បេក្ខជន​ជិត​​ ៦៤​ភាគរយ​ប្រឡង​ជាប់​បាក់ឌុប ខណៈ​ចំនួនអ្នកជាប់​និទ្ទេស A កើនជាង​៤ភាគរយ

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 1:05 PM | ការអប់រំ | 0 | 4783 បេក្ខជនប្រលងបាក់ឌុបកំពុងមើលឈ្មោះនាពេលកន្លង (រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)

ក្រសួង​អប់រំ បាន​ប្រកាស​ថា បេក្ខជន​ជិត ៦៤​ភាគរយ បាន​ប្រឡង​ជាប់​បាក់ឌុប​នៅ​ក្នុង​ឆ្នាំ​នេះ ខណៈ​ដែល​បេក្ខជន​ប្រឡង​ជាប់​បាន​និទ្ទេស A បាន​កើន​ឡើង​លើស​ពី​ឆ្នាំ​មុន​តែ​ជាង ៤​ភាគរយ​ប៉ុណ្ណោះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យដឹង​ថា បេក្ខជន​ប្រឡង​ជាប់​បាក់ឌុប​ក្នុង​ឆ្នាំ​នេះ មាន​ចំនួន​ ៦៣ ៦៦៨​នាក់ ឬ​ស្មើ​នឹង ៦៣.៨៤​ភាគរយ ក្នុង​ចំណោម​បេក្ខជន​ដែលបាន​ចូល​រួម​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​សរុប​ជិត ១០​ម៉ឺន​នាក់។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​បេក្ខជន​ប្រឡង​ជាប់​បាក់ឌុប បេក្ខជន​ដល់​ទៅ ៤២៤​នាក់ នៅ​ទូទាំង​ប្រទេស ទទួល​បាន​និទ្ទេស A ដោយ​បាន​កើន​​ពី​ចំនួន ៤០៥​នាក់កាល​ពី​សម័យ​ប្រឡង​កាល​ពី​ឆ្នាំ​មុន។

ក្រៅ​ពី​​និទ្ទេស A ក្រសួង​បាន​ឲ្យ​ដឹង​បន្ថែម​ថា បេក្ខជន​​ទទួល​បាន​និទ្ទេស B មាន​ចំនួន ២៤៦៤​នាក់ និទ្ទេស C មាន​ចំនួន ៥០០០​នាក់ និទ្ទេស D មាន​ចំនួន ៩១២៣​នាក់ និង​និទ្ទេស E មាន​ចំនួន ៤៦៦៥៧​នាក់។

ក្រសួងអប់រំបន្ថែមថា សម្រាប់ថ្នាក់​វិទ្យា​សាស្ត្រ​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ៣៤ ២៣៤នាក់ ត្រូវ​ជា​ ៥៣.៤០% ហើយ​ថ្នាក់​វិទ្យា​សាស្ត្រ​​សង្គម​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ២៩ ៤៣៤នាក់​ ត្រូវ​ជា​៨២.៦២%។

លទ្ធផលប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិនេះ នឹងត្រូវជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញា សម្រាប់​រាជ​ធានី​​ភ្នំពេញ និងខេត្តកណ្ដាល ចំណែកឯខេត្តផ្សេងៗទៀត នឹងត្រូវប្រកាសនៅថ្ងៃទី​១១ ខែកញ្ញាស្អែក​នេះ។

លោក ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ធ្លាប់លើកឡើងថា ដំណើរការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ មាន​ភាពកាន់តែប្រសើរឡើង ដោយ​ថា ដំណើរ​ការប្រឡង មានស្តង់ដារ​ដូចឆ្នាំមុនៗ និងមាន​ការសហការ​ឃ្លាំមើល​ពី​ស្ថាប័នដៃគូមួយចំនួនទៀត៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required