សមាជិក​សភា​បក្ស​ប្រឆាំង​ធ្វើ​ពហិការមិនចូលប្រជុំសភា​ ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា

លោក សុន ឆ័យ កាលពីពេលកន្លងទៅ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា សមាជិក​សភា​បក្ស​នេះ នឹង​ធ្វើ​ពហិការ​​​កិច្ច​​ប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ជុំ​វិញ​ការសម្រេចលើករណី​លោក កឹម សុខា ទេនៅថ្ងៃច័ន្ទស្អែក​នេះ ដោយថា កិច្ច​ប្រជុំ​នោះ​រំលោភ​រដ្ឋធម្មនុញ្ញ។

ក្នុង​សន្និសីទ​កាសែតកាលពី​ថ្ងៃ​ទី៧ ខែកញ្ញា អ្នកនាំពាក្យ​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជនកម្ពុជា​ ​លោក ឈាង វុន បានថ្លែង​ថា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​បន្ទាន់មួយ​​នៅ​ថ្ងៃ​ទី១១ ខែកញ្ញា​​ លើ​ការ​បន្ត​ឲ្យ​តុលាការ​​​​​ចាត់​ការតាម​នីតិវិធី​​ ឬក៏​ផ្អាកនិតិវិធី​​​ ពាក់ព័ន្ធនឹងរបាយការណ៍​ពី​ក្រសួង​យុត្តិធម៌​​ ជុំ​វិញចោទ​​​ថា មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ក្បត់ជាតិ។

តំណាងរាស្រ្តគណបក្សប្រឆាំង លោក សុន ឆ័យ បានឲ្យដឹងថា សមាជិកសភា​គណបក្សសង្គ្រោះជាតិ​បានសម្រេច​មិន​​ចូលប្រជុំសភានៅថ្ងៃស្អែកទេ។ ​លោកបន្ថែមថា បើសមាជិកសភាគណបក្សប្រឆាំងចូលរួមប្រជុំ​ ហាក់ដូចជាគាំ​ទ្រ​​ឲ្យ​គណបក្សកាន់អំណាចសម្រេច​ក្នុងការបំពានលើអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រគណបក្សប្រឆាំង លោក កឹម សុខា។

លោក សុន ឆ័យ អះ​អាង​ថា ការអនុម័តក្នុងអង្គប្រជុំនោះ នឹងខុសច្បាប់ និង​រំលោភ​រដ្ឋ​ធម្មនុញ្ញមាត្រា ៨០ ដោយ​លោក​ថា គណបក្សកាន់អំណាចមិនមានសំលេងគាំទ្រពីរភាគបី ក្នុងការសម្រេចព្យូរអភ័យឯកសិទ្ធិ ឬមានសំលេង​ ៣​ ភាគ៤ នៃ​សមាជិក​​រដ្ឋសភា ក្នុងការគាំទ្រឲ្យតុលាការចាត់ការ​លើករណីលោក កឹម សុខា នោះ​ទេ។

ទាក់ទងនឹងការដកអភ័យឯកសិទ្ធិនេះ អ្នកនាំពាក្យ​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជនកម្ពុជា​ ​លោក ឈាង វុន អះ​អាង​ថា លោក កឹម សុខា ប្រព្រឹត្តបទល្មើសជាក់ស្តែង មិនបាច់ដកអភ័យឯកសិទ្ធិនោះទេ ដោយលោកថា យោងតាម​មាត្រា ​១២ នៃ​​លក្ខន្តិកៈ​តំណាង​​រាស្ត្រ និងមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញ​។

លោក កឹម សុខា ត្រូវបានចាប់ខ្លួន​ទាំងកណ្តាលយប់ដោយ​គ្មានដីកាកាលពីយប់ថ្ងៃទី០២ ចូលដល់​ថ្ងៃទី០៣​ ខែ​កញ្ញា​នេះ។

តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗរួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​សម្តែងការព្រួយបារម្ភជា​ខ្លាំង ជុំវិញ​ការចាប់​ខ្លួន​មេបក្សរូបនោះ​ ហើយពួកគេ​ជំរុញឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការគំរា​មកំហែង​លើ​គណ​បក្សប្រឆាំង។ ប៉ុន្តែ ប្រទេស កុំមុយនីស្ត​ចិន​បាន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាលកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ