ចៅអធិការវត្តចាស់មិនផ្តល់ទីតាំងឲ្យធ្វើបុណ្យខួប១០០ថ្ងៃលោក កែម ឡី

ពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ដែលបានប្រារព្ធឡើងនៅវត្តចាស់កាលពីពេលកន្លងទៅ

គណៈកម្មាធិការវត្តពោធិយ៉ារ៉ាមហៅថា វត្តចាស់ បានផ្លាស់ប្តូរផែនការដោយមិនអនុញ្ញាតឲ្យគ្រួសារនិងគណៈកម្មការបុណ្យសពធ្វើបុណ្យគម្រប់ខួប១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី នៅពាក់កណ្តាលខែតុលានេះទេ។

ក្នុងលិខិតរបស់ចៅអធិការគណៈកម្មាធិការវត្តពោធិយ៉ារ៉ាមចុះថ្ងៃទី១០ ខែតុលានេះ ឆ្លើយតបទៅនឹងរដ្ឋ  បាលសាលារាជធានីភ្នំពេញដោយពុំអនុញ្ញាតឲ្យក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី យកទីតំាងវត្តចាស់ ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វាររាជធានីភ្នំពេញ សម្រាប់ធ្វើបុណ្យគម្រប់ខួប១០០ថ្ងៃ នោះឡើយ។

លិខិតរបស់គណៈកម្មាធិការវត្តពោធិយ៉ារ៉ាមដដែលបានបញ្ជាក់ថា បើករណីគណៈកម្មាធិការរៀបចំពិធីបុណ្យគម្រប់១០០ថ្ងៃ សព លោកបណ្ឌិត កែម ឡី ឬបុគ្គលនិងក្រុមណាមួយនៅតែធ្វើ ចៅអធិការវត្តនេះមិនទទួលខុសត្រូវនោះទេ និងស្នើឲ្យអាជ្ញាធរចាត់វិធានការរដ្ឋបាល។

កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងមក គណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី ក៏បានស្នើសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ដើម្បីរៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃផងដែរ ប៉ុន្តែក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញបដិសេធ។ ករណីនេះ អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី បានបង្ហាញការខកចិត្តចំពោះអាជ្ញាធររាជធានីភ្នំពេញ។

តាមគម្រោងពិធីបុណ្យគម្រប់ខួប១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី នេះនឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលានេះ នៅរាជធានីភ្នំពេញ និងនៅស្រុកត្រាំកក់ ខេត្តតាកែវ។

គួរបញ្ជាក់ថា លោក កែម ឡី ដែលជាអ្នកសិក្សាស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពនោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាកន្លងមកនៅក្នុងម៉ាតមួយកន្លែង ម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ