UN ប្រាប់​កម្ពុជាឲ្យ​រៀប​ចំ​ឯកសារ​ឆ្លើយ​តប​ពីបញ្ហា​សិទ្ធិ​មនុស្សឲ្យ​ទាន់​ពេល

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 10:29 AM | សិទ្ធិមនុស្ស | 0 | 7057

តំណាង​ពិសេស​នៃអង្គការ​សហ​ប្រជា​ជាតិ​ ប្រាប់​កម្ពុជា​ឲ្យ​រៀប​ចំ​ឯក​សារពី​ដំណោះស្រាយ​សិទ្ធិ​មនុស្ស​​ឆ្លើយ​តបឲ្យ​ទាន់ពេល​វេលា ខណៈដែលមាន​ការ​បារម្ភ​ថ្មី​ពី​ការ​រំលោភ​​សិទ្ធិ​លើ​ជន​ជាតិ​ដើម​ភាគ​តិច​ត្រូវ​បានកត់​សំគាល់​។

ក្នុ​ង​ជំនួបមួយនៅសប្តាហ៍នេះ តំណាង​ពិសេស​​របស់​អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុសុ្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បាន​ប្រាប់​ប្រធាន​គណៈកម្មា​ធិការ​​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក កែវ រ៉េមី ឲ្យ​រៀប​ចំ​ឯកសារ​ឆ្លើយ​តប​ទៅ​នឹងអនុសាសន៍​របស់អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​សិទ្ធិ​មនុស្សឲ្យ​ទាន់​ពេល​វេលា និង​សុំ​បញ្ជាក់​ពី​ការ​ស្ថានភាពសិទ្ធិ​របស់​ជន​ជាតិ​ដើមភាគ​តិចដែល​រង​គ្រោះ​ពី​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនីសេសាន​ក្រោម​ពីរ​ផង​ដែរ។

ជាការឆ្លើយតប ​លោក កែវ រ៉េមី បាន​បញ្ជាក់​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ និង​ក្រសួង​ការបរទេសកម្ពុជា​កំពុងតែ​ពិនិត្យទៅ​លើ​ឯកសារពាក់ព័ន្ធ​ដើម្បី​ដាក់​ទៅ​អង្គ​ការ​​​សហ​ប្រជា​ជាតិ​ឲ្យ​ទាន់ពេល​វេលា​​​។

លោក​ថា៖ «អ្វី​ដែលសំខាន់​ទាក់​ទងនឹង​ជន​ជាតិ​ដើម​ភាគ​តិ​ច​ទាក់​ទង​នឹង​ទំនប់​វារី​អគ្គីសនី​សេសាន​ក្រោមពីរ។ នេះ​ចាំរឿង​មួយ​ដែ​ល​ចាំ​បាច់ ដែល​ក្រសួង​ការបរទេស​បាន​បញ្ជូន​លិខិត​ទៅ​ភាគី​ពាក់​ព័ន្ធ ដើម្បី​រៀប​ចំ​ជា​ការ​ឆ្លើយ​តប​ជា​លាយលក្ខណ៍​អក្សរ​តែ​ម្តង។ កាល​ណា​និយាយ​មាត់​ទទេ​វា​ពិបាក ក៏​ប៉ុន្តែការ​​រៀប​ចំឯក​សារ​ជាលាយ​លក្ខណ៍​អក្សរគាត់​មាន​នៅ​នឹង​ដៃ គាត់​មាន​ភស្ភុតា​ង​ដែល​គាត់​លើក​មក​ការ​ពារ​យើង​គាត់​មាន​នៅ​ហ្នឹង​ដៃ​ ក៏​ប៉ុន្តែ​យើង​បាន​ធ្វើ​»។

គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​កិច្ចប្រជុំ​លើក​ទី​ ៣២ របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ប្រទេសចំនួន៣៦ មានសហរដ្ឋអាមេរិក អាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២​៨​ជាសមាជិកនៃសហភាព​អឺរ៉ុប​បានបង្ហាញ​ជំហរ​រួម​គ្នាថា​ស្ថាន​ការណ៍​នយោ​បាយនៅកម្ពុជា​បានគំរាមកំហែងសកម្មភាពស្រប​ច្បាប់របស់​គណបក្ស​ប្រឆាំង​​និងអង្គការ​មិនមែន​រដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។

ជាងនេះទៅទៀតប្រទេសទាំង៣៦នោះបានជំរុញរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាជំរុញដំណើការបោះឆ្នោតឲ្យប្រព្រឹត្តិទៅដោយសេរីនិងយុត្តិធម៌ ធានាភាពស្រប​ច្បាប់ដល់​រដ្ឋាភិបាល​កើត​ក្រោយ​ការ​បោះឆ្នោត​ ធានាចំពោះមុខពលរដ្ឋរបស់ខ្លួននិងសហគមន៍អន្តរជាតិ។

អ្នកតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ​លោក នៃ សំអុល បានស្នើសុំឲ្យមានការចរចាគ្នាដោយចំហនិងការគោរពគ្នាទៅវិញទៅមក។ លោកថា​កម្ពុជា​ទទួលយក​គ្រប់ការ​ផ្ដល់ជំនួយនិងយោបល់ទាំងឡាយ ប៉ុន្តែកម្ពុជាមិនស្វាគមន៍ការជ្រៀតជ្រែក​ក្នុងកិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ឡើយ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required