អង្គការ​សហប្រជា​ជាតិ ស្នើកម្ពុជាប្រើ​ជម្រើស​ផ្សេង​ក្រៅ​ពីការ​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 4:46 PM | សិទ្ធិមនុស្ស | 0 | 1663

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិប្រចាំកម្ពុជា បាន​ចោទសួរ​មន្រ្តីរដ្ឋាភិបាល​ពី​ករណី​ដែល​កើត​មាន​ច្រើន​នូវ​ការ​ឃុំ​ខ្លួ​ន​បណ្តោះ​អាសន្នទៅលើជនជាប់ចោទ​ ដោយមិន​ទាន់​​កាត់​ទោស ដោយជំរុញ​ឲ្យ​ប្រើ​មធ្យោ​បាយ​​ផ្សេង​មកជំនួសវិញ។

ក្នុង​ជំនួបបិទ​ទ្វារ​​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​នៅព្រឹកនេះ លោកស្រី​ រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុសុ្សនៅកម្ពុជា ​បាន​​សាក​សួរ និង​បញ្ចេញ​យោ​បល់​ពីស្ថានភាព​សិទ្ធិ​មនុស្ស ទាក់​ទង​នឹង​នីតិវិធី​ច្បាប់កម្ពុជា​ ដោយ​ក្នុង​នោះ​លោក​ស្រី​ក៏​បាន​លើក​ពីករណី​នៃ​​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​កម្ពុជា ដែល​លោក​​ស្រី​ថាកម្ពុជា​ច្រើន​សម្រេច​ឃុំ​ខ្លួនបណ្តោះ​អាសន្ន​​ជា​ជាង​ឲ្យជន​ត្រូវ​ចោទនៅ​ក្រៅ​ឃុំ ដោយ​លោក​​ស្រីចង់​ឲ្យ​រដ្ឋាភិបាល​​ជ្រើស​រើស​មធ្យោបាយ​ផ្សេងពីនេះ​​វិញ។ នេះជាការឲ្យដឹងពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន។

ថ្លែង​បន្ទាប់ពី​កិច្ច​ប្រជុំនោះ ​លោកស្រី​ រ៉ូណា ស្មីត ថា៖ «អ្វី​ដែល​ជា​កង្វល់​នោះគឺ អ្វី​ដែល​វិស័យ​យុត្តិ​ធម៌​កំពុង​ជួប​ប្រទះ និងតួនាទី​នៃ​យុត្តិ​ធម៌​សង្គម ហើយ​ខ្ញុំ​បាន​សង្ខេប​នូវ​អ្វី​ដែល​ជា​ការ​វិវត្តនៃ​ប្រព័ន្ធ​យុត្តិ​ធម៌ព្រហ្ម​ទណ្ឌ និង​មាន​ដំណើរ​ការ​ជាច្រើន​ដែល​ក្រសួង​បាន​រៀប​ចំ និង​នីតី​វិធី​នៃ​​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​»។

ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា​ត្រូ​វ​បាន​មតិ​ជា​តិ​ និង​អន្តរជាតិ​រិះគន់​ជាខ្លាំង​បន្ទាប់ពី​មាន​ការ​ឃុំ​ខ្លួនមន្ត្រី​សិទ្ធិ​មនុស្សអាដហុក និង​អគ្គលេខា​ធិការ​រង ​គជប ជាង​មួយ​ឆ្នាំ​ដោយ​មិនទាន់កាត់​ទោស​បើ​ទោះ​បី ពួកគេ​ទាំង​៥នាក់​ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​ជា​ច្រើន​លើក​ហើយ​ក៏​ដោយ។

អ្នក​នាំពាក្យ​ក្រសួងយុត្តិ​ធម៌ លោក ជិន ម៉ាលីន​ មាន​ប្រសាសន៍​ថា ​ថា​ការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំមិន​​ទាន់​​អាច​ដោះ​ស្រាយ​រួច​គឺ​ដោយ​សារ​ចំណេះ​ដឹង​ប្រជាពល​រដ្ឋ​កម្ពុជា​នៅមាន​កម្រិត ដែល​ធ្វើ​ឲ្យ​តុលា​ការ​​ពិបាក​សម្រេចក្នុងការ​ឲ្យជន​ជាប់​ចោទ​​នៅ​ក្រៅ​ឃុំ ដោយ​បារម្ភពី​ការ​រិះគន់ និង​ការ​កាត់​ទោស​ក្រៅ​ប្រព័ន្ធ​​តុលាការ​។ ទោះ​ជា​យ៉ាង​ណា​លោក​ថា​ក្រសួង​យុត្តិ​ធម៌​កំពុង​ពិចារណា​រៀប​ចំ​ការ​សាកល្បង​ទៅ​លើ​ការដោះ​លែងតែ​​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​តុលាការ​ហើយ​ ដោយ​ធ្វើ​ការ​សាកល្បង​ដំបូង​នៅ​ក្នុង​ខេត្ត​បាត់​ដំបង។

លោក​ថា៖ «គាត់បានលើកឡើងមិនលើករឿងនយោបាយទេ តែគាត់ថាការឃុំខ្លួនបណ្តោះអាសន្ននេះរួមមានការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស រួមទាំងសកម្មជននយោបាយរួមទាំងសាធារណៈជនទូទៅ គាត់មិនផ្តោតទៅលើរឿងនយោបាយនិងសិទ្ធមនុស្សទេតែគាត់ថាធ្វើមិចគួរតែការឃុំខ្លួនបណ្តោះអាសន្នហ្នឹងគឺមានការថយចុះ ហើយយើងបានរៀបរាប់ប្រាប់គាត់ពីវឌ្ឍនៈភាពនៃការងារដែលយើងធ្វើគឺទិសដៅកំណែទម្រង់គឺយើងកាត់បន្ថយអាហ្នឹង! ក៏ប៉ុន្តែការកាត់បន្ថយហ្នឹងធ្វើយ៉ាងម៉េច? គឺយើងមិនអាចដោះលែងដោយអត់មានអីសោះនៅពេលដែលគាត់មានកំហុសនោះ អញ្ចឹងទេយន្តការដែលយើងធ្វើនោះ​​គឺអនុវត្តយន្តការដែលមានក្នុងច្បាប់​​យើង ក្នុងច្បាប់គឺគេប្រើ​យន្ត​ការ​ទោស​មិន​មែន​ពន្ធនាគារ»

តាមរយៈកិច្ច​ប្រជុំ​នៅព្រឹកនេះ ​លោក​ ជិន ម៉ាលីន ឲ្យ​ដឹង​ថាអង្គការ​សហ​ប្រជា​ជាតិ​ នឹង​​សម្រេច​​ចូល​រួម​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អប់​រំប្រជា​ពល​រដ្ឋ តាម​រយៈកិច្ចប្រជុំ សិក្ខាសិលា និង​ការ​ផ្សព្វផ្សាយ​នានា​ដើម្បី​ឲ្យ​កម្ពុជា​​អាច​កាត់​បន្ថយ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ននេះឲ្យ​បាន​ច្រើនផង​ដែរ​៕  ​

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required