បទយកការណ៍៖ ពលរដ្ឋមួយចំនួន​នៅ​ខេត្តកំពង់ធំបារម្ភពីសុខភាព ខណៈ​គ្មានមណ្ឌលសុខភា​ពនៅ​ក្នុង​ឃុំ

ពលរដ្ឋ​នៅ​ខេត្តកំពង់ធំ

សំឡេងស្រែកយំរបស់កុមារបានបន្លឺឡើងចេញពីផ្ទះពេទ្យឯកជនមួយកន្លែង ស្ថិតនៅឃុំបឹង​ល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ។

កុមារ​នេះ​មានអាយុជាង១ឆ្នាំ និងមានជំងឺ ក្អក ផ្តាសាយ ក្តៅខ្លួន រយៈពេលជិតមួយសប្តាហ៍មក​ហើយ។

អង្គុយលើគ្រែ ដៃបីចៅឲ្យអ្នកគ្រូពេទ្យ បន្តោងសេរ៉ូម នៅឃុំបឹងល្វា អ្នកស្រី ជឹម ឆន បានរៀប​រាប់ថា កន្លង​មកកូនរបស់គាត់ឈឺធ្ងន់ត្រូវដឹកយកទៅព្យាបាលនៅមន្ទីរ​ពេទ្យបង្អែកស្រុកបារាយណ៍ ខេត្តកំពង់​ធំ ដោយថាត្រូវចំណាយពេលពេញ​មួយព្រឹក ទើបទៅដល់​ទីនោះ។

អ្នកស្រី ឆន អះអាងថា ចៅរបស់គាត់ឈឺស្រាល ទើបគាត់យកទៅព្យាបាលនៅ​ពេទ្យឯកជន​ក្បែរ​ផ្ទះ​របស់​គាត់​ ​ប៉ុន្តែអ្នកស្រីថា ការចំណាយថវិកាព្យាបាលនៅពេទ្យឯកជនអស់ច្រើនជាងពេទ្យរដ្ឋ​។

អ្នកស្រីនិយាយថា «វាចេះតែក្អក រលាកបំពុងក ផ្តាសាយ ត្រូវ​យកមក​…៧ម៉ឺនមិនដឹង ទំាងចាក់ ទំា​ង​ថ្នាំលេប​»។

ប្រជាពលរដ្ឋរស់នៅឃុំបឹងល្វា ខេត្តកំពង់ធំ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ដើមចមដែល​នាំឲ្យ​ប្រជាជននៅក្នុងតំបន់ពួកគេ មានជំងឺ រាក ផ្តាសាយ ក្អក គ្រុនក្តៅ គ្រុន​ពោះវៀន ជាដើម ដោយថាពួកគេរាប់រយគ្រួសារប្រើទឹកអណ្តូង មិនស្អាត ហើយមិនយល់ច្បាស់​ពីរបៀបថែទំាសុខភាព​។

វ័យជាង៤០ឆ្នំា មានជំងឺក្រពះ ពោះវៀន ប្រចំាកាយ អ្នកស្រី ជាន ណេត ដែល​អះអាង​ថា​រស់នៅឃុំបឹងល្វា បានឲ្យដឹង​ថា នៅ​ពេលគ្មាន​មណ្ឌល​សុខភាព​នៅក្នុងឃុំ ធ្វើឲ្យ​ប្រជាពល​ល​រដ្ឋ​មិន​បាន​យល់​ដឹង​បញ្ហា​សុខភាព  ទើបធ្វើឲ្យពួកគេងាយឆ្លងជំងឺ៖ «ប្រជាពលរដ្ឋអត់មានការយល់ដឹងពីការថែទំាសុខភាព បាន​ឈឺ​គ្រប់​គ្នាជាច្រើន អត់មាន​ពេទ្យមកប្រាប់ អប់រំ ឲ្យប្រជាពលរដ្ឋប្រើប្រាស់យ៉ាងម៉េចទេ ប្រជាពល​រដ្ឋ​​ចេះ​តែប្រើប្រាស់តែខ្លួនឯងទៅ មិនថាគេ​ខ្ញុំប្រើទៅវាមានការប៉ះពាល់រាគរួស គ្រុនរល្ងា ក្រពះពោះវៀន ប្រើ​ទឹក​ឆៅ ទឹកអណ្តូងធម្មតា»។

បើតាមពលរដ្ឋ ​ចំងាយផ្លូវធ្វើដំណើរពី ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ  ទៅ​មន្ទីរ​ពេទ្យ​បង្អែក នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មាន​​​ចំងាយ​​ផ្លូវ​ប្រហែល៥០គីទ្បូម៉ែត្រ។

ដោយជួបផលវិបាកបែបនេះ អ្នកស្រី ញឹម ផា រស់នៅឃុំបឹងល្វា ស្នើ​ទៅរដ្ឋាភិបាល​បង្កើត​មណ្ឌល​​សុខ​ភាពនៅក្នុងឃុំរបស់ពួកគាត់ ដោយថា ដើម្បី​ផ្តល់​​ភាពងាយស្រួល និងដោះស្រាយបញ្ហា  ​ប្រឈ​ម​​​ ផ្នែក​​សុខ​ភាពជូនប្រជាជននៅ​ក្នុងភូមិ​។

លោកស្នើថា «ខ្ញុំចង់ឲ្យមានមណ្ឌលសុខភាពនៅកន្លែងហ្នងទៅ[ឃុំបឹងល្វា] វាស្រួលថាមនុស្សឈឺពោះ ឆ្ល​ង​ទន្លេ​ យប់ ព្រលប់ ចាស់ទុំឈឺពិបាកទៅឆ្ងាយ​ ព្រោះទៅឆ្ងាយសោហ៊ុយវាអស់ច្រើន​ បើយើងនៅជិតនេះ​ទៅ ដូច​ថាថវិកា ក៏វាមិនសូវ​អស់ប៉ុន្មាន អ្នកគ្រូធំៗមកអាចបានថាជួយប្រជាជននៅក្នុងភូមិវាបានខ្លំាងដែរ​»។

ជំទប់​ទីមួយឃុំបឹងល្វាដែលទើបជាប់ឆ្នោត មកពីគណបក្សប្រជាជនកម្ពុជា លោក សួន រតនៈ បាន​ទទួល​ស្គាល់​ថា ឃុំបឹងល្វាជាតំបន់ដាច់ស្រយាល និងងាយប្រឈម​បញ្ហា​សុខ​ភាព​។ ករណីនេះលោកថា នឹង​ធ្វើ​សំណើទៅស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍បង្កើតមណ្ឌលសុខភាពនៅក្នុងឃុំបឹងល្វាឲ្យបានឆាប់ ដោយ​ថា ដើម្បីងាយស្រួលឲ្យពលរដ្ឋទៅរកសេវាសុខភាពនៅតំបន់​នោះ​។

លោកនិយាថា៖ «ខ្ញុំមើលឃើញភាពជាក់ស្តែងនៅតំបន់ក្នុងឃុំបឹងល្វានេះ ជាតំបន់​ដាច់​ស្រយាល​ឆ្ងាយ​ពី​មន្ទីពេទ្យ ហើយនិងមានសំណូមពរពីប្រជាពលរដ្ឋជាក់ស្តែងមកបន្ថែមទៀត​ ក្នុងនាម​ខ្ញុំជា​សមាជិក​ក្រុម​ប្រឹក្សា​​ឃុំថ្មី ខ្ញុំនិងព្យាយាមអន្តរាគមន៍ផ្នែកសេវា ស្នើសុំជាលាយលក្ខ​អក្សរ​បន្ថែមទៀត​នៅ ថ្នាក់ស្រុក ថ្នាក់​ខេត្ត​ និង​ថ្នាក់​ជាតិ ជួយពិនិត្យ​ឡើងវិញ​នូវតំបន់ចំកាត់មាត់​ញ៉ក ពិសេស​នៅក្នុង​ឃុំបឹង​ល្វា​មួយ​នេះជាតំបន់​ដាច់​​ស្រយាល​​​ហើយប្រ​ឈម​ខ្លាំ​បំផុតនូវបញ្ហាសុខភាព»។

ឃុំបឹងល្វា មានភូមិជាផ្លូវការចំនួន១៣ ដែលមានចំនួនពលរដ្ឋជិត៥ពាន់គ្រួសារ (៤.១៤៦គ្រួសារ) ស្មើ​ចំនួន​​​​ប្រជាជនជិត២ម៉ឺននាក់ (១៧.០៤៧នាក់) ខណៈភូមិមិនទាន់ចុះបញ្ជីពីក្រសួងមហាផ្ទៃ ជាផ្លូវការ គឺ​មាន​ចំនួន១១ភូមិទៀត។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ បានពន្យល់​ថា តាមលក្ខណ្ឌរបស់ក្រសួង គឺតំបន់​ដែល​អាច​​បង្កើតមណ្ឌលសុខភាពជូនប្រជាជនបាន ដរាបណាមានប្រជាជន​រស់​នៅចន្លោះ​ពី៨០០០​នាក់ ទៅ១០០០០នាក់។ ចំណែកតំបន់ដែលមានប្រជាជនក្រោមនេះ លោកថាក្រសួងអាចបង្កើតប៉ុស្តិ៍សុខភាព នៅក្នុងឃុំ​បាន ក្នុងករណីចំាបាច់ ដោយលោកលើកឧទាហារណ៍នៅខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី នៅ​តំបន់​​ដាច់​​ស្រយាលមិនគ្រប់៨០០០នាក់ទេ ប៉ុន្តែក្រសួងបានបង្កើតឲ្យមានប៉ុស្តិ៍សុខភាពនៅក្នុងឃុំមួយ​ចំនួន​ រួច​ហើយ​។

យ៉ាងណាក៏ដោយលោក សូវ៉ាន់ លើកទឹកចិត្តឲ្យពលរដ្ឋ​ធ្វើសំណើរជាលាយលក្ខអក្សរ ទៅអាជ្ញាធរដែនដី​ដោយថាបើក្រសួង​សុខាភិ​បាល​ទទួលបាន​ នោះ​នឹង​ពិចារណាដោះស្រាយបញ្ហា​ជូនប្រជា​ជននៅ​តំបន់​នោះ​។

លោកមានប្រសាសន៍ថា «នៅហ្នឹងគាត់មានឃុំ គាត់អាចធ្វើការស្នើសុំតាមរយៈឃុំ មកស្រុក មក​មន្ទីរសុខាភិបាល​ទៅ ឲ្យជជែកគ្នារឿង​ហ្នឹង ដូចខ្ញុំនិយាយចឹង គឺថាប្រជាពលរដ្ឋចាប់ពី៨០០០នាក់​ ដល់​មួយម៉ឺននាក់​ យើងនិងរៀបចំបណ្ឌលសុខភាពមួយនៅទីនោះ ក្រោមហ្នឹងយើងអាចពិចារណារៀប​ចំប៉ុស្តិ៍​សុខ​ភាពសិន ដល់ពេលអនាគត់ទៅយើងគ្រប់លក្ខណៈ យើងនិងរៀប​ចំជា​មណ្ឌលសុខភាព»។

​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​​លោក មាស នី មានប្រសាសន៍ថា រដ្ឋាភិបាល​ផ្តល់​ថវិកា​​ជាតិ​ប្រហែល​ជា៥ភាគ សម្រាប់វិស័យសុខាភិបាល ខណៈជំនួយបរទេសប្រហែល២៥ភាគរយ។​ ករណី​នេះ​លោកថា ពលរដ្ឋត្រូវ​ចំណាយថវិកាផ្ទាល់ខ្លួនប្រហែល៦០ទៅ៧០ភាគរយ ដើម្បីព្យាបាលជំងឺ។

លោក មាស នី យល់ថា រដ្ឋាភិបាល​គួរតែទំលាក់ថវិកាជាតិទៅ​ស្ថាប័ន​ពាក់ព័ន្ធ​​ឲ្យ​បង្កើត​មណ្ឌល​សុខ​ភា​ព​ជូនប្រជាជន​នៅក្នុង​ភូមិ-ឃុំ ទូទំាងប្រទេស ​ជាពិ​សេស​តំបន់​ដាច់ស្រយាល ដោយ​ថាប្រជាជន​១៥លាននាក់ ​មាន​សុខភាពល្អ ទើប​ធ្វើឲ្យ​ប្រទេសជាតិក៏រីកចំរើន ដើរទាន់សម័យ​កាល​ទំនើប។

លោក មាស នី បានបញ្ជាក់ថា បើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ដោះស្រាយពីទុកកង្វល់របស់ប្រជាជន ជាពិ​សេសការផ្តល់សេវាសុខភាពឲ្យបានល្អទេ ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ លោកថាគណបក្សកាន់អំណាច​នឹង​បាត់បង់​ប្រជាប្រិយ​ភាព​បន្ថែមទៀត ដូចកាលបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧។

លោកនិយាយថា «វាត្រូវ​តែប៉ះពាល់​ដល់ប្រជាប្រិយភាព ប្រសិនបើគណបក្សនយោបាយ​មួយទៀត​[គណ បក្ស​សង្គ្រោះជាតិ​] គេចង់យកប្រៀបលើហ្នឹង គេយកគោលនយោបាយ​សុខភាពជាក់លាក់ណា​មួយ មក ប្រើ គេក៏អាចទទួលបានប្រជាប្រិយតាមរយៈហ្នឹងដែរ ដូចរឿង​ថវិកាក្រុមប្រឹក្សាឃុំ-សង្កាត់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ