អាមេរិក បារាំង និង​អង់គ្លេស​ជំរុញ​ឲ្យ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េ​ខាង​ជើង

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បានជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យដាក់ទណ្ឌកម្មថ្មី ទៅលើកូរ៉េខាងជើង ជុំវិញការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរដ៏ធំបំផុត និងលើកទី ៥ របស់ប្រទេសនេះ ខណៈដែលក្រុមប្រឹក្សាមួយនេះ បានថ្កោលទោសចំពោះសកម្មភាពរបស់ក្រុងព្យុងយ៉ាង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាម Reuters កូរ៉េខាងជើង បានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ កាលពីថ្ងៃម្សិលមិញ ហើយនិយាយថា ខ្លួនមានសមត្ថភាពបំពាក់គ្រាប់បែកនុយក្លេអ៊ែរ នៅលើមីស៊ីលបាលីស្ទីក ជាការបង្កការគំរាមកំហែងមួយ ដែលគូប្រជែងរបស់ក្រុងព្យុងយ៉ាង និងអង្គការសហប្រជាជាតិ មិនអាចទប់ស្កាត់បាន។

Reuters បានដកស្រង់សម្ដីអគ្គរដ្ឋទូតអាមេរិក អ្នកស្រី Samantha Power ដែលបានប្រាប់អ្នកយកព័ត៌មាននៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ចុះផ្សាយថា កូរ៉េខាងជើងកំពុងព្យាយាមសម្អិតសម្អាងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងយានបញ្ជូនអាវុធទាំងនោះ ដូច្នេះ ក្រុងព្យុងយ៉ាងអាចចាប់តំបន់ និងពិភពលោកធ្វើជាចំណាប់ខ្មាំង ក្រោមការគំរាមវាយប្រហារនុយក្លេអ៊ែរ។

អ្នកស្រី Power ថ្លែងថា៖ “យើងនឹងចាត់វិធានការសំខាន់បន្ថែមទៀត ក្នុងនោះមានការដាក់ទណ្ឌកម្មថ្មីៗ ដើម្បីបង្ហាញទៅកូរ៉េខាងជើងថា មានផលវិបាកចំពោះសកម្មភាពខុសច្បាប់ និងប្រកបដោយគ្រោះថ្នាក់របស់គេ”។

រដ្ឋាភិបាលចិនពុំបានបញ្ជាក់ពីការដាក់ទណ្ឌកម្មបន្ថែមឡើយ ប៉ុន្តែ បានថ្កោលទោសចំពោះការសាកល្បងនោះ។

លោក លីវ ជាយី ប្រាប់អ្នកយកព័ត៌មានថា៖ “យើងប្រឆាំងទៅនឹងការសាកល្បងនោះ ហើយយើងជឿថា វាកាន់តែប្រញាប់ប្រញាល់ជាងពេលណាទាំងអស់ ធ្វើការរួមគ្នាដើម្បីសម្រេចរំលាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង”។

ក្រុងប៉េកាំង បាននិយាយថា ការសម្រេចចិត្តដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល បានត្រឹមធ្វើឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែតានតឹងថែមទៀត។

អ្នកស្រី Power បានច្រានចោលការលើកឡើងបែបនោះ ការសម្រេចចិត្តនោះ បានជំរុញឲ្យក្រុងព្យុងយ៉ាងធ្វើសកម្មភាពគឃ្លើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ