគណបក្ស។

ទាក់ទិននឹងករណីនេះ សាស្រ្តាចារ្យនយោបាយ លោក សូ ចន្ថា បានមានប្រសាសន៍ថា រឿងដែលបានកើតឡើងគឺស្ថិតនៅក្នុងកំឡុងពេលនៃការឃោសនាបោះឆ្នោត ដូច្នេះហើយ គួរតែមានការដោះស្រាយគ្នាតាមរយៈច្បាប់នៃការបោះឆ្នោត។ លោកថា នេះជារឿងដែលពាក់ព័ន្ធនឹងនយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ។

លោកថា៖ «ករណី លោក ម៉ម ផល្លា ផ្តើមចេញពីហិង្សា ដែលកើតមានក្នុងពេល ឃោសនាបោះឆ្នោតនោះ ខ្ញុំគិតថា គួរតែមានការដោះស្រាយដោយឈរនៅលើគោលការណ៍នៃការពិភាក្សាគ្នា ឬក៏ដោះស្រាយដោយច្បាប់បោះឆ្នោត ប៉ុន្តែខ្ញុំគិតថា មិនគួរបង្វែរទៅឈានទៅដល់តុលារការនោះទេ ហើយការកោះហៅច្រើនលើកច្រើនសារបែបនេះ គឺជាការគម្រាមកំហែងផ្នែកនយោបាយទៀតផង»។

តុលាការ​ធ្លាប់បាន​ចេញ​ដីកាឲ្យប្រធានប្រតិបត្តិគណបក្ស​សង្គ្រោះជាតិ លោក ម៉ន​ ផល្លា​ ទៅបំភ្លឺនៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ម្តងហើយ តែលោក ម៉ន​ ផល្លា មិនបានបង្ហាញខ្លួនទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ