បទយកការណ៍៖ អ្នកអភិរក្សរំពឹងថា កម្មវិធីមួយម៉ឺនអាល័យ ជួយរក្សាតម្លៃវប្បធម៌ខ្មែរកាលពីសម័យមុន

ទិដ្ឋភាពក្នុងសាលសន្និសីទចតុមុខ (ហ៊ាង សុគន្ធារី)

នៅ​ម៉ោង​ប្រហែល៥ល្ងាច នៅ​មុខ​សាល​សន្និសីទចតុមុខ អ្នក​ចូល​រួម​ជា​ច្រើន​អ្នក មក​ពី​ស្ថាប័ន​ខុសៗគ្នា​ចាប់​ផ្តើម​មក​ដល់បណ្តាក់ៗគ្នាជា​បន្ត​បន្ទាប់។ ភ្ញៀវ​ផ្សេងៗ​ ចាប់​ផ្តើម​មក​ដល់ ខណៈ​កម្មវីធី​កំពុង​តែ​ចាប់​ផ្តើម។ នៅទីលាន​មុខ​សាល​ អ្នក​ខ្លះផ្តុំ​គ្នាជា​ក្រុមនិយាយ​គ្នា​ពី​នេះពី​នោះ សើច​ផង ធ្វើ​មុខ​ស្ងួត​ផង ទៅតាម​រឿង​ដែល​គេ​និយាយ អ្នក​ខ្លះ​ក៏នាំ​គ្នាទៅ​ថត​រូប​នៅ​លើ​ឆាក​តូច​មួយ​នៅ​មុខ​នោះ ហើយ​អ្នក​ខ្លះទៀត​ក៏​ត្រូវ​បាន​អ្នក​កាសែត​សុំ​សម្ភាសន៍។ សម្លេង​អ៊ូអរ​ បាន​បាត់​ទៅ ​មួយ​រំពេច​ដែល​ម៉ោង​៦បាន​ឈាន​ចូល​មក​ដល់ ប្រាប់​អ្នក​ចូល​រួម​ទាំង​អស់​ថា កម្មវិធីដល់​ពេល​ត្រូវ​ចាប់​ផ្តើម​ហើយ តម្រូវ​ឲ្យគេ​ចូល​ក្នុង​សាល​ធំទាំង​អស់គ្នា។

កម្មវិធី មួយម៉ឺនអាល័យ​ គឺជា​កម្មវិធីដែល​រៀប​ចំឡើង​ដោយក្រុម​ព្រះ​សូរិយា សហការជា​មួយក្រសួង​រប្បធម៌និង​វិចិត្រ​សិល្បៈ ក្នុង​គោល​បំណង​ដាក់​បង្ហាញ​សំលៀក​បំពាក់​ខ្មែរ​ និង​ខ្សែភាពយន្ត​ខ្មែរ ​នា​ទសវត្ស​ឆ្នាំ​៦០និង​៧០ ​មក បង្ហាញ​និងចាក់​បញ្ចាំង​ ដែល​ត្រូវ​បាន​ប្រារព្ធ​បើក​កម្មវិធី​នៅកាលពីចុងសប្តាហ៍មុន នៅសាល​សន្និសីទចតុមុខ។​

ក្នុងរយៈពេល​ពី​ថ្ងៃទី៤ ដល់​ថ្ងៃទី៦ សីហា ​កម្មវិធីមាន​ចាក់​បញ្ចាំង​ភាពយន្ត​ខ្មែរសម័យ​ទសវត្ស​ឆ្នាំ​៦០និង​៧០ ចំនួន៦រឿង ដែលត្រូវ​បាន​ស្រាវជ្រាវ​មក​ជា​បន្ត​បន្ទាប់​ដោយ​ក្រុម​ព្រះសុរិយា មាន​ដូចជា រឿង «​គូកម្ម​ទេ​បង​» រឿង «​ចន្ទ​គ្រឿ​ហ្វា​» រឿង «​បុប្ផា​អង្គរ​» រឿង «​មួយ​ម៉ឺន​អាល័យ» រឿង «​បំណុល​» និងរឿង «​បិសាច​តណ្ហា​» ជាដើម។

លោក​ យាង វណ្ឌី ប្រធានក្រុមព្រះសូរិយា និង ជាអ្នក​រៀប​ចំ​កម្មវិធីនេះ ​ឡើង​បាន​និយាយថា កម្មវិធីនេះ​គឺ​ធ្វើ​ឡើង​ដើម្បី​លើក​យក​វប្បធម៌​សម័យ​ទសវត្ស​ឆ្នាំ​៦០ និង​៧០ ដែល​ស្ទើរតែ​រលុប​បាត់​នោះ មក​បង្ហាញ​ និង លើក​កម្ពស់​សារជា​ថ្មី ក្នុង​គោល​បំណង​ឲ្យយុវជន ឬ សិល្បករសម័យ​ក្រោយ​ធ្វើ​ការគាំទ្រ ហើយថែរក្សា អភិវឌ្ឍន៍​វិស័យ​ភាព​យន្ត​នេះទាំងអស់គ្នា។

លោក​ថា៖ «គោលបំណងទី១ ផ្សព្វផ្សាយអំពី ឯកសារភាពយន្តដែលពួកខ្ញុំ រកឃើញនៅតាមបណ្តាខេត្តនិងនៅតាមប្រទេសមួយចំនួន ដែលធ្លាប់បានបញ្ចាំងភាពយន្តខ្មែរយើង ហើយមួយទៀត គឺដើម្បីប្រមូលថវិកាជួយសិល្បករចាស់ៗ ហើយមួយ​កិច្ចការ​ស្រាវជ្រាវ​។ គាត់ថែរក្សាទាំងអស់គ្នា បើសិនជាយើងមិនថែរក្សា យើងនឹងបាត់បង់ថ្ងៃណាមួយ ហើយភាពយន្តទាំងអស់ វានឹងកប់ចោល[…]»។

កំពុង​តែ​ថត​រូបឲ្យ​មិត្តភក្តិ កញ្ញា រតនា ជា​និសិត្សឆ្នាំទី៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និយាយ​ថា ​នាង​សប្បាយ​ចិត្ត​ណាស់​ ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធីនេះ ព្រោះថា​នាង​ជា​អ្នក​ចូល​ចិត្ត​វប្បធម៌​បុរាណ សិល្បៈបុរាណ​មក​រហូតមក។ នាង​ថា កម្មវិធី​នេះ នឹង​បាន​ចូល​រួម​មួយ​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ភាពយន្ត​ខ្មែរ​សម័យ​មុន ព្រម​ទាំង​ធ្វើ​ឲ្យ​យុវជន​ខ្មែរ​ងាក​មក​គាំទ្រនិងស្គាល់​ពី​តម្លៃ​វប្បធម៌​សម័យ​មុន​កាន់​តែ​ច្រើន។

នាង​ថា៖ «ខ្ញុំមើលទៅឃើញថា រឿងពីមុនហ្នឹង អត្ថន័យនៃការសំដែង អត្ថន័យរឿង មើលទៅវាថាល្អ អីចឹងម្យ៉ាងយើងចង់ថែរក្សាអ្វី ដែលជារបស់យើងធ្លាប់មាន យើងមានអាចាស់ ចឹងទៅយើងថែរក្សាកុំឲ្យវាបាត់បង់។ …ដើម្បីកុំឲ្យវប្បធម៌ទាំងអស់បាត់បង់ យើងថែរក្សា យើងនាំគ្នារំលឹកម្តងម្កាល ពេលមានកម្មវិធី…»។

កំពុង​ឈរ​ញញឹម​ញញែម​ ដើម្បី​ឲ្យ​អ្នក​កាសែត​បាន​ថតរូប ព្រម​ទាំង​ងាកនិយាយ​ជាមួយតារាផ្សេង​ទៀត តារា​សំដែង​ជើង​ចាស់ អ្នក​ស្រី ស៊ុនណារី ម៉ូនីកា បាន​លើក​ឡើង​ដែរ​ថា អ្នក​ស្រីមាន​ការ​គាំទ្រ​ខ្លាំង​ចំពោះ​វិស័យ​ភាពយន្ត​ខ្មែរ​ពី​សម័យ​មុន ហើយ​ថា អ្នកស្រី​រីករាយ ​ដែល​មានកម្មវិធិបែប​នេះ​ ត្រូវ​បាន​រៀប​ចំឡើង ដើម្បី​កុំ​ឲ្យ​វប្បធម៌​សម័យ​មុន​ត្រូវ​បាន​កប់​ចោល។

អ្នក​ស្រី​ថា៖ «បងឧស្សាហ៍ប្រាប់ប្អូនៗ អ្នកសិល្បៈជំនាន់ក្រោយ យើងត្រូវធ្វើម៉េច កុំភ្លេចពីជំនាន់ដើមអញ្ចឹង យើងត្រូវយកមកបង្ហាញឡើងវិញ។…ចង់ឲ្យបងប្អូនជំនាន់ក្រោយ ឲ្យរំលឹកឡើងវិញ ហើយកុំឲ្យភ្លើតភ្លើននឹងការឥឡូវនេះ ដូចថាវា នេះពេក ដល់ចឹងហើយចង់ឲ្យបងប្អូនកម្ពុជា រំលឹកឡើងវិញ ងាកមកលើកស្ទួយខ្មែរយើងពីជំនាន់ដើមវិញ ដើម្បីកុំឲ្យភ្លេច»។​

នៅក្នុង​សាលដែល​កៅអីភាគ​ច្រើន​ត្រូវ​បាន​គេ​អង្គុយ​ហើយ​នោះ សម្លេង​អ៊ូអរ​ដោយ​មនុស្ស​និយាយ​គ្នា​ក៏​បាត់ ហើយ​សម្លេង​តែ​មួយ​ដែល​មាន ​គឺចេញពីពិធីករ ឬអ្នក​ថ្លែង​សុទ្ទរកថា ឬ​ជា​សម្លេង​ភ្លេង​ទៅ​វិញ។ នៅ​ក្នុង​កម្មវិធី​បើក​ កម្មវិធីមាន​តាំង​ពី​ការ​ថ្លែង​សុទ្ទរកថាពី​អ្នក​រៀបចំ មាន​ការ​បង្ហាញ​ខ្លួន​សិល្បករ​ពី​សម័យ​ទសវត្ស៦០ និង៧០ មាន​ការ​ច្រៀង​ចម្រៀង​សម័យ​ដើម រហូត​ដល់ការ​ចាក់​ផ្សាយកុន​រឿង «មួយ​ម៉ឺន​អាល័យ​» ផងដែរ។

ថ្លែង​នៅ​ក្នុង​ពីធីនោះ រដ្ឋ​លេខា​ធិការ​ ​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ លោក​ សោម សុគន្ធ ក៏​បាន​ទទួល​ស្គាល់ដែរ​ថា ដោយ​សារ​តែ​សម័យ​សង្គ្រាម វិស័យ​កុន និង វប្បធម៌​ចំណាស់​ភាគ​ច្រើន​ត្រូវ​បាន​បាត់​បង់​។ លោក​ថា ​លោក​មានមោទនភាព និងសប្បាយ​ចិត្ត​ដែលកម្មវិធីនេះ ​បានធ្វើ​ឲ្យ​វិស័យកុន​ខ្មែរ​សម័យ​ដើម​មាន​ជីវិត​ឡើង​វិញ។

លោក​មាន​ប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា ស្នាដៃទាំងនេះ នឹងក្លាយជាមេរៀន និងបទពិសោធន៍សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីរួមគ្នាជម្រុញការអភិវឌ្ឍ និងលើកកម្ពស់គុណភាពផលិតផលភាពយន្តជាតិ ធានាការផ្គត់ផ្គង់ទីផ្សារភាពយន្តក្នុងស្រុក ប្រកបដោយចីរភាព កាត់បន្ថយការហូរចូលនៃផលិតផលនៃភាពយន្តបរទេស»។

ថវិកា​ដែល​ប្រមូល​បាន​មកពី​ការលក់​សំបុត្រ ត្រូវបាន​ក្រុមព្រះ​សុរិយា ឱ្យដឹងថា មួយចំណែក​ជួយ​ដល់​សិល្បករ​ដែល​ចូលនិវត្តន៍ ហើយ​មាន​ជីវភាព​ខ្សត់ខ្សោយ និង​មួយ​ចំណែក​ទៀត សម្រាប់​កិច្ចការ​ស្រាវជ្រាវ​របស់​ក្រុម​ផ្ទាល់​តែម្តង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម័យ​សង្គម​រាស្ត្រនិយម ពី​ឆ្នាំ១៩៥៤ ដល់​ឆ្នាំ១៩៧០ ត្រូវ​បានប្រជាជន​កម្ពុជា និង បរទេស​មួយ​ចំនួន​ចាត់​ទុក​ថាជា​សម័យ​មាន​ការ​អភិវឌ្ឍទាំង​វិស័យ​សង្គមនិងវប្បធម៌។ ការសិក្សា ​សំណង់​អគារ សិល្បៈចាប់​ផ្តើម​កើន​ឡើង​និងមាន​ការអភិវឌ្ឍជា​លំដាប់។ ដោយ​សារ​ឥទ្ធិពល​នៃ​សង្គ្រាម​ត្រជាក់​នៅ​សម័យ​នោះ យុគសម័យ​សង្គម​រាស្ត្រនិយម​ត្រូវ​បាន​ដួល​រលំ ហើយ​បន្ត​មក​ដោយ​សង្គ្រាម​ស៊ីវិល​មក​ជា​ច្រើន​ឆ្នាំ៕

រាយការណ៍បន្ថែមដោយ កញ្ញា ថាញ់ ចន្ទសុធារី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ